រាជធានីភ្នំពេញ ៖ លោកម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានប្រចាំការគណបក្សប្រជាជនរាជធានីភ្នំពេញ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានគណៈពង្រឹងមូលដ្ឋានខណ្ឌដូនពេញ បានបើកកិច្ចប្រជុំកាលពីរសៀលថ្ងៃទី២៤ សីហា ឆ្នាំ២០១១ ដោយមានការចូលរួមពីលោកហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ លោកសុខ សម្បត្តិ ប្រធានគណបក្សប្រជាជនខណ្ឌ និងអនុប្រធានគណបក្ស ព្រមទាំងសមាជិក សមាជិកបក្សជាច្រើនរូបទៀត ។
លោកឯក ឃុនឌឿន អនុប្រធានគណបក្សប្រជាជនខណ្ឌដូនពេញបានឡើងអានរបាយការណ៍សកម្មភាព និងលទ្ធផលការងារគណបក្សប្រជាជនខណ្ឌប្រចាំខែ សីហា ក្នុងនោះសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈបង្រ្កាបបទល្មើសព្រហ្មទណ្ឌបាន៨ករណី ឃាត់ខ្លួន៨នាក់ បទល្មើសឧក្រិដ្ឋ បង្រ្កាប បាន៣ករណី ក្នុងនោះ បាញ់ស្លាប់ម្នាក់ ។ គណបក្សប្រជាជនសង្កាត់ និងក្រុមការងារបានបើកវេទិការសាធារណៈស្តីពី «ប្តេជ្ញារួមគ្នាអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព» នៅស្នាក់ការសង្កាត់ទាំង១១ស្នាក់ការភូមិ និងវត្តបទុមវតីបាន១៤លើកប្រជាជនចូលរួមមានចំនួន១.៣៩៤នាក់ ក្នុងនោះស្រ្តី៦៩៣នាក់ ព្រះសង្ឃ១១អង្គ ។
លោកឯក ឃុនឌឿន ក៏បានលើកពីការងារចុះពង្រឹងគណៈមូលដ្ឋានសង្កាត់ទាំង១១ និងអង្គការចាត់តាំងបក្សនៅមូលដ្ឋានសង្កាត់-ភូមិដែលបាននិងកំពុងអនុវត្តយ៉ាងសកម្មលើផែនការដែលបានដាក់ចុះដោយផ្ទាល់ជាមួយសមាជិក និងការចូលរួមផ្តល់កម្លាំងចិត្តពីក្រុមការងារផងនោះ ធ្វើឱ្យកិច្ចការសម្រេចបានលទ្ធផលល្អប្រសើរ ។ ក្នុងនោះការងារភូមិ-ឃុំមានសុវត្ថិភាព គឺបទល្មើសមានការថយចុះ ការងារធ្វើបច្ចុប្បន្នភាពសមាជិកបក្ស ការងារពង្រឹងអង្គការចាត់តាំង និងសមាជិកបក្ស ហើយគ្រប់សង្កាត់មានទីស្នាក់ការគណបក្ស និងមានមន្រ្តីធ្វើការងារបក្ស ។ ការងាររៀបចំប្រកាស និងពង្រឹងគណៈកម្មាធិការនារី យុវជនសកម្មជន បាន និងកំពុងបន្តធ្វើឱ្យកាន់តែប្រសើរនូវកត្តាសាមគ្គីឯកភាពផ្ទៃក្នុងទាំងខាងនយោបាយ សតិអារម្មណ៍ និងការចាត់តាំង ។
លោកម៉ប់ សារិន គណៈអធិបតីនៃអង្គប្រជុំបានមានមតិថា គណៈកម្មាធិការគណបក្សប្រជាជនខណ្ឌ សង្កាត់រួមជាមួយក្រុមការងារត្រូវប្រមូលផ្តុំអនុវត្តការងារ សំខាន់ៗតាមតួនាទីភារកិច្ចរៀងៗខ្លួន និងបន្តកសាងពង្រឹងសមាជិកគណបក្សតាមសន្ទស្សន៍ផែនការកំណត់ ។ ក្នុងនោះត្រូវយកចិត្តទុកដាក់អ្នកមានឈ្មោះបោះឆ្នោតក្នុងជួរយុវជន សិស្ស និស្សិត មន្រ្តីរាជការ កម្មករ និងផ្តល់អត្តសញ្ញាណប័ណ្ណពលរដ្ឋ និងប័ណ្ណសមាជិកគណបក្សជូនសមាជិកបក្ស ។ បន្តផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៣៦ អាណត្តិទី៥នៅតាមសាខាបក្សភូមិ សាខាបក្សតាមវិទ្យាល័យ និងក្រុមបក្សឱ្យបានចប់ត្រឹមថ្ងៃទី៣០ សីហា ឆ្នាំ ២០១១ ៕
ចែករំលែកព័តមាននេះ