រាជធានីភ្នំពេញ ៖ មហាជនបាន និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ និងចង់ឃើញសាលាដំបូងរាជធានីភ្នំពេញ លើកយកសំ ណុំរឿងប្រធានធនាគារM.G.N ដែលជាប់ចោទពីបទ.ចេញសែក ស្អុយរាប់សិបលានដុល្លារអាមេរិក មកបើកសវនាការជំនុំជម្រះទោស ព្រោះថារឿងនេះតុលាការបានឃុំខ្លួនជនសង្ស័យអស់រយៈ ពេលជាច្រើនខែមកហើយ ហើយហាក់ដូចជាស្ងាត់ ។
តាមប្រភពព័ត៌មានឲ្យដឹងថា សំណុំរឿងនឹងជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅតុលាការជាច្រើនករណី ក្នុងអំពើឆបោក ជាលក្ខណៈប្រព័ន្ធ និងចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ដែលមានទំហំរាប់សិបលានដុល្លារអាមេរិក ធ្វើឲ្យប៉ះពាល់ដល់ជនរងគ្រោះ និងមុខមាត់ប្រទេសជាតិ ដែលសេដ្ឋកិច្ចកំពុងល្អប្រសើរថែមទៀតផង ។
សូមជម្រាបថា ៖ សាលាដំបូងរាជធានីភ្នំពេញ បាននិងកំពុងបន្តចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌមួយ ពាក់ព័ន្ធស្ត្រីជនជាតិវៀតណាមម្នាក់ មានតួនាទីជាប្រធានធនាគារឯកជន កំពុងជាប់ ឃុំនៅក្នុងពន្ធនាគារ ដែលបានចេញមូលប្បទានប័ត្រគ្មានសាច់ ប្រាក់”សែកស្អុយ”រាប់សិបលានដុល្លារអាមេរិក ដោយរង់ចាំបើក សវនាការផ្តន្ទាទោសលើជនជាប់ចោទតាមផ្លូវច្បាប់ជាធរមាន ។
សំណុំរឿងនេះមានជនត្រូវចោទឈ្មោះ គង់ វិរសិង្ហ ហៅ ហ៊ួញ គីមហាវ ភេទស្រី អាយុ៤៤ ឆ្នាំ មុខរបរ មុនចាប់ខ្លួន ជាប្រធានធនាគារ M.G.N Emperor Bang ទីលំនៅផ្ទះលេខ E2 បុរីទន្លេបាសាក់ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងអាសយដ្ឋានមួយកន្លែងទៀតស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញរាជធានីភ្នំពេញ ។
ជនត្រូវចោទត្រូវបានសមត្តកិច្ចចាប់ខ្លួន និងឃុំខ្លួននៅពន្ធនាគារម២ព្រៃសពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករ ណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បទល្មើសដែលមានបញ្ញត្តិនិងផ្តន្ទាទោសតាមមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនត្រូវចោទរងនូវបណ្តឹង២ដាច់ដោយឡែកពីគ្នា ដែលជនរងគ្រោះសុទ្ធតែជាជនស្លូតត្រង់ត្រូវបានចាញ់បោកប្រធានធនាគារឯកជនរូបនេះដែលមានជំនាញខាងបោកជនរងគ្រោះអស់ប្រាក់រាប់សិបលានដុល្លារអាមេរិក ពោលគឺជនរងគ្រោះសុទ្ធតែបានខាតបង់នូវទឹកប្រាក់យ៉ាងធ្នន់ធ្ងរដូចគ្នា ។
ប្រភពព័ត៌មានឲ្យដឹងទៀតថា នៅ ក្នុងអំឡុងឆ្នាំ២០១៦ ស្ត្រីជនជាតិវៀតខាងលើនេះ បានមកបើកធនាគារឯកជនមួយឈ្មោះថា M.G.N Emperor Bang នៅរាជធានីភ្នំពេញ ដោយបានគៀងគរប្រម៉ែប្រមូលអតិថិជនជាច្រើន ឲ្យដាក់ទុកវិនិយោគដើម្បីបានការប្រាក់ ។ ដោយឃើញសកម្មភា ពដំបូងអាចជឿទុកចិត្តបាន ជនរងគ្រោះម្នាក់ៗបានយកប្រាក់រាប់សិបលានដុល្លារទៅដាក់ធនាគារនោះ ហើយនាយិការប្រធានធនា គារ ក៏បានចេញមូលប្បទានប័ត្រ”សែក”ឲ្យទៅជនរងគ្រោះតាមទឹកប្រាក់រៀងៗខ្លួន សម្រាប់តម្រូវការបើកប្រាក់ខ្លួនវិញ ។ ប៉ុន្តែក្រោយមកនៅពេលជនរងគ្រោះទៅដកប្រាក់នោះ ស្រាប់តែខាងធនាគារបញ្ជាក់ថា មូលប្បទានប័ត្រគ្មានសាច់ប្រាក់ គឺ”សែកស្អុយ” ។
អង្គហេតុដូចបានរៀបរាប់ខាងលើ ជនរងគ្រោះក៏បានរកការចចារជាមួយប្រធានធនាគារនោះជាច្រើនលើកដែរ ប៉ុន្តែចុងក្រោយនាយិការប្រធានធនាគារ បានគេចវេសមិនព្រមជួបដោះស្រាយជាមួយជនរងគ្រោះទេ ទើបជនរងគ្រោះសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសមត្តកិច្ចឲ្យចាត់ការតាមផ្លូវច្បាប់ ។ ដូច្នេះជនរងគ្រោះសង្ឃឹមថា តុលាការនិងលើកយកសំណុំរឿងព្រហ្ម ទណ្ឌមួយនេះ មកបើកសវនាការជាសាធារណៈក្នុងពេលឆាប់ៗ ខាងមុខ ដើម្បីផ្តន្ទាទោសលើជនជាប់ចោទ ដែលបានចេញសែកស្អុយរាប់សិបលានដុលារអាមេរិក ជាប្រយោជន៍ និងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះផងដែរ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕




ចែករំលែកព័តមាននេះ