ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ២នាក់ដែលប្រព្រឹត្តអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកាលពីព្រឹកថ្ងៃទី២៥ សីហា ឆ្នាំ២០១១ ។
លោកវរសេនីយ៍ទោ ជូ ផារិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា ជនសង្ស័យ២នាក់ដែលបានប្រព្រឹត្តអំពើហិង្សា ដោយធ្វើសកម្មភាពយកដាវសាម៉ូរ៉ៃកាប់ទៅលើជនរងគ្រោះឈ្មោះហួត សុខផេង ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង១រសៀលថ្ងៃទី២២ សីហា ឆ្នាំ២០១១កន្លងទៅ នៅចំណុចភូមិ-សង្កាត់ខាងលើ ត្រូវបានកម្លាំងសន្តិសុខកាស៊ីណូហ្គោដិនក្រោនចាប់ឃាត់ខ្លួនប្រគល់ឱ្យកម្លាំងនគរបាលក្រុងប៉ោយប៉ែត ។ ជនជាប់ចោទទាំង២នាក់ខាងលើម្នាក់ឈ្មោះឃឹម ដែន ភេទប្រុស អាយុ២០ឆ្នាំ និងម្នាក់ទៀតឈ្មោះនួន ចំណាប់ ភេទប្រុស អាយុ២០ឆ្នាំ ពួកគេទាំង២នាក់រស់នៅភូមិក្បាលស្ពាន១ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
តាមសំដីលោកវរសេនីយ៍ត្រី អ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់បន្ថែមថា ជនសង្ស័យទាំង២នាក់បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះហួត សុខផេង បម្រើការងារនៅក្រុមហ៊ុនទឹកស្អាតអានកូ បណ្តាលឱ្យរងរបួសដៃឆ្វេងរួចរត់គេចខ្លួនបាត់ ។ លុះនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២២ សីហា ដដែល ពួកគេបាននាំគ្នាធ្វើសកម្មភាពម្តងទៀតទៅលើអ្នកផ្សេង តែពុំបានសម្រេចទេ ដោយកម្លាំងសន្តិសុខកាស៊ីណូហ្គោដិនក្រោនទប់ស្កាត់ចាប់ឃាត់ខ្លួនប្រគល់ឱ្យកម្លាំងសមត្ថកិច្ចនគរបាលក្រុងទាន់ពេលវេលា ។
លោកវរសេនីយ៍ទោ ជូ ផារិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៥ សីហា ឆ្នាំ២០១១ កម្លាំងជំនាញរបស់លោកបានបញ្ជូនជនសង្ស័យ និងវត្ថុតាងដាវសាម៉ូរ៉ៃទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ហើយដែរ ៕
ចែករំលែកព័តមាននេះ