ខេត្តពោធិ៍សាត់៖ ថ្ងៃទី8ខែកក្កដាឆ្នាំ2025 លោក ខូយ រីដា អភិបាលនៃគណអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យមើលវឌ្ឍនភាពនៃគម្រោងសាងសង់ទំនប់ស្ទាក់ទឹកទី២ ដែលមានទីតាំងឋិតក្នុងភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ មានចម្ងាយជាង៥៧គ.មពីទីរួមខេត្តពោធិ៍សាត់។
លោក ខូយ រីដា បានឱ្យដឹងថា គិតមកពេលនេះដំណើរការនៃគម្រោងសាងសង់សម្រេចបានជាង៣០%ហើយ តាមផែនការនឹងត្រូវបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ខាងមុខនេះ។
ទំនប់ស្ទាក់ទឹកនេះនឹងមានសមត្ថភាពស្តុកទឹកបានប្រមាណជាង៨០០លានម៉ែត្រគូប ដែលបម្រើឱ្យវិស័យកសិកម្ម អាចស្រោចស្រពលើផ្ទៃស្រែរាប់ម៉ឺនហិកតា ឆ្លើយតបទៅនិងសំណូមពរប្រជាកសិករ ក្នុងការបង្ករបង្កើនផលពិសេសស្រូវរដូវប្រាំងដែលអាចឱ្យប្រជាកសិករក្រុងពោធិ៍សាត់ ស្រុកភ្នំក្រវាញ ស្រុកបាកានកណ្តៀង ស្រុកតាលោសែនជ័យ និងផ្នែកនៃស្រុកក្រគរ នៃខេត្តពោធិ៍សាត់ និងស្រុកមួយចំនួនទៀតនៃខេត្តបាត់ដំបង ជាប់ព្រំប្រទល់ខេត្តពោធិ៍សាត់អាចធ្វើស្រែប្រាំងបាន២ទៅ៣ដងក្នុង១ឆ្នាំ ។
លោកអភិបាលខេត្តពោធិ៍សាត់បន្តទៀតថា នៅពេលដែលទំនប់ស្ទាក់ទឹកទី២នេះសាងសង់រួចរាល់ នឹងដាក់ឱ្យដំណើរការប្រើប្រាស់នោះ គឺប្រជាកសិករយើងឈប់ដណ្តើមទឹកគ្នាដូចសព្វថ្ងៃនេះហើយ។ គម្រោងសាងសង់ទំនប់ស្ទាក់ទឹកទី២នេះក្នុងទំហំទឹករាប់រយលានដុល្លារ ជាថវិកាជាតិផ្តល់ជូនប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ជាចំណងដៃ ដែលតែងគាំទ្រគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលភិបាលគ្រប់ៗអាណត្តិ។
លោកអភិបាលខេត្តបានគូសបញ្ជាក់ថាក្រៅពីបម្រើឱ្យវិស័យកសិកម្ម ទំនប់ស្ទាក់ទឹកនេះវានឹងផ្តល់ប្រយោជន៍សំខាន់២ទៀត៖ ១.កាត់បន្ថយគ្រោះទឹកជំនន់ដែលតែងលិចក្រុងពោធិ៍សាត់ និងតាមបណ្តាស្រុកមួយចំនួនដូចជា ស្រុកភ្នំក្រវាញ ស្រុកកណ្ត្ងៀង ស្រុកបាកាន និងស្រុកតាលោសែនជ័យជាដើម។ ២.បម្រើឱ្យវិស័យទេសចរណ៍ ព្រោះនៅជាប់និងទំនប់ស្ទាក់ទឹកទី២នេះមានតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់អូរដា ដែលវិសាលភាពគ្របដណ្តប់ទៅដោយព្រៃព្រឹក្សាស្រស់បំព្រង និងមានចម្ងាយជាង១៤២គ.មពីរាជធានីភ្នំពេញ ៥៦គ.មពីទីរួមខេត្តពោធិ៍សាត់ និងមានចម្ងាយជាង២៦គ.មទីរួមស្រុកភ្នំក្រវាញ។
ចំពោះបញ្ហាផ្លូវធ្វើដំណើរមកកាន់តំបន់ទេសណ៍នេះ បច្ចុប្បន្នកំពុងស្ថាបនាចាប់ពីក្លោងទ្វារចូលវត្តព្រៃខ្លុងទីរួមស្រុកភ្នំក្រវ៉ាញដល់ទំនប់ស្ទាក់ទឹកទី២៕




ចែករំលែកព័តមាននេះ