ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករប៉ូវេតគីន​បំ​បាក់​​ឆាហ្គាអេវគ្រង​​ខ្សែ​ក្រវាត់​​ទម្ងន់​ធ្ងន់​​ពិភពលោក

13 ឆ្នាំ មុន

ស្តេចតោ​សម្បុរសអាឡិច សាន់​ឌ័រ ប៉ូ​វេតគីន​បាន​យក​ឈ្នះ​អតីត​ម្ចាស់​ជើង​ឯក​ក្នុង​ប្រភេទ​ទម្ងន់​​ធ្ងន់​ពិភព​លោក​ស្ថាប័ន​ WBA រូ​ស្ល៊ែន ឆា​ហ្គា​អេវដោយ​ពិន្ទុ​ជា​ឯក​ច្ឆន្ទក្នុងការ​ប្រកួត​កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍​​ទី​២៧​សី​ហា​នៅ​សង្វៀន​ Messehalle​ ក្រុង ​Erfurt ប្រទេស​អាល្លឺម៉ង់ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ស្ថាប័ន​ WBA ដែល​នៅ​ទំ​នេរ។

ស្តេចតោ​សម្បុរសអាឡិច សាន់​ឌ័រ ប៉ូ​វេតគីន​បាន​យក​ឈ្នះ​អតីត​ម្ចាស់​ជើង​ឯក​ក្នុង​ប្រភេទ​ទម្ងន់​​ធ្ងន់​ពិភព​លោក​ស្ថាប័ន​ WBA រូ​ស្ល៊ែន ឆា​ហ្គា​អេវដោយ​ពិន្ទុ​ជា​ឯក​ច្ឆន្ទក្នុងការ​ប្រកួត​កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍​​ទី​២៧​សី​ហា​នៅ​សង្វៀន​ Messehalle​ ក្រុង ​Erfurt ប្រទេស​អាល្លឺម៉ង់ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ស្ថាប័ន​ WBA ដែល​នៅ​ទំ​នេរ។

ខ្សែ​ក្រវាត់​នេះ​ដើម​ឡើយ​ជា​របស់​កីឡាករ​វ្ល៉ាឌីមៀ ឃ្លីតស្កូ​បន្ទាប់​ពី​គេ​វាយ​បាន​ពី​កីឡាករ​អង់​គ្លេសដេវីដ​ ហេ​នៅ​ប្រទេស​អាល្លឺម៉ង់​​កាល​ពី​ខែ​កន្លង​មក​។ ប៉ុន្តែ​ក្រោយ​មក​ត្រូវបាន​ប្រកាស​ដាក់​ឲ្យ​នៅ​ទំ​នេរ​ខណៈ​ដែល​ឃ្លីតស្កូ​ត្រូវ​បាន​លើកតំកើង​ក្នុង​ឋានៈ​កំពូល​ជើង​ឯក​(super champion)។

សម្រាប់​កីឡាករ​ប៉ូ​វេតគីន នេះ​គឺ​ជា​ឱកាស​មាស​លើក​ទី​១ និង​ជា​លើក​ចុង​ក្រោយ​​ក្នុង​ការ​គ្រង​ជើង​ឯក​ទម្ងន់​ធ្ងន់​ពិភពលោក​បន្ទាប់​ពី​​ស្ថិត​នៅ​ក្នុង​ភាព​ទំនេរ​គ្មាន​ខ្សែ​ក្រវាត់​អស់​៧ឆ្នាំ​រួច​មក​។ ​ការ​ប្រកួត​លើក​នេះ ប៉ូ​វេតគីន​​​ទទួល​ការ​បង្ហាត់​ពី​អ្នក​វិភាគ​កីឡាប្រដាល់​ប្រ​ចាំ​ទូរទស្សន៍ ESPN​ លោក​ថេតឌី អែត​ឡាស​នៅ​ប្រទេស​រុស្ស៊ី​។ កាល​ពី​ឆ្នាំ​២០០៨​ ការ​ប្រកួត​របស់​កីឡាករ​ប៉ូ​វេតគីន​ហាក់​ដូចជា​ធម្មតា​ តែ​គេ​នៅ​តែ​អាច​យក​ឈ្នះ​កីឡា​ករ​គ្រីស បឺដនិង​អេដឌី ឈែម​ប៊័រ​ដោយ​ពិន្ទុ។ បន្ទាប់​ពី​​នោះ​មក ប៉ូ​វេតគីន​ដូចជា​ចុះ​ខ្សោយ​កម្លាំង​។ ល្បឿន​នៃ​ការ​វាយ​ចេញ​របស់​គេ​យឺតៗ​និង​មិន​មុតស្រួច​ដូចជា​លើក​មុន​ឡើយ​។

​លទ្ធផល​នៃ​ការ​ប្រកួត​លើក​នេះ​ ចៅ​ក្រម​ទាំង​៣រូប​ឲ្យ​ពិន្ទុ​ ១១៦-១១២  ១១៧-១១៣ និង​១១៧-១១៣ ។ ថ្លែង​បន្ទាប់​ពី​ទទួល​បាន​ជ័យ​ជម្នះ​​ប៉ូ​វេតគីន​បាន​បញ្ជាក់​ថា​៖ «នេះ​ជា​ការ​ប្រកួត​យ៉ាង​ស្វិត​ស្វាញ​មួយ​។ វា​ពិត​ជា​ពិ​បាក​ក្នុង​​ការ​វាយ​ត្រូវ​មុខ​គេ​។ គេ​ជា​កីឡាករ​ម្នាក់​ដែល​ពិ​បាក​នឹង​​យក​ឈ្នះ​ ហើយ​ពូកែ​អត់​ធ្មត់​បំ​ផុត​»។

ចំណែក​កីឡាករ​ឆាហ្គា​អេវ​វិញ​ ការ​ប្រកួត​លើក​នេះ​ក៏​សំ​ខាន់​ណាស់​ដែរ​សម្រាប់​រូប​គេ​ តែ​វា​ក៏​ជា​​​គ្រោះ​ថ្នាក់​មួយ​ផង​​ដែរ ។ ចាប់​តាំង​ពី​បាន​ចាញ់​វ្ល៉ាឌីមៀ ឃ្លីត​ស្កូ​មក ការ​ប្រកួត​របស់គេ​ហាក់​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ទេ ជាក់​ស្តែង​កាល​ពី​ប្រកួត​ជា​មួយ​កីឡាករ​កា​លី មី​ហាន់​និង​ត្រា​វីស វ៉កឃ័រ​ការ​វាយ​ចេញ​របស់​គេ​មិន​ជា​ល្អ​ប៉ុន្មាន​​ទេ​។ ថ្វី​ដ្បិត​តែ​ការ​ប្រកួត​លើក​នេះ​​ ​គេ​អាច​ធ្វើ​ឲ្យ​កីឡាករ​ប៉ូ​វេតគីន​ជួប​នឹង​បញ្ហា​ខ្លះៗ​ក៏​ដោយ ​តែ​ទី​បំ​ផុត​នៅ​តែ​បរាជ័យ​ដដែល​​ ។ កីឡាកររូបនេះ​បាន​និយាយ​ថា​៖«ខ្ញុំ​ពិត​ជា​មាន​ការ​សោក​ស្តាយ​។ ចាត់​ទុក​ថា​នេះ​មិន​មែន​ជា​ថ្ងៃ​ហេង​របស់​ខ្ញុំ​។ ប៉ូ​វេតគីន​ជា​កីឡាករ​ល្អ​ម្នាក់​ ។ ពេល​នេះ​គេ​បាន​ក្លាយ​ជា​ជើង​ឯក​ពិភពលោក​ពិត​ប្រាកដ​ហើយ» ។

ឆាហ្គា​អេវ​ដែល​មាន​វ័យ​៣២ឆ្នាំ​ហើយ​នោះ​ធ្លាប់​ប្រកួត​ចំនួន​៣០​​លើក​ឈ្នះ​២៧​ ចាញ់​២ ស្មើ​១ និង​ធ្លាប់​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន​១៧លើក​ ។ ​ចំណែក​កីឡាករ​ប៉ូ​វេតគីន​ធ្លា​ប់​ប្រកួត​​ចំនួន​២២​លើក ​មិន​ដែល​ចាញ់​ និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន​១៥លើក ​៕