ខេត្តស្ទឹងត្រែង ៖ រថយន្តកុងតឺន័រដឹកឈើគ្រញូងចំនួន៤គ្រឿង បានកកស្ទះនៅចំណុចសទឹកដីឡាវ ទល់មុខច្រកទ្វារអន្តរជាតិត្រពាំងក្រៀលរបស់កម្ពុជា ខណៈអ្នករត់ការជួបគ្រោះថ្នាក់នៅខេត្តក្រចេះ ដោយសារបើករថយន្តបុកបង្កាន់ដៃស្ពានធ្លាក់ទឹកស្លាប់ក្នុងរថយន្ត។
លោកចៅ មុន្នីរា ប្រធានច្រកទ្វារអន្តរជាតិត្រពាំងក្រៀលព្រំដែនកម្ពុជា-ឡាវ បានឱ្យដឹងថា រថយន្តកុងតឺន័រទាំង៤គ្រឿងនេះដឹកឈើគ្រញូងពីប្រទេសឡាវឆ្លងកាត់កម្ពុជាឆ្ពោះទៅប្រទេសវៀតណាម តែត្រូវកកស្ទះដោយសារតែអ្នករត់ការជាជនជាតិវៀតណាមឈ្មោះយ៉ាង ហ្វូ ជួបគ្រោះថ្នាក់នៅខេត្តក្រចេះស្លាប់ហើយឯកសារនៅក្នុងរថយន្តដែលក្រឡាប់នេះមិនអាចយកជាការបាន ដូច្នេះទាល់តែមានឯកសារបំពេញបែបបទឆ្លងដែនត្រឹមត្រូវទើបអនុញ្ញាតឱ្យទៅបាន។
លោកខាំ ភ័ក្រជន ប្រធានគយ និងរដ្ឋាករប្រចាំច្រកទ្វារអន្តរជាតិត្រពាំងក្រៀលបានឱ្យដឹងថា ការឆ្លងកាត់ច្រកទ្វារអន្តរជាតិត្រពាំងក្រៀលរបស់រថយន្តក្រុមហ៊ុននានាគឺ ទី១-ក្រោមការអនុញ្ញាត និងមានកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងវៀតណាម ២-ម្ចាស់ក្រុមហ៊ុនត្រូវសុំការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម ៣-ត្រូវមានលិខិតអនុញ្ញាតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ។ លោកបានបន្តថា រាល់ការឆ្លងកាត់គឺត្រូវមានការត្រួតពិនិត្យពីសមត្ថកិច្ចគយនិងរដ្ឋាករច្រកទ្វារជាមុន ទើបអាចឆ្លងកាត់បាន។ ចំពោះរថយន្តកុងតឺន័រ៤គ្រឿង ដែលត្រៀមឆ្លងកាត់នេះគឺមានច្បាប់ត្រឹមត្រូវ តែមិនអាចយកជាការបានដោយសារឯកសារនោះបានរលុបត្រាអស់ត្រូវរង់ចាំបំពេញបែបបទជាថ្មី ទើបអាចអនុញ្ញាតឱ្យឆ្លងកាត់បាន។
ទាក់ទងនឹងការធ្វើចរាចរណ៍ឈើប្រណីតពីប្រទេសឡាវឆ្លងកាត់ច្រកទ្វារព្រំដែនដូចគ្នានេះមានភាពរសើបមួយដោយសារមន្ត្រីគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី បានឆែកឆេររកឃើញមានការបង្កប់ឈើគ្រញូងចំនួន១៤៨សន្លឹក ស្មើនឹងជាង៣ម៉ែត្រគូប ដែលបានឆ្លងកាត់ច្រកទ្វារអន្តរជាតិត្រពាំងក្រៀលព្រំដែនកម្ពុជា-ឡាវ បន្តទៅប្រទេសវៀតណាមតាមរយៈរថយន្តទេសចរណ៍របស់វៀតណាម ៕
ចែករំលែកព័តមាននេះ