រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ដោយសារតែខឹងប្តីដើរលេងផឹកស៊ីច្រើនពេក និយាយមិនស្តាប់ក៏សម្រេចចិត្តផឹកថ្នាំកណ្តុរប៉ុនប៉ងសម្លាប់ខ្លួន ចោលកូន២នាក់ និងប្តី កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២៧ សីហា នៅលើផ្ទះរបស់ខ្លួនក្នុងភូមិកប់គង សង្កាត់ចោមចៅ ខណ្ឌដង្កោ ។
តាមការឱ្យដឹងពីស្ត្រីដែលប៉ុនប៉ងសម្លាប់ខ្លួន តែគ្រូពេទ្យជួយទាន់ពេលវេលានេះថា នាងឈ្មោះប្រាក់ សេង អាយុ២៨ឆ្នាំ មានកូនស្រី២នាក់ កូនបងអាយុ៥ឆ្នាំ និងកូនប្អូនអាយុ១ឆ្នាំ មានប្តីឈ្មោះ ជួន អាយុ៣៤ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ ហើយបានជានាងដាច់ចិត្តលេបថ្នាំកណ្តុរបម្រុងសម្លាប់ខ្លួនេះ ដោយសារតែនាងខឹងប្តីចេះតែដើរលេងផឹកស៊ីខ្លាំងពេក និងនាងនិយាយលែងស្តាប់ ។
ចំណែកប្រភពព័ត៌មានពីប្តីនារីរងគ្រោះ ឈ្មោះជួន ជាកម្មកររោងចក្រ បានឱ្យដឹងថា នៅថ្ងៃកើតហេតុនេះ ជាថ្ងៃសៅរ៍ ចុងសប្តាហ៍ នៅកន្លែងធ្វើការមានការប្រជុំ។ បន្ទាប់ពីប្រជុំចប់ចេញពីធ្វើការក៏យកលុយទៅសងថ្លៃជំពាក់ស្រាបៀរគេនៅជិតផ្ទះនោះដែរ លុះពេលទៅដល់សងប្រាក់គេ ស្រាប់តែជួបមិត្តភក្តិកំពុងអង្គុយផឹកនៅទីនោះ ហៅឱ្យផឹកជាមួយ ហើយក៏ទូរស័ព្ទប្រាប់ប្រពន្ធថា រវល់ផឹកជាមួយគេនៅជិតផ្ទះនេះ ប៉ុន្តែប្រពន្ធមិនជឿ ។ ពេលនិយាយទូរស័ព្ទនោះក៏មានការឈ្លោះប្រកែកគ្នាបន្តិចបន្តួចដែរ ហើយស្តាប់ទៅទំនងជាប្រពន្ធនិយាយមិនសូវស្រួល ផឹកបានបន្តិចប្រហែលជាម៉ោងជិត៩យប់ក៏ប្រញាប់ត្រឡប់ទៅផ្ទះវិញ ឃើញប្រពន្ធលេបថ្នាំសម្លាប់ខ្លួនតែម្តង។
ប្រភពព័ត៌មានបន្ដទៀតថា ពេលទៅដល់ផ្ទះវិញ មុនដំបូងឃើញប្រពន្ធបិទទ្វារ រូបគេក៏មិនហ៊ានហៅដែរ សុខចិត្តដេកនៅរានហាលមុខលើផ្ទះ ស្រាប់តែឮប្រពន្ធនិយាយផ្ដាំផ្ញើប្រាប់កូនស្រីបងអាយុ៥ឆ្នាំថា បើម្ដាយយ៉ាងម៉េចទៅមើលថែប្អូនផង។ ស្ដាប់ឮដូច្នេះ នឹកថាមិនស្រួលក៏ធាក់ទ្វារទម្លាយចូលទៅឃើញប្រពន្ធកំពុងផឹកថ្នាំកណ្ដុរ ក៏យកដៃខ្វេះចេញពីក្នុងមាត់បានខ្លះ និងរត់ទៅយកទឹកឃ្មុំកន្លះលីត្រទៅបញ្ច្រកប្រពន្ធឱ្យផឹក រួចយកប្រពន្ធទៅគ្លីនិកចោមចៅ ប៉ុន្ដែគ្លីនិកបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈវិញ ។
មកដល់មន្ទីរពេទ្យគ្រូពេទ្យបានលាងក្រពះជួយសង្គ្រោះទាន់ពេលវេលា ហើយបានធ្វើការផ្ដាំផ្ញើដាច់ខាតថា ពេលថ្មីៗនេះមិនត្រូវឱ្យកូនតូចបៅដោះម្ដាយទេខ្លាចនៅមានជាតិពុលក្នុងខ្លួននាំឱ្យប៉ះពាល់ដល់កូន៕
ចែករំលែកព័តមាននេះ