ខេត្តពោធិ៍សាត់ ៖ ក្រោយពីការចុះទៅពិនិត្យដល់កន្លែងកើតហេតុ សមត្ថកិច្ចបានសម្រេចឃុំខ្លួនបណ្ដោះអាសន្នបុរសអ្នកលក់ស្រាម្នាក់ដែលជាប់ចោទបណ្ដាលឲ្យមនុស្សស្លាប់ និងរងគ្រោះឈឺដេកពេទ្យបន្តបន្ទាប់គ្នានាប៉ុន្មាន ថ្ងៃកន្លងមកនេះនៅអូរតក់ឡក់ ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង។ បុរសជាប់ចោទឈ្មោះ មុត ចំណាប់ អាយុ៤៩ឆ្នាំ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២៤ សីហា វេលាម៉ោង៣រសៀលតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សារុន ចាន់ធី ស្នងការនគរបាលខេត្ត និងលោកព្រះរាជអាជ្ញារងខេត្ត។
បើតាមមន្ត្រីប៉ូលិសព្រហ្មទណ្ឌបានបញ្ជាក់ថា បុរសខាងលើគ្រាន់តែហៅមកសួរនាំរកហេតុផលប៉ុណ្ណោះពាក់ព័ន្ធនឹងករណីពុលស្រាគឺមិនទាន់ឃាត់ខ្លួនទាំងស្រុងនោះទេ។ ការហៅសួរនាំនេះដោយយោងទៅលើឈ្មោះប៊ន ចាន់ណា ភេទប្រុស អាយុ៤១ឆ្នាំ ជាអ្នកបិតស្រានៅភូមិ-ឃុំជាមួយបុរសជាប់ចោទដែរ និងបានលក់ស្រាទៅឲ្យម៉ូយច្រើនគ្នាតែអ្នកទិញផឹកមិនដែលមានបញ្ហាអ្វីបែរជាមានបញ្ហាតែម៉ូយរបស់ឈ្មោះមុត ចំណាប់ ប្រពន្ធឈ្មោះឱ វ៉ាង នេះទៅវិញ។
លោកវរសេនីយ៍ត្រី អ៊ិត ប៊ុនណា នាយការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តមានប្រសាសន៍ថា ស្រាក្នុងប៊ីដុងដែលបុរសឈ្មោះមុត ចំណាប់ លក់រាយឲ្យអតិថិជនផឹកបណ្ដាលឲ្យស្លាប់និងគ្រោះថ្នាក់នោះពិតជាមានសារធាតុពុលប្រាកដ មែន ប៉ុន្តែមិនដឹងថាបណ្ដាលមកពីអ្នកផលិតឬមកពីសំបកប៊ីដុងមានផ្ទុកជាតិពុលស្រាប់ឬ បណ្ដាលមកពីបញ្ហាអ្វីនោះទេ។ ឥឡូវនេះ យើងបានយកវត្ថុតាងគឺស្រាដែលមានបញ្ហានោះទៅ ធ្វើពិសោធន៍នៅក្រសួងមហាផ្ទៃដើម្បីរកឲ្យឃើញការពិត។ ទន្ទឹមនឹងនេះ យើងបានបញ្ជាឱ្យផ្អាកការផលិតស្រាមួយរយៈសិន ហើយហៅទាំងអ្នកផលិតទាំងអ្នកលក់បន្តមកសួរនាំបន្ត បន្ទាប់គ្នា។
គួររំលឹកថា កាលពីថ្ងៃទី២០ដល់ថ្ងៃទី២៣ខែ សីហា ឆ្នាំ២០១១កន្លងមកនេះ នៅស្រុកវាលវែង មានករណីផ្អើលមនុស្សពុលស្រាស្លាប់និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្តបន្ទាប់គ្នា។ លោកវរសេនីយ៍ត្រី ភួង សូឡី អធិការនគរបាលស្រុកវាលវែងឲ្យដឹងថា មកដល់ថ្ងៃទី២៥ សីហា យើងរកឃើញអ្នកពុលស្រាស្លាប់ចំនួន៦នាក់ហើយ ឯ២៤នាក់ទៀតកំពុងធ្វើការ សង្គ្រោះនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យដែល អាចមានស្លាប់និងគ្រោះថ្នាក់បន្តបន្ទាប់ទៀត៕
ចែករំលែកព័តមាននេះ