តម្លៃមាសនៅពេលដែលគេបើកផ្សារជួញដូនៅព្រឹកថ្ងៃចន្ទបានស្រុតចុះបន្តិចក៏ពិតមែន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វាពិបាកធ្លាក់ចុះក្រោម៤.០០០ដុល្លារណាស់ នៅក្នុងមួយតម្លឹង។ ដូច្នេះ ជាភ័ព្វសំណាងដែរដែលកម្ពុជាអាចប្រឹងសន្សំបានជាង៥០តោនជាទុនបម្រុងដើម្បីរក្សាស្ថេរភាពសេដ្ឋកិច្ចរបស់ប្រទេស ។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានផ្សាយថា តម្លៃមាសបានធ្លាក់ចុះកាលពីថ្ងៃចន្ទបន្តិច ខណៈដែលអ្នកវិនិយោគបានថ្លឹងថ្លែងពីផលប៉ះពាល់នៃជម្លោះអ៊ីស្រាអែល និងអ៊ីរ៉ង់ដែលកំពុងបន្ត ស្របពេលដែលក្រុមប្រទេស G7 កំពុងតែតាមដានស្ថានការណ៍ហើយគេជឿជាក់ថា ក្រុមប្រទេសទាំងនេះនឹងមិនបណ្តែតបណ្តោយឲ្យអ៊ីរ៉ង់និងអ៊ីស្រាអែលពង្រីកសង្គ្រាមឡើយ ។
ប្រភពដដែលបានឲ្យដឹងថា តម្លៃមាសនៅទីផ្សារអន្តរជាតិបានធ្លាក់ចុះ០,៥ភាគរយ ពោលគឺដល់១តម្លឹងប្រមាណជា ៤.១០០ ដុល្លារ បន្ទាប់ពីវាបានឡើងដល់ប្រមាណជា ៤.២០០ ដុល្លារកាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រោយពេលដែលអ៊ីស្រាអែលបើកការវាយប្រហារទៅលើអ៊ីរ៉ង់ ។
លោក ជីអូវាន់នី ស្តូណូវូ (Giovanni Staunovo) អ្នកវិភាគនៅ ក្រុមហ៊ុន UBS បាននិយាយថា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយមិនរលាយបាត់ក្នុងពេលឆាប់ៗនេះទេ ដូច្នេះតម្លៃមាសគឺពិបាកនឹងចុះណាស់ដែរនៅក្នុងអំឡុងពេលនេះ ។
ដោយឡែក លោក អូល ហានសេន (Ole Hansen) ប្រធានក្រុមអ្នកយុទ្ធសាស្ត្រពាណិជ្ជកម្មនៅ Saxo Bank បាននិយាយថា វិនិយោគិនកំពុង ឃ្លាំមើលសង្គ្រាមនៅមជ្ឈិមបូព៌ាយ៉ាងដិតដល់ ជាពិសេសហានិភ័យនៃបណ្តាប្រទេសផ្សេងទៀតដែលត្រូវបានអូសចូលទៅក្នុងជម្លោះ ។
ក្រៅពីមាស នៅលើពិភពលោក ប្រាក់ហាក់ឡើងថ្លៃបន្តិចពោលគឺឡើង ០,៣ភាគរយ ដល់ តម្លៃ៤៣,៦៩ ដុល្លារនៅក្នុងមួយតម្លឹង ស្របពេលដែលប្លាទីនវិញគឺកើនឡើង១,២ភាគរយ ដល់១.៤៩០ ដុល្លារនៅក្នុងមួយតម្លឹង ។

មាសត្រូវបានគេចាត់ទុកថាជាទ្រព្យសម្បត្តិដែលមានសុវត្ថិភាពក្នុងអំឡុងពេលនៃភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច។ ដូច្នេះវាសំខាន់ណាស់សម្រាប់ប្រទេសនីមួយៗដែលមានមាសជាទុនបម្រុងជាតិ ។
សម្រាប់កម្ពុជាមកដល់ពេលនេះ បើទោះបីជាកម្ពុជាមិនមានមាសជាទុនបម្រុងច្រើនដូចប្រទេសគេឯទៀតក៏ពិតមែន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏កម្ពុជាអាចសន្សំបានមាសជាទុនបម្រុងការពារស្ថេរភាពសេដ្ឋកិច្ចជាតិប្រមាណជាជាង៥០តោនដែរ ។
នៅលើទីផ្សារឯណោះវិញ មាសនៅកម្ពុជាកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ត្រូវបានគេដឹងថា សម្រាប់មាសគីឡូគឺគេលក់ចេញប្រមាណជា ៤.១២០ ដុល្លារនៅក្នុងមួយតម្លឹង ខណៈដែលផ្លាទីនទឹក ៧៥ គឺមានតម្លៃ៣.០៩០ ដុល្លារនៅក្នុងមួយតម្លឹង ។
មកដល់ពេលនេះមាសត្រូវបានចាត់ទុកជាលោហៈធាតុកម្រ និងមានតម្លៃទទួលស្គាល់ទូទាំងពិភពលោកពីតម្លៃរបស់វា។ វាត្រូវបានប្រើជាទុនបម្រុងសម្រាប់គ្រប់គ្រងហានិភ័យក្នុងប្រទេសក្នុងគ្រាមានវិបត្តិដូចជាសង្គ្រាម ការប្រែប្រួលរូបិយប័ណ្ណ អតុល្យភាពពាណិជ្ជកម្ម និងវិបត្តិបំណុលជាដើម។
ការរក្សាមាសទុកដើម្បីរក្សាតម្លៃរូបិយប័ណ្ណជាតិត្រូវបានធ្វើឡើងតាមបណ្ដាប្រទេសនានាក្នុងពិភពលោកដោយរួមទាំងធនាគារជាតិនៃកម្ពុជា។
ចែករំលែកព័តមាននេះ