អន្តរជាតិ ៖ តាមការស្ទង់មតិដោយក្រុមប្រឹក្សាមាសពិភពលោក ហៅកាត់ថា WGC បានបង្ហាញថា ធនាគារកណ្តាលទូទាំងពិភពលោករំពឹងថា ការកាន់កាប់មាសជាទុនបម្រុងអន្តរជាតិរបស់ពួកគេ នឹងកើនឡើងក្នុងរយៈពេល៥ឆ្នាំខាងមុខ ខណៈពេលដែលពួកគេរំពឹងថា ការកាន់កាប់ប្រាក់ដុល្លារអាមេរិករបស់ពួកគេនឹងមានការថយចុះ។ នេះបើយោងតាមប្រភពពីទីភ្នាក់សារព័ត៌មាន Reuters បានចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។
តម្រូវការមាសពីធនាគារកណ្តាលទូទាំងពិភពលោក បានកើនឡើងខ្លាំងក្នុងរយៈពេល៣ឆ្នាំចុងក្រោយ បើទោះជាតម្លៃលោហៈធាតុដ៏មានតម្លៃមួយនេះបានកើនឡើងដល់បំបែកកំណត់ត្រាជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។ តម្លៃមាសបានឡើងដល់កម្រិតខ្ពស់បំផុតគ្រប់ពេល ៣ ៥០០.០៥ដុល្លារក្នុងមួយអោន ឬស្មើនឹង ៤ ២១៦ដុល្លារក្នុង១តម្លឹង កាលពីខែមេសា ឆ្នាំ២០២៥ ពោលកើនឡើងដល់ ៩៥% ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ នៅពេលដែលរុស្ស៊ីបានឈ្លានពានលើអ៊ុយក្រែន។
ធនាគារកណ្តាលនៅទូទាំងពិភពលោកចំនួន ៧៣ បានឆ្លើយតបនឹងការស្ទង់មតិរបស់ WGC ដែលធ្វើឡើងចន្លោះថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី២០ ខែឧសភា ហើយ ៧៦% នៃពួកគេរំពឹងថា ការកាន់កាប់មាសជាទុនបម្រុងអន្តរជាតិរបស់ពួកគេ នឹងកើនឡើងខ្ពស់ក្នុងរយៈពេល៥ឆ្នាំ បើធៀបនឹង ៦៩% កាលពីឆ្នាំមុន។ ជិតបីភាគបួននៃការឆ្លើយតបសំណួររំពឹងថា ទុនបម្រុងអន្តរជាតិជាប្រាក់ដុល្លាររបស់ធនាគារកណ្តាលទូទាំងពិភពលោក នឹងទាបជាងក្នុងរយៈពេល៥ឆ្នាំខាងមុខ ធៀបនឹង ៦២% កាលពីឆ្នាំមុន។
WGC បានលើកឡើងក្នុងការចេញផ្សាយមួយថា «អំឡុងពេលមានវិបត្តិ ព្រមទាំងការធ្វើពិពិធកម្មផលប័ត្រ និងការទប់ស្កាត់អតិផរណា ទាំងនេះគឺជាប្រធានបទសំខាន់មួយចំនួន ដែលជំរុញឱ្យផែនការទិញមាសស្តុកបន្ថែមទៀត នៅឆ្នាំខាងមុខនេះ»។ WGC បានបន្តថា បណ្តាធនាគារកណ្តាលបានប្រមូលមាសច្រើនជាង១ពាន់តោន នៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដោយតំណាងឱ្យការកើនឡើងគួរឱ្យកត់សម្គាល់ពីមធ្យមភាគ ៤០០-៥០០ តោន កាលពី១០ឆ្នាំមុន។ ការកើនឡើងគួរឱ្យកត់សម្គាល់នេះ កើតឡើងប្រឆាំងនឹងភាពមិនប្រាកដប្រជាភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចពិភពលោក។ ទន្ទឹមជាមួយគ្នានោះ ៥៩% នៃការស្ទង់មតិក៏បានបង្ហាញថា ជម្លោះពាណិជ្ជកម្មដែលអាចកើតមាន និងបញ្ហាពន្ធគយ ក៏ជាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងទុនបម្រុងរបស់ពួកគេផងដែរ៕


ចែករំលែកព័តមាននេះ