អ្នកគ្រប់គ្រងលំដាប់កំពូលរបស់បារាំងចំនួន១៦នាក់ រួមទាំងលោកស្រី លីលៀន ប៊េតថេនខត ទាយាទអ្នកបង្កើតក្រុមហ៊ុន «អូរីយ៉ាល» ផលិតគ្រឿងសំអាងដ៏ធំបំផុតនៅលើពិភពលោក ដែលបានទទួលការលើកតម្កើងជាបុគ្គលមានទ្រព្យសម្បត្តិស្តុកស្តម្ភបំផុតក្នុងប្រទេសបារាំង បានធ្វើការអំពាវនាវថា បុគ្គលដែលមានទ្រព្យស្តុកស្តម្ភគួរបង់ពន្ធពិសេសដើម្បីធ្វើឱ្យមានសមតុលថវិកាក្នុងប្រទេស ។
មុននេះ រដ្ឋាភិបាលបារាំងថ្លែងថា នឹងប្រកាសពីបទដ្ឋានផ្នែកហិរញ្ញវត្ថុឱ្យកាន់តែរឹងមាំដើម្បីរក្សាស្ថិរភាពនៃទីផ្សារហ៊ុន និងបំបាត់បញ្ហាសមតុល ដោយបទដ្ឋានមួយក្នុងចំណោមបទដ្ឋានខាងលើ គឺការប្រមូលពន្ធពិសេសទៅលើក្រុមមហាសេដ្ឋីដែលមានចំនួនកើនឡើង ។
នៅមុនពេលមានការប្រកាសរបស់រដ្ឋាភិបាលដែលចាប់ផ្តើមឡើងនៅល្ងាចថ្ងៃទី២៤ សីហា គឺមានរបាយការណ៍បង្ហើបឱ្យដឹងពីក្រុមមហាសេដ្ឋីនៅក្នុងគេហទំព័ររបស់ទស្សនាវដ្តី Le Nouvel Observateur ថា «ពួកយើងក្នុងនាមជាប្រធាន និងថ្នាក់ដឹកនាំក្រុមហ៊ុនឧស្សាហកម្មទាំងប្រុសទាំងស្រី សូមអំពាវនាវដល់អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភធ្វើការបង់ពន្ធពិសេស» ។
ពួកគេបង្ហើបឱ្យដឹងថា ខ្លួនបានប្រមែប្រមូលផលប្រយោជន៍ពីសង្គមយ៉ាងច្រើន បច្ចុប្បន្នកើតមានបញ្ហាកង្វះខាតសមតុលសាធារណៈ ការមានបំណុលដ៏ធ្ងន់ធ្ងរនៅតែបន្ត និងធ្វើឱ្យប៉ះពាល់ដល់អនាគតប្រទេសបារាំង និងអឺរ៉ុប ខណៈពេលរដ្ឋាភិបាលស្នើសុំឱ្យមនុស្សគ្រប់រូបសាមគ្គីគ្នា ទើបចាត់ទុកថា ជារឿងដ៏ចាំបាច់មួយដែលមនុស្សគ្រប់រូបត្រូវចូលរួមលះបង់ ។ ពួកគេបានក្រើនរំលឹកថា ការបង់ពន្ធលើកនេះ មិនគួរមានចំនួនច្រើនរហូតរុញច្រានឱ្យកើតលំហូរចេញរបស់ក្រុមអ្នកមានទ្រព្យ ឬជាកត្តាធ្វើឱ្យកើតការគេចពន្ធនោះទេ ។ រដ្ឋាភិបាលបារាំងថ្លែងថា ក្នុងអំឡុងពេលដំណើរការប្រមូលពន្ធពិសេសលើបុគ្គលមានទ្រព្យស្តុកស្តម្ភក្នុងមួយឆ្នាំច្រើនជាង១លានអឺរ៉ូ នយោបាយខាងលើត្រូវបានព្យាករទុកថា ជាផ្នែកមួយនៃបទដ្ឋានកាត់បន្ថយកង្វះសមតុលថវិកាបានដល់១,៤ម៉ឺនលានអឺរ៉ូ ក្នុងរយៈពេល២ឆ្នាំខាងមុខ ។
ស្របពេលជាមួយគ្នានេះ គឺមិនទាន់ដឹងច្បាស់ថា រដ្ឋាភិបាលនឹងដំណើរការក្នុងរូបភាពណាមួយទេ ប៉ុន្តែគេមានជំនឿថា នឹងមានការលុបចោលនយោបាយលើកលែងពន្ធ និងការប្រមូលពន្ធពិសេសបន្ថែមក្នុងក្រុមហ៊ុនធំៗនៅប្រទេសបារាំង ។ រដ្ឋាភិបាលបារាំងចាំបាច់ត្រូវចេញបទដ្ឋានខាងលើជាបន្ទាន់ បន្ទាប់ពីមានក្តីបារម្ភថា មនុស្សអាចត្រូវកាត់បន្ថយការមានទំនុកចិត្តផ្នែកហិរញ្ញវត្ថុពីកម្រិត AAA ក្នុងពេលបច្ចុប្បន្ន ៕
ចែករំលែកព័តមាននេះ