ខេត្តកំពង់ធំ ៖ ដោយបានការអនុញ្ញាតពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងលោកជំទាវព្រមទាំងថ្នាក់ដឹកនាំក្រសួងទេស ចរណ៍ និងមានការចូលរួមពីប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុកបារាយណ៍ អភិបាលរងស្រុក ប្រធានភូមិ ប្រធានឃុំ និងក្រុមការងារគណៈពង្រឹងគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៧ សីហា បានអញ្ជើញធ្វើពិធីក្រុងពាលី និងបញ្ចុះបឋមសិលាកសាងវត្តនៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលជាសមិទ្ធផលផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ឱ្យកាលពីថ្ងៃទី១៩ មិថុនាឆ្នាំ២០១១កន្លងមក។
ក្នុងពិធីបញ្ចុះបឋមសិលានេះមានប្រជាពលរដ្ឋចូលរួមរាប់រយនាក់ហើយលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈ ពង្រឹងគណបក្សប្រជាជនកម្ពុជាស្រុកបារាយណ៍បានពាំនាំការសួរសុខទុក្ខ និងជូនពរ ពីសម្តេចតេជោដល់ការចាប់ផ្តើមសាងសង់ព្រះវិហារឱ្យទទួលបានជោគជ័យ និងសេចក្តីសុខចម្រើនគ្រប់ប្រការ ហើយក៏បានជូនពរដល់អ្នកភូមិគោកត្របែកឱ្យរកទទួលទានមានបាន សំបូរសប្បាយ ត្រជាក់ត្រជំជារៀងរហូតទៅ ។
ស្របពេលជិតបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ខិតជិតមកដល់ លោកថោង ខុន ក៏បានផ្តាំផ្ញើទៅដល់ប្រជាពលរដ្ឋថា ចាប់ពីថ្ងៃទី១ ដល់ទី១៥ ខែតុលាខាងមុខនេះ យើងចាប់ផ្តើមចុះ ឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ដែលចាប់ផ្តើមនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ ។ចំពោះប្រជាពលរដ្ឋនៅក្នុងភូមិគោកត្របែកមិនលំបាកជិះទូកទៅចុះឈ្មោះឬបោះឆ្នោតនៅការិយាល័យឃុំស្រឡៅនោះទេ គឺបញ្ជីឈ្មោះនិងការិយាល័យបោះឆ្នោតស្ថិតនៅភូមិគោកត្របែកនេះតែម្តង ។
លោកបន្តទៀតថា បើប្រជាពលរដ្ឋស្រឡាញ់គណបក្សប្រជាជនស្រឡាញ់សម្តេចតេជោហ៊ុន សែន ត្រូវមានឈ្មោះបោះឆ្នោត និងទៅបោះឆ្នោតឱ្យគណបក្សប្រជាជន ។ ព្រះវិហារដែលត្រូវកសាងខាងលើមានទំហំបណ្តោយ២២ម៉ែត្រ ទទឹង១៣,៤ម៉ែត្រ កម្ពស់១៧,២០ម៉ែត្រ ជាអំណោយផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងលោកជំទាវកត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ៕
ចែករំលែកព័តមាននេះ