រាជធានីភ្នំពេញ ៖ ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ០៨ អ.យ.ឆ របស់លោកឯក ឆេងហួត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ទៅលើបងប្អូនបង្កើតចំនួន៣នាក់ ពេលនេះសមត្ថកិច្ចការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានម្នាក់ នៅសល់២នាក់ទៀតកំពុងគេចខ្លួន។
យុវជនដែលសមត្ថកិច្ចកងរាជអាវុធហត្ថចាប់ខ្លួននេះមានឈ្មោះសំអឿន សម្បត្តិ ហៅបារាំង អាយុ២៣ឆ្នាំ ជាសន្តិសុខឯកជន មានទីលំនៅផ្ទះលេខ១៦០ ក្រុមទី១ ភូមិស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ នៅសល់២នាក់គឺឈ្មោះសំអឿន សំអាត ហៅទូច ភេទប្រុស អាយុ២៧ឆ្នាំ និងឈ្មោះសំអឿន សុវណ្ណ ហៅកូ ភេទប្រុស អាយុ២១ឆ្នាំ ។ យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោកព្រះរាជអាជ្ញារងឯក ឆេងហួត បងប្អូនបង្កើតទាំង៣នាក់ពាក់ព័ន្ធរឿងបង្ករបួសស្នាមដោយចេតនាទៅលើអ្នកដទៃប្រព្រឹត្តនៅភូមិស្វាយប៉ាក ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២៨ មេសា ២០០៨ ។ ដូច្នេះឈ្មោះសំអឿន សម្បត្តិ ហៅបារាំង ក្នុងចំណោមបងប្អូន៣នាក់ មានវាសនា បានទៅដេកក្នុងគុកមុនគេ៕
ចែករំលែកព័តមាននេះ