ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ទាក់ចាប់រថយន្ត​ឡិចស៊ី​ស​ដឹក​ឈើ​គ្រញូង​ដោយ​​បា.ញ់​បំបែក​​កង់​

13 ឆ្នាំ មុន

​ខេត្តកណ្តាល​​​ ៖ ​​រថយន្តម៉ាក​ឡិចស៊ីស RX 300 មួយគ្រឿង ដឹកឈើគ្រញូង​​​ពេញ ដែល​បើកបរ​​តាម​ផ្លូវជាតិលេខ​​៥​ សំដៅ​ចូល​រាជ​ធានីភ្នំពេញ ​ខណៈ​​មក​ដល់​ស្ពាន​​ព្រែកក្តាម ​​​ភូមិ​​ងោក​ ឃុំ​ពញា​ឮ ស្រុក​​​ពញា​ឮ បានត្រូវ​កម្លាំង​​​​អធិ​ការ​ដ្ឋាន​រដ្ឋបាល​ព្រៃឈើ​​​ខាងត្បូង​បឹង​ទន្លេ​ សាប សហការ​ជាមួយ​​សង្កាត់​​រដ្ឋបាលព្រៃ​ឈើ​ស្រុក​អង្គ​

ខេត្តកណ្តាល​​​ ៖ ​​រថយន្តម៉ាក​ឡិចស៊ីស RX 300 មួយគ្រឿង ដឹកឈើគ្រញូង​​​ពេញ ដែល​បើកបរ​​តាម​ផ្លូវជាតិលេខ​​៥​ សំដៅ​ចូល​រាជ​ធានីភ្នំពេញ ​ខណៈ​​មក​ដល់​ស្ពាន​​ព្រែកក្តាម ​​​ភូមិ​​ងោក​ ឃុំ​ពញា​ឮ ស្រុក​​​ពញា​ឮ បានត្រូវ​កម្លាំង​​​​អធិ​ការ​ដ្ឋាន​រដ្ឋបាល​ព្រៃឈើ​​​ខាងត្បូង​បឹង​ទន្លេ​សាប សហការ​ជាមួយ​​សង្កាត់​​រដ្ឋបាលព្រៃ​ឈើ​ស្រុក​អង្គ​ស្នួល​ និង​កម្លាំង​​កង​រាជអាវុធហត្ថ​​លើ​ផ្ទៃ​ប្រទេស ស្ទាក់​​​ចាប់​បានកាលពី​វេលាម៉ោង​​​៨​និង​​​៤៥នាទីព្រឹកថ្ងៃទី​​​២៤ សីហា ។

នៅ​ក្នុង​​​ការ​បង្ក្រាប​រថយន្ត​ដឹក​​ឈើគ្រញូង​នេះ​​ សមត្ថកិច្ច​​បាន​យក​រថយន្ត​បាំងផ្លូវ​​ ​តែ​​រថ​យន្ត​ដឹកឈើ​គ្រញូង​​​មិន​ព្រម​​ឈប់​ ដោយ​ព្យា​យាម​​​បើក​រត់​ និង​បុក​រថយន្តរបស់សមត្ថកិច្ច​​​ ទៀត ទើបសមត្ថកិច្ច​​​សម្រេច​​ប្រើ​អាវុធ​បាញ់​ឡើងលើ និង​បាញ់​បំបែក​កង់​រថយន្ត​ដឹក​ឈើ​គ្រ​ញូង​​ទើប​ចាប់​បាន​។ លោក​ម៉ិញ​ ចាន់ណា នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ ស្រុក​អង្គ​ស្នួល​បាន​ឱ្យ​ដឹង​ថា​ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ សី​ហា ​សមត្ថ​កិច្ច​ជំនាញ​បាន​ទទួល​ព័ត៌​មាន​ថា ​​មាន​រថយន្ត​ម៉ា​ក​ឡិច​ស៊ីស​មួយ​គ្រឿង​ដឹក​ឈើ​គ្រ​ញូង​ពេញ បើក​តាម​ផ្លូវ​ជាតិ​លេខ​៥ សំ​ដៅ​ចូល​មក​រាជ​ធានី​ភ្នំពេញ ទើប​កម្លាំង​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​​ស្រុក​អង្គ​ស្នួល​​​សហ​ការ​ជា​មួយ​កម្លាំង​អធិការ​ដ្ឋាន​​រដ្ឋ​បាល​ព្រៃ​ឈើ​ខាង​​​ត្បូង​បឹង​ទន្លេ​សាប និង​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​​លើ​ផ្ទៃ​ប្រទេស​​ធ្វើ​​ការ​តាម​ដាន​ឃ្លាំ​មើល​រថយន្ត​​តាម​ភិនភាគ​ដែល​រាយ​ការណ៍​​​។

លោក​​ម៉ិញ ចាន់​ណា បន្ត​ថា លុះ​មក​​ដល់​ម៉ោង​ជាង​៨ព្រឹក​ប្រ​ទះ​ឃើញ​រថយន្ត​ឡិច​ស៊ីស​មាន​ភិន​ភាគ​ដូច​​ខាងលើ បើក​តាម​ផ្លូវ​ជាតិ​លេខ​៥​មក​ដល់​ភូមិ​​ងោក ក្នុង​ឃុំពញា​ឮ ​កម្លាំង​ជំនាញ​ក៏​បាន​​​ស្ទាក់​ចាប់​ ប៉ុន្តែ​រថយន្ត​នោះ​មិន​ព្រ​ម​ឈប់​ទេ និង​បាន​បោះ​ពួយ​​បន្ថែម​ល្បឿន​រឹត​តែ​លឿន​ទៀត​។ ​ពេលនោះ​​​សមត្ថ​កិច្ច​​បាន​បើក​រថយន្ត​ដេញ​តាម​​និង​បើក​បាំង​ពី​មុខ ហើយ​រថយន្ត​ឡិច​ស៊ី​ស​​ដឹក​ឈើ​នេះ​បាន​បើក​បុក​រថយន្ត​​របស់​សមត្ថ​កិច្ច​ទៀត​បណ្តាល​ឱ្យ​ក្រ​ពឹត​​ហើយ​ព្យា​យាម​​បើក​រត់​​បន្ត​​រហូត​​ដល់​គល់​ស្ពាន​ព្រែ​ក​ក្តាម​ក៏​បោះ​ពួយ​បម្រុង​ឆ្លង​ស្ពាន​ទៅ​ត្រើយ​ខាង​កើត​។ ដោយ​សមត្ថ​កិច្ច​អស់​ជម្រើស​ក្នុង​ការ​ស្ទាក់​ចាប់​ ក៏​សម្រេច​បាញ់​កាំ​ភ្លើង​ឡើង​លើ​តែ​រថយន្ត​នោះ​​​​នៅតែ​មិន​ព្រម​ឈប់​ទៀត​ក៏​បាញ់​បំ​បែក​កង់​ក្រោយ​​ត្រូវ​ចំមួយ​គ្រាប់​ ទើប​បែក​កង់​ទៅ​មុខ​លែង​រួច​។​ ពេល​នោះ​​អ្នកបើកបរ​​រថយន្ត​​ឡិច​ស៊ីស​​ដឹក​ឈើ​បាន​រត់​គេច​​ខ្លួន​បាត់ បន្សល់​​ទុ​ក​​បុរស​ម្នាក់ និង​រថយន្ត​ ហើយ​កម្លាំង​សមត្ថ​កិច្ច​​បាននាំ​មក​កាន់​ស្នាក់​ការ​របស់​ខ្លួន ​ដើម្បី​ធ្វើ​ការ​សាក​សួរ​។

លោក​​នាយ​សង្កាត់​​បាន​ឱ្យ​ដឹង​​ទៀត​ថា រថ​យន្ត​ឡិចស៊ីស​ RX 300 ដឹកឈើ​​​ដែល​ស្ទាក់​ចាប់​បាន​​នេះ​ ពណ៌ខ្មៅ ​ពាក់ស្លាកលេខ ​ភ្នំពេញ  2P-8812 ។ នៅក្នុង​​រថយន្ត​សមត្ថ​កិច្ច​​​រឹបអូស​បាន​ឈើគ្រញូង​​ចំនួន​​​៨០កំណាត់ ស្មើ​នឹង​​​៨៥៥​គីឡូក្រាម ​និង​ឃាត់ខ្លួន​​បុរសម្នាក់ឈ្មោះ​​​​កែវ សារិទ្ធ ​អាយុ​​​​៤៤​ឆ្នាំ ​មានទីលំនៅ​​ភូមិ​​វត្ត​​ ឃុំស្រែ​ណូយ ស្រុក​​វ៉ា​រិន ​​ខេត្ត​​សៀមរាប ។ ​​​ក្រោយ​ពី​ត្រូវ​ឃាត់​ចាប់​បាន បុរស​ឈ្មោះ​កែវ ​​សារិទ្ធ ​បាន​​​ឆ្លើយ​ថា ​​ឈើ​ និង​រថយន្ត​មិន​មែនជា​របស់​​ខ្លួនទេ គឺ​ជា​​​របស់​​ឈ្មោះ​វ៉េង ​​នៅឃុំ​ស្រែណូយ​​ជាមួយ​គ្នា ​និង​ជាមិត្ត​​ភក្តិ​​ទើប​ស្គាល់​​គ្នា​ពេល​ថ្មី​ៗ​នេះ។ បុរស​ឈ្មោះ​កែវ សារិទ្ធ​ បាន​ឆ្លើយ​​​ទៀត​​ថា ​កាល​​ពី​យប់​​​ថ្ងៃ​ទី​២៣ សីហា ឈ្មោះ​វ៉េង​ ​បាន​បើក​​រថ​យន្ត​ឡិច​ស៊ីស​មក​បបួ​ល​ខ្លួន​ថា ទៅ​​លេង​នៅ​​ភ្នំេពញ​ ពេល​នោះ​ខ្លួន​ក៏​ឡើង​ជិះ​មក​ជា​មួយ​គ្នា លុះ​​មក​ដល់​​ស្រុក​ពញា​ឮ ​ក៏​ត្រូវ​សមត្ថ​កិច្ច​ស្ទាក់​ចាប់​រថយន្ត​នោះ​​​តែ​ម្តង ហើយ​ខ្លួន​ក៏​មិន​ដឹង​ថា រថ​យន្ត​នោះ​ដឹក​ឈើ​ដែរ ពេល​សមត្ថ​កិច្ច​​​ចាប់​បាន​​ទើប​ភ្ញាក់​ខ្លួន​។

លោក​​ម៉ិញ ចាន់​ណា បាន​ឱ្យ​ដឹង​​ទៀត​ថា ​ឈើ​គ្រ​ញូង​ទាំង​៨០​កំណាត់​ស្មើ​នឹង​៨៥៥ គី​ឡូ​ក្រាម​ ​និង​រថយន្ត​ឡិច​ស៊ីស ត្រូវ​បាន​បញ្ជូន​ទៅ​​ប្រ​គល់​ឱ្យ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ ចំណែក​​បុរស​ឈ្មោះ​កែវ សារិទ្ធ ក​សាង​សំណុំ​រឿង​​​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​​​​ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​៕