រាជធានីភ្នំពេញ ៖ យុវជនមួយក្រុមមានគ្នា៥នាក់ជិះម៉ូតូ៣គ្រឿង ដេញធាក់ម៉ូតូយុវជនឌុបស្រីម្នាក់ ពីចំណុចស្ថានីយប្រេងឥន្ធនៈតេលា ស្តុបអំបាសាឌ័រ រហូតដល់សួនច្បារក្តាន់ពីរ ក៏ធាក់ម៉ូតូដួល រួចដកកាំភ្លើងបាញ់ចំនួន៥គ្រាប់តែម្តង។ ករណីបាញ់បោះយ៉ាងសេរីនេះកើតឡើងនៅវេលាម៉ោង២និង៥៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ សីហា នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី មុខសួនច្បារក្តាន់ពីរ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។
ប្រភពព័ត៌មានពីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះមានអាយុប្រមាណ២៥ឆ្នាំ បានឱ្យដឹងថា រូបគេមានទីលំនៅខណ្ឌទួលគោក មុនពេលកើតហេតុ បានជិះម៉ូតូម៉ាក XR ស៊េរី២០០៤ ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1AQ-8094 ទៅហូបបបរស នៅមហាវិថីកម្ពុជាក្រោម មុខក្រសួងសុខាភិបាល។ បន្ទាប់មកជិះម៉ូតូដឹកមិត្តស្រីនៅស្ថានីយប្រេងឥន្ធនៈតេលាត្រង់ស្តុបអំបាសាឌ័រ។
ប្រភពព័ត៌មានបន្តទៀតថា បន្ទាប់ពីជិះម៉ូតូចេញពីស្ថានីយប្រេងឥន្ធនៈតេលាមក ស្រាប់តែមានម៉ូតូ៣គ្រឿង ជិះគ្នា៥នាក់ ដេញតាមធាក់ម៉ូតូគេពីក្រោយ រហូតដល់សួនច្បារក្តាន់ពីរ ក៏ធាក់ដួល។ ភ្លាមនោះជនរងគ្រោះឃើញយុវជនម្នាក់ដកកាំភ្លើងពីចង្កេះ ទើបជនរងគ្រោះ និងមិត្តស្រីងើបរត់ បាន៥ម៉ែត្រ ជនដៃដល់បាញ់ចំនួន៤ទៅ៥គ្រាប់ផ្ទួនគ្នា ឮសូរដូចរន្ទះ កក្រើកស្បៃរាត្រីនិងផ្អើលប្រជាពលរដ្ឋដែលកំពុងតែលង់លក់ក្នុងដំណេកមកមើលឃើញសកម្មភាពបាញ់បោះយ៉ាងច្រង៉េងច្រងាង។ ចំណែកជនរងគ្រោះ និងមិត្តស្រីបាននាំគ្នារត់ទាំងប្រទាញប្រទង់គឺរត់ដួលៗ ។ ឃើញដូច្នេះជនដៃដល់ស្មានតែបាញ់ត្រូវហើយ ក៏ស្ទុះទៅលើកម៉ូតូរបស់ជនរងគ្រោះបម្រុងជិះចេញទៅ ប៉ុន្តែម៉ូតូដួលបាក់អំព្រីយ៉ា ជិះទៅមុខមិនកើតក៏ទុកចោលវិញ ហើយឡើងជិះម៉ូតូបក្សពួកគេចេញទៅបាត់។
នៅកន្លែងកើតហេតុ គេរកឃើញសំបកគ្រាប់ចំនួន២ ដែលអាចជាសំបកគ្រាប់កាំភ្លើងច្នៃ ឬគ្រាប់កាំភ្លើងឡុក។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ បានសាកសួរជនរងគ្រោះប្រាប់ថា ជាករណីប្លន់យកម៉ូតូ ហើយសមត្ថកិច្ចឱ្យជនរងគ្រោះដាក់ពាក្យបណ្តឹង តែជនរងគ្រោះមិនព្រម។
ករណីនេះសមត្ថកិច្ចសន្និដ្ឋានថា មិនមែនជាករណីប្លន់ទេ អាចជារឿងគំនុំច្រើនជាង ៕
ចែករំលែកព័តមាននេះ