រាជធានីភ្នំពេញ ៖ សាលាសង្កាត់ ស្ទឹងមានជ័យ បានប្រកាសនាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះថា មើលផ្លូវ ! រាប់ម៉ឺននាក់គោរពច្បាប់ចរាចរណ៍ ។ ហេតុអ្វីត្រឹមតែ៥០នាក់ ទៅ១០០នាក់ មិនគោរពច្បាប់ចរាចរណ៍ តែងតែជិះបញ្ច្រាសរៀងរាល់ព្រឹក?

សាលាសង្កាត់ ស្ទឹងមានជ័យ បានបន្តថា ដោយមានការគាំទ្រពីមហាជនក្នុងបណ្តាញសង្គមហ្វេសប៊ុក ចំពោះការអនុវត្តឃាត់មធ្យោបាយជិះបញ្ច្រាសទិសតាមផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី១ ។
ចំពោះមូលហេតុៈ
-ធ្វើឲ្យបាត់បង់សេចក្តីថ្លៃថ្នូរក្នុងសង្គម
-បង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងខ្លួនឯង
-បង្កភាពអនាធិបតេយ្យតាមផ្លូវសាធារណៈ

សាលាសង្កាត់ ស្ទឹងមានជ័យ បានបញ្ជាក់ថា ដោយមានការឯកភាពពីគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ក៏បានដាក់ចេញវិធានការៈ ដកហូតមធ្យោបាយជិះបញ្ច្រាស រក្សាទុកនៅនគបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី១ រយៈពេលបីថ្ងៃ ជាការព្រមាន ។
ជាចុងក្រោយ សាលាសង្កាត់ ស្ទឹងមានជ័យ សំណូមពរ ឱ្យបងប្អូនទាំងអស់គ្នាៈ
-ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក
-បញ្ឈប់ការបើកបរបញ្ច្រាសទិសតាមផ្លូវសាធារណៈ
-ចូលរួមលើកកម្ពស់មុខមាត់សង្គម
-ត្រូវស្រឡាញ់អាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ
នៅវេលាម៉ោង៦និង៣០នាទី ថ្ងៃទី០៩ ខែកក្កដា ២០២៥ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ សហការជាមួយកម្លាំងគណបញ្ជាការឯកភាពខណ្ឌមានជ័យនិងសង្កាត់ស្ទឹងមានជ័យទី១ ។ ដឹកនាំដោយលោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ បានចុះរៀបចំសណ្ដាប់ធ្នាប់ សម្រួលចរាចរណ៍គោលដៅកកស្ទះ និងបានអនុវត្តន៍ច្បាប់ចរាចរណ៍ចំពោះយានយន្តជិះបញ្ច្រាសទិសនៅលើកំណាត់ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី១ ។

ជាលទ្ធផលជាក់ស្តែង សាលាសង្កាត់ ស្ទឹងមានជ័យ ឃាត់បានមធ្យោបាយជិះបញ្ជ្រាស់ទិសម៉ូតូចំនួន០៨គ្រឿង យកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីធ្វើកិច្ចសន្យាអប់រំណែនាំបញ្ឈប់សកម្មភាពជិះបញ្ច្រាសទិសបន្តទៀត ដោយពុំមានការផាកពិន័យឡើយ ។ ហើយក៏សូមអរគុណចំពោះការគាំទ្រពីសំណាក់បងប្អូន មហាជន សូមចូលរួមរិះគន់ក្នុងន័យស្ថាបនា ៕



ចែករំលែកព័តមាននេះ