ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​ប្រជុំ​​​ស្តីពី​កិច្ច​សហ​​ប្រតិបត្តិ​ការ​​​សន្តិសុខ​​​រវាងខេត្ត​ស្វាយរៀង​​ និងខេត្ត​តៃនិញ

13 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ​​​កា​លពី​ព្រឹក​ថ្ងៃទី២៤ សីហា ​​នៅ​សាលា​ខេត្ត​​ស្វាយ​រៀង​​ មាន​​រៀបចំ​កិច្ច​ប្រជុំ​​លើកទី១០ ​​ស្តីពី​កិច្ច​សហប្រតិបត្តិ​ការ​​បង្ការ​បង្ក្រាប​បទ​ល្មើស ​និងធ្វើ​​​ផែន​ការ​​សហ​ប្រតិ​បត្តិ​ការ​​បង្ការ​បង្ក្រាប​បទល្មើស​​ ការពារ​សន្តិសុខ​​សណ្តាប់ធ្នាប់ព្រំ​ដែនកម្ពុជា-វៀតណាម រវាង​​ខេត្ត​ស្វាយ​រៀង-ខេត្ត​តៃនិញ ។ កិច្ច​​ប្រជុំ​នេះ​​ប្រព្រឹត្ត​

ខេត្តស្វាយរៀង ៖ ​​​កា​លពី​ព្រឹក​ថ្ងៃទី២៤ សីហា ​​នៅ​សាលា​ខេត្ត​​ស្វាយ​រៀង​​ មាន​​រៀបចំ​កិច្ច​ប្រជុំ​​លើកទី១០ ​​ស្តីពី​កិច្ច​សហប្រតិបត្តិ​ការ​​បង្ការ​បង្ក្រាប​បទ​ល្មើស ​និងធ្វើ​​​ផែន​ការ​​សហ​ប្រតិ​បត្តិ​ការ​​បង្ការ​បង្ក្រាប​បទល្មើស​​ ការពារ​សន្តិសុខ​​សណ្តាប់ធ្នាប់ព្រំ​ដែនកម្ពុជា-វៀតណាម រវាង​​ខេត្ត​ស្វាយ​រៀង-ខេត្ត​តៃនិញ ។  កិច្ច​​ប្រជុំ​នេះ​​ប្រព្រឹត្ត​ធ្វើ​ក្រោម​អធិបតីភាព ​​លោកឧកញ៉ា​​ម៉ែន ​វិបុល ​​អភិបាល​រង​ខេត្ត​​ស្វាយរៀង​ លោក​ប្រាជ្ញ​ រឹម ​​ស្នង​ការ​នគរ​បាល​​ខេត្ត​ស្វាយ​រៀង លោកង៉ូ ក្វាងឡុង ​នាយក​​​នគ​របាល​ខេត្ត​តៃ​និញ ​​និង​​មាន​ការអញ្ជើញ​​​​ចូល​រួមពី​ស្នង​ការ​រង អធិការ​​នគរ​​បាល​ក្រុង-ស្រុក នគរ​បាល​ប៉ុសិ៍្ត​ច្រក​ព្រំ​ដែន ​​ទាំង​​២ភាគី​ ។

លោក​វរ​​សេនីយ៍​​​ឯក​​ណុប​ គឹមហេង ​​ស្នង​ការ​រង​នគរ​បាល​ខេត្ត​​​​​ស្វាយ​រៀង​​​ បាន​អាន​របាយ​ការណ៍​​​រួម​អំពី​សន្តិសុខ​ សណ្តាប់ធ្នាប់​នៅតំបន់
ព្រំ​ដែន​​​រវាង​ខេត្ត​​​ស្វាយ​រៀង​​​ និង​ខេត្ត​តៃនិញ​​ គិត​ចាប់ពី​​ថ្ងៃទី​២៦ ​​មីនា មកដល់​​ថ្ងៃទី២៤ សីហា ២០១១ ។ ចំពោះលទ្ធ​ផល​នៅ​ក្នុង​ខែកក្កដា ២០១១ កន្លងមក នគរ​បាល​ខេត្ត​សហការ​ជាមួយ​​កម្លាំងអគ្គស្នង​ការ​​ដ្ឋាន​​នគរបាល​​​​ជាតិ​បង្ក្រាប​​ករណី​​​បង្កើត​មូលដ្ឋាន​លួចលាក់​របស់​ឧក្រិដ្ឋ​​​​ជន​ឆ្លង​ដែន ជួល​សណ្ឋាគារ​​ ក្រុម​ហ៊ុន​កាស៊ីណូនៅ​ក្រុង​បាវិត ដោយបំពាក់ឧបករណ៍​​​បច្ចេក​វិទ្យា​​ទំនើបៗ ​ធ្វើសកម្ម​ភាព​​គំរាម​ជំរិត​​​ទារ​ប្រាក់​នៅ​បណ្តា​​ប្រទេសនានា​​​​ក្នុងតំបន់​អាស៊ី ​។ ក្នុង​​ប្រតិ​​បត្តិ​ការនេះ​កម្លាំង​​​​សមត្ថកិច្ច​​បង្ក្រាប​​ឃាត់ខ្លួន​ជនសង្ស័យជា​ជនជាតិ​​ចិន​ដីគោក ​និងចិន​តៃ​វ៉ាន់​ចំនួន​៦២​នាក់ (ស្រី​១៥​នាក់) ​បញ្ជូន​ទៅ​​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ ។

លោក​ណុប គឹមហេង ​បាន​បន្ត​ទៀត​ថា ចំពោះ​បទល្មើស​​ពាក់ព័ន្ធ​​​រវាង​ខេត្ត​ទាំងពីរ​កើត​ឡើង​​២២​លើក ក្នុងនោះ​បទ​ល្មើស​​បង្ខាំង​មនុស្ស​​ខុសច្បាប់​១៣​លើក ជន​ល្មើស​២៦​នាក់ (ស្រី៤នាក់) ​​ដែល​មានជនជាតិ​​វៀត​ណាម​​២១​នាក់ (ស្រី៤​នាក់) ​ម៉ាឡេស៊ី​​១នាក់ ឥណ្ឌូណេស៊ី​​១នាក់ ​និងខ្មែរ​៣នាក់ ។ មូល​ហេតុ​​​​នៃ​ការ​​បង្ខាំង​មនុស្ស​ខុសច្បាប់ គឺ​ដើម្បីបង្ខំឱ្យ​គ្រួសារ​​​ជន​រងគ្រោះ​​យកប្រាក់​មកសងបំណុល​​ជំពាក់​ក្នុ​ងការ​​ខ្ចី​លេង​ល្បែង​​​ស៊ីសង​​ក្នុងកា​ស៊ីណូ​ ដែលជនរង​គ្រោះ​​ជា​ជនជាតិ​វៀតណាម ។ ​​ចំពោះ​​​ការចាប់​បង្ខាំង​មនុស្ស​១៣​​លើក​នេះ ​គឺ​មាន​២ករណី​​មាន​លក្ខណៈ​​​សាហាវ​ព្រៃផ្សៃ ដោយ​ជនល្មើស​​​បាន​កាត់ម្រាមដៃ​​របស់​ជនរងគ្រោះ​​​​ផ្ញើ​ទៅ​​គំរាម​​គ្រួសារ​​របស់ពួកគាត់​​ដើម្បីបង្ខំ​​​ឱ្យ​យកប្រាក់​មក​សង​​ពួកគេ តែ​ត្រូវសមត្ថកិច្ច​បង្ក្រាប​បាន ។

ដោយឡែក​​​​ករណី​​ឃាត​កម្មកើត​ឡើង​​៣​លើក​ ប៉ុន​ប៉ង​​​ធ្វើ​​ឃាត​​​១លើក ​​និង​ករណី​លួច ​និង​បង្ករបួស​​ស្នាម​៤​លើក​ដែលទាក់ទិន​នឹង​ប្រជាជន​ទាំង២​​ប្រទេស ។
ក្នុង​​របាយការណ៍​​បានបង្ហាញ​​​ឱ្យ​ឃើញ​​​ដែរ​ថា ​​​ភាគី​​​វៀតណាម​​បានបញ្ជូន​​ប្រជាជន​ខ្មែរ​ដែល ​ឆ្លង​​ដែនច​ូលវៀតណាម​​​ខុសច្បាប់ចំនួន​​៨​លើក​មាន​៨១១​នាក់ (ស្រី​៤៦០​នាក់) ​​ស្មើ​នឹង​​៣៨៥​គ្រួសារ ​​ក្នុងនោះ​​កុមារ​៥១៧​នាក់ ​មកឱ្យ​​សមត្ថ​កិច្ច​​​កម្ពុជា ​​ដើម្បី​​​​ធ្វើការ​អប់រំ​​​ និងដោះ​​​ស្រាយ​​​ឱ្យទៅ​​មូល​ដ្ឋាន​វិញ ។ ជាមួយ​នេះ​​ ​ខាង​កម្ពុជា​បានបញ្ជូនចេញ​​ផុតពី​ខេត្ត​ស្វាយ​រៀង​នូវ​ប្រជា​ជន​វៀត​ណាម​ដែល​ឆ្លង​​​ដែន​ចូល​ស្នាក់​នៅ​ខុស​ច្បាប់​ចំនួន​៤៦​​នាក់​ (ស្រី​២៥​នាក់) ។

លោកវរ​សេនីយ៍ឯក​​​ង៉ូ ​ក្វាង​ឡុង នាយកនគរ​បាល​ខេត្ត​​​តៃនិញ​​​ បាន​ថ្លែង​ថា ​​យើ​ងត្រូវ​​​រឹត​ចំណង​​​កិច្ច​​សហការ​​ឱ្យ​កាន់តែ​ប្រសើរ​​ថែមទៀត​​ ដើម្បី​ការពារ​សន្តិសុខ​​តាម​ខ្សែ​​​បន្ទាត់ព្រំ​ដែន កម្ពុជា-វៀតណាម នៃ​ខេត្ត​​​ទាំងពីរ​ ដោយ​កសាង​ខ្សែ​​បន្ទាត់ព្រំ​ដែន សន្តិ​ភាព​​ មិត្តភាព ស្ថិរភាព និង​អភិវឌ្ឍន៍​ឱ្យ​មាន​ប្រសិទ្ធភាព​​ខ្ពស់ ។

លោកឧកញ៉ាម៉ែន ​វិបុល ​​អភិបាល​រង​ខេត្ត​ស្វាយរៀង​បានមាន​​ប្រសាសន៍​ថា ដើម្បី​ការពារ​សុវត្ថិភាព​​ សន្តិសុខ​​​សណ្តាប់ធ្នាប់សង្គម​នៃ​ខេត្ត​​​ទាំង​ពីរ​ឱ្យ​មាន​ស្ថិរភាព​​ ប្រសិទ្ធភាព​​ខ្ពស់ នគរ​បាល​ខេត្ត​ស្វាយ​រៀង ​និងនគរបាលខេត្ត​​តៃនិញ ទាំង​បណ្តា​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ​​ថ្នាក់​ខេត្ត​​​​វរសេនា​​តូច​ការពារ​ព្រំ​ដែន ​​បណ្តា​ក្រុង ស្រុក​ ជាប់ព្រំ​ដែន ​​​និង​ប៉ុសិ៍្ត​​​ព្រំ​ដែន ត្រូវបន្ត​​​បង្កើន​​ការ​រឹតចំណង​​សាមគ្គីភាព​ឱ្យ​បានរឹងមាំ និង​ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​​​​ការ​ឱ្យ​បានខ្លាំងក្លា​​ក្នុងការ​បង្ការ​បង្ក្រាប​បទ​ល្មើស ​​​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ​​តំបន់​ព្រំ​ដែន ឱ្យ​កាន់តែ​មាន​ភាពប្រសើរ​ឡើង​ជាទំនុកចិត្ត​របស់​​​រាជរដ្ឋាភិបាល​​ ក៏​ដូចជា​សេចក្តី​​សុខជូន​ប្រជាជន​​ទាំងពីរ​​ប្រទេសកម្ពុជា-​វៀត​ណាម ៕