ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលា​ការ​កោះ​ហៅ​តំណាង​11​នាក់​លើក​គ្នា​មក​ជាង​50​នាក់

13 ឆ្នាំ មុន

ខេត្ត​​បាត់ដំបង ៖ ​​​អ្នក​​ភូមិ​​ប្រមាណ​ជាង​៥០​នាក់​​​ ​មក​ពីឃុំ​ចែង​មានជ័យ ​​ស្រុក​​បាណន់ ​​បាន​មក​ប្រមូលផ្តុំ​​គ្នា​នៅ​ខាង​មុខ​សាលា​ដំបូង​ខេត្ត​​ កាលពីព្រឹកថ្ងៃទី២៤ សីហា ​ដោយមាន​លើក​បដាពាក្យ​ស្លោក​ព្រោង​ព្រាត​​​ផង ​ដើម្បី​ប្រឆាំង​​ទៅ​នឹង​ស្ថាប័ន​​តុលា​ការ​នេះ ដែល​បាន​ចេញ​ដីកា​​​​បង្គាប់​​ឱ្យ​តំណាង​ពួកគេ​​​១១នាក់​ចូលខ្លួន​មកបំភ្លឺ​ ​​ជុំ​វិញ​

ខេត្ត​​បាត់ដំបង ៖ ​​​អ្នក​​ភូមិ​​ប្រមាណ​ជាង​៥០​នាក់​​​ ​មក​ពីឃុំ​ចែង​មានជ័យ ​​ស្រុក​​បាណន់ ​​បាន​មក​ប្រមូលផ្តុំ​​គ្នា​នៅ​ខាង​មុខ​សាលា​ដំបូង​ខេត្ត​​កាលពីព្រឹកថ្ងៃទី២៤ សីហា ​ដោយមាន​លើក​បដាពាក្យ​ស្លោក​ព្រោង​ព្រាត​​​ផង ​ដើម្បី​ប្រឆាំង​​ទៅ​នឹង​ស្ថាប័ន​​តុលា​ការ​នេះ ដែល​បាន​ចេញ​ដីកា​​​​បង្គាប់​​ឱ្យ​តំណាង​ពួកគេ​​​១១នាក់​ចូលខ្លួន​មកបំភ្លឺ​​​ជុំ​វិញ​ការ​ចោទប្រកាន់​ដែល​កើត​ចេញ​ពីជម្លោះ​​ដីធ្លី ។

ការ​ចេញ​ដីកា​កោះ​​ ឬបង្គាប់​​ឱ្យ​ជន​សង្ស័យ​​ចូល​ខ្លួន​មកបំភ្លឺ​​​​លើសំណុំ​​រឿង​ព្រហ្ម​ទណ្ឌ​​​ដែលគេ​​ដឹងថា ​កើតចេញ​ពី​ករណី​​វិវាទ​​ដីធ្លី រួចហើយ​​តុលា​ការ​​​ចេញដីកា​ឃុំ​ខ្លួនក្នុងពន្ធ​នាគារ​​​ គឺ​ជា​​ទម្លាប់​​មួយ​ដែលស្ថាប័ន​​​​​អនុវត្ត​ច្បាប់មួយ​នេះ តែង​​​អនុ​វត្ត​កន្លងមក ​។ ដូច្នេះ​ហើយ ទើប​រាល់​លើកឱ្យ​​តែ​​មានដីកា​កោះតំណាង​​អ្នក​ភូមិ​ណាមួយ​មកបំភ្លឺ​​​នៅតុលាការ ​​​​គេតែង​​ឃើញ​​អ្នក​ភូមិ​លើកគ្នា​​​ទាំងហ្វូងមក​តវ៉ា ឬ​​គាំទ្រ​តំណាង​ពួក​គេ​មិនឈប់ឈរ​​ក្រែង​​តុលា​ការ​​ចេញដីកា​​ឃុំ​ខ្លួន​​ដូចមុនៗទៀត ។

គេសង្កេត​​​ឃើញ​​ផ្ទាំង​បដា​​​ជិត​១០​​សន្លឹក​​​ដែល​អ្នក​​ភូមិ​លើកព្រោង​ព្រាត​​​​យ៉ាង​ស្ងៀមស្ងាត់​នៅ​ខាង​មុខ​សាលា​ដំបូង​​ខេត្ត​នាព្រឹក​​​ថ្ងៃទី២៤​ សីហា នេះ ភាគ​ច្រើន​​មាន​ខ្លឹមសារ​​​ប្រឆាំង​ទៅ​នឹង​​​លោក​គឹម ​ម៉េង ​ចៅ​ក្រមស៊ើបសួរ ។ ​​ក្រុម​អ្នកភូមិ​ទាំង​នោះ​បាន​និយាយ​ប្រាប់​អ្នកកាសែត​​​ និងសមត្ថ​កិច្ច​ថា ​​លោកគឹម ម៉េង ចៅក្រម​​ស៊ើប​សួរ​បាន​ចេញ​ដីកា​បង្គាប់​​ឱ្យ​​​តំណាង​​ពួកគេ​ចំនួន១​១នាក់ ចូល​ខ្លួន​ទៅបំភ្លឺ​​ក្នុង​តុលាការ​ជា​បន្តបន្ទាប់​ ចាប់​តាំង​ពី​អំឡុង​ខែ​កក្កដា ​រហូតមកដល់ពេលនេះ​ ​នៅ​មិន​ទាន់ចប់នៅឡើយ​ទេ ​​ក្នុងជម្លោះ​​​ដីធ្លី​​ដ៏រ៉ាំ​រ៉ៃ​មួយ​កន្លែង​នៅ​តំបន់​អណ្តូង​​​កន្តួត​​ ក្នុងឃុំ​ដូនបា ​ស្រុកគាស់ក្រឡ រវាង​​ប្រជាពលរដ្ឋ​​​ជាមួយ​មន្ត្រី​យោ​ធា​​ និងពួកឈ្មួញ​​​ដីធ្លី​មួយចំនួន ។

ស្ត្រី​​ឈ្មោះទុំ ខុម អាយុ​៦១​ឆ្នាំ ​​ដែល​កំពុង​អង្គុយ​​កាន់បដាមួយ​​ផ្ទាំង​ផង​​បានប្រាប់​​កោះសន្តិ​ភាព​ថា ក្រុម​​អ្នក​ភូមិ​នៅឃុំ​ចែងមានជ័យ​​ ស្រុក​បាណន់ ​ដែលលើកគ្នា​​មកតវ៉ា​​ដល់តុលាការ​នេះ គឺ​ស្នើ​ឱ្យ​លោកចៅ​ក្រម​​​គឹម ម៉េង ​ដែលកាន់សំណុំ​រឿង​​​នេះបញ្ឈប់នូវ​ការ​​ចេញដីកា​​កោះ​ហៅ​តំណាង​​អ្នកភូមិ​មកបំភ្លឺ​​​ ដោយ​និយាយថា ​លោកចៅ​ក្រម​​គួរទុក​បញ្ហា​ជម្លោះ​​ដីធ្លីជូន​ទៅ​គណៈ​កម្ម​ការ​ខេត្ត​​ដោះស្រាយ​សិន​​ទៅ​ ព្រោះ​​ភាគី​ដើម​បណ្តឹង​ជា​អ្នក​​រំលោភ​បំពាន​​ដី​របស់​ពួកគាត់​ ​ដោយពួកគេ​​​​​អាង​អំណាច​ជាយោធា​​ និងអាង​​អ្នកមានប្រាក់នៅពីក្រោយ ។

បើយោងតាម​​ដីកាបង្គាប់​ឱ្យចូលខ្លួន​​របស់​លោកគឹម  ម៉េង ​ចៅ​ក្រម​​​ស៊ើបសួរ​​របស់​តុលា​ការ​ខេត្ត​​​​ដែលចេញ​ជាបន្តបន្ទាប់​​ត្រូវ​​បាន​អះ​អាង​ថា ​មានជនត្រូវ​​ចោទចំនួន​១១​នាក់ ១-​ឈ្មោះ​ហែម ​សុខន ភេទស្រី ​២-​ឈ្មោះ​ជា ចន្ធី​ដា ​ភេទ​ស្រី ៣-​​ឈ្មោះ​​​ឡូញ ​លៀប ​ភេទស្រី ​៤-​ឈ្មោះ​​ហ៊ាម ​​យ៉ុម ​ភេទស្រី ​៥-​ឈ្មោះឡូញ វីតា ​ភេទ​ស្រី ៦-ឈ្មោះ​ប៊ូ សារូ ​មេ​ភូមិចែង ឃុំ​​ចែង​មាន​ជ័យ ៧-ឈ្មោះ​​ហាក់​ តាន់ មេភូមិ​បុសខ្នុរ ​ឃុំ​​ចែង​មានជ័យ​ ៨-ឈ្មោះ​នុន ប៉ក់ ​​មេឃុំ​​ចែង​មានជ័យ ​៩-ឈ្មោះ​អ៊ុង សុភ័ក្រ ​​ភេទប្រុស ​​១០-​ឈ្មោះ​ឡូញ ប៊ុនលី ភេទប្រុស ​និង​១១-​ឈ្មោះ​​យូម ឡៃ ​ភេទប្រុស ។

ក្រុម​អ្នក​តវ៉ា​​បាននិយាយថា ​​ឈ្មោះ​ខាងលើ​នេះមួយចំនួនត្រូវ​ចូលខ្លួនទៅបំភ្លឺ​​​នៅ​តុលាការ​តាំងពី​ខែ​កក្កដា តែមិនបានចូលទេ ព្រោះ​ពួកគេ​ខ្លាច​​តុលាការ​ចាប់ឃុំ​ខ្លួន រីឯ​មួយ​ចំនួន​ទៀត​នឹង​ត្រូវ​ចូល​ខ្លួន​នាពេល​ខាង​មុខនេះទៀត ។ អ្នក​ភូមិ​បាន​បញ្ជាក់ថា ​​ជនត្រូវចោទ​ឈ្មោះ​​ប៊ូ សារុំ ​​ត្រូវ​តុលា​ការ​​ឃ​ុំខ្លួន​កាលពីថ្ងៃទី២០ កក្កដា ​ឆ្នាំ​២០១១ ​​​នៅពេលគាត់​ចូលខ្លួនទៅ​​បំភ្លឺ​តាមដីកា​​របស់​លោក​គឹម ​ម៉េង ។ ​ដូច្នេះ​​ហើយ​ទើប​ជន​ត្រូវចោទ​​​​ផ្សេងៗ​ទៀត​​​រាង​ចាល​មិនហ៊ាន​ចូល​ទៅ​តុលា​ការ​​ ។

នៅក្នុង​ដីកា​​របស់​លោក​គឹម ម៉េង​ ចៅ​ក្រម ​​ស៊ើប​សួរ គេពិនិត្យ​ឃើញ​​មានការចោទ​ប្រកាន់ ​ចំនួន​​២​ករណី​​ទៅ​លើ​តំណាង​អ្នក​ភូមិ​ទាំង​១១​រូប ​ខាងលើ​នេះគឺ​ចោទពីបទ «ប៉ះ​ពាល់កម្មសិទ្ធិឯក​ជន និងពីបទ​សមគំនិត​ក្នុងអំពើ​​ឆបោក» ​ដែល​សំណុំ​​រឿង​នេះ​មានដើម​បណ្តឹង​១-ឈ្មោះ​អ៊ុន សុភាព​ ជា​មន្ត្រី​​នគរបាល​ចរាចរខេត្ត ២-ឈ្មោះ​​ញេប ជា ជាមន្ត្រី​យោធា និង៣-ឈ្មោះ​ហុង គា​ ជាជាង​​ថត​រូប​នៅឯស្រុក​ថ្មគោល ។ ​នៅក្នុង​ដីកា​​សម្រេច​​​លេខ​៤៨៤៥ ​ចុះថ្ងៃទី២៣ សីហា ឆ្នាំ​២០១០ របស់លោក​គឹម ម៉េង ចៅក្រម​ស៊ើប​សួរ ​បានឱ្យ​ដឹងថា ដើមបណ្តឹង​​ទាំង​៣នាក់​ខាង​លើ​នេះ ​ជាតំណាង​ឱ្យ​ប្រជាជន​ចំនួន១០០​គ្រួសារ ។

ដើមបណ្តឹង​​​លោកអ៊ុន សុភាព ​បាននិយាយ​ថា ​ដីនោះ​​ទំហំ​៥៧០​ហិកតា ​បានមកពី​ការ​បែង​ចែក​របស់អង្គភាព​យោធា​​កងពល​លេខ​១៨ អតីត​​ខ្មែរក្រហម​ដែលធ្វើ​សមាហរណកម្ម ។ ប៉ុន្តែ​ភាគី​​​ប្រជាពលរដ្ឋ​​ដែលតវ៉ា​​បានតប​វិញថា ​​ភាគី​ដើម​បណ្តឹង​​បានដីនេះ​ពីការរំលោភ​​​បំពាន​​​យក​ពីប្រជាពលរដ្ឋ​​​សុទ្ធ​សាធ​​​ដោយការ​ប្រើ​​​​អំណាច​ និងទឹកប្រាក់​ ។

ទោះ​ជាបែបណា គេមិន​​ទាន់ឃើញ​មានការ​ឆ្លើយ​តប​ពីមន្ត្រី​តុលាការ​​ភ្លាមៗទេ ។ រីឯ​ក្រុម​អ្នក​តវ៉ា​​ក៏បាន​រំសាយ​នៅ​ពេល​រសៀល​បន្តិច​ ប៉ុន្តែ​​​​ពួកគេ​បាន​ព្រមានថា នឹង​លើកគ្នា​​មកម្តង​ទៀត បើ​គ្មាន​ដំណោះ​ស្រាយឱ្យ​បាត់​​ការ​ភ័យ​ខ្លាច​​ទេ ៕