ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​អង់គ្លេសគាំ​ទ្រគម្រោង​ការធ្វើ​ដំណើរ​របស់​អ្នកទីក្រុង​ឡុងដើម្បីប​ញ្ចៀស​ការកកស្ទះ​ចរាចរណ៍​តាម​ដងផ្លូវ​អំឡុងពេល​ប្រកួតកីឡា​អូឡាំពិកថ្ងៃ​ទី1នៅ​ឆ្នាំក្រោយ

13 ឆ្នាំ មុន

រដ្ឋា​ភិ​បាល​អង់​គ្លេស​មាន​គម្រោង​ឲ្យ​អ្នក​រស់​នៅ​ក្នុង​ទី​ក្រុង​ធ្វើ​ដំណើរ​បែប​ផែន​ផ្សេង​ខុសពី​ទម្លាប់​របស់​ពួក​គេ​សព្វ​ដង​អំឡុង​ការ​ប្រកួត​កីឡាអូឡាំពិក​ឆ្នាំ​២០១២​ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរ​ណ៍។ ប្រព័ន្ធ​ដឹក​ជញ្ជូន​សា​ធារណៈ​របស់​ទី​ក្រុង​ឡុង​ដ៍​នឹង​មាន​បូក​បន្ថែម​ការ​ធ្វើ​ដំណើរ​ពី​​មនុស្ស​ប្រមាណ​៣លាននាក់​នៅ​ថ្ងៃទី​៣ខែ​សី​ហា​ឆ្នាំ​ក្រោយ​។​

រដ្ឋា​ភិ​បាល​អង់​គ្លេស​មាន​គម្រោង​ឲ្យ​អ្នក​រស់​នៅ​ក្នុង​ទី​ក្រុង​ធ្វើ​ដំណើរ​បែប​ផែន​ផ្សេង​ខុសពី​ទម្លាប់​របស់​ពួក​គេ​សព្វ​ដង​អំឡុង​ការ​ប្រកួត​កីឡាអូឡាំពិក​ឆ្នាំ​២០១២​ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរ​ណ៍។ ប្រព័ន្ធ​ដឹក​ជញ្ជូន​សា​ធារណៈ​របស់​ទី​ក្រុង​ឡុង​ដ៍​នឹង​មាន​បូក​បន្ថែម​ការ​ធ្វើ​ដំណើរ​ពី​​មនុស្ស​ប្រមាណ​៣លាននាក់​នៅ​ថ្ងៃទី​៣ខែ​សី​ហា​ឆ្នាំ​ក្រោយ​។​ នោះគឺ​ជា​ថ្ងៃ​ប្រកួត​ទី​១របស់​ព្រឹត្តិ​ការណ៍​អូឡាំពិក​រដូវ​ក្តៅ​ឆ្នាំ​២០១២ ​ហើយក៏​ជា​ថ្ងៃ​​មួយ​ដែល​មាន​អ្នក​ធ្វើ​យ៉ាង​ច្រើន​កុះ​ករ​ទៅ​មើល​​ការ​ប្រកួត​ផងដែរ​។ វា​គឺ​ជា​ថ្ងៃ​ដែល​មាន​អ្នក​ធ្វើ​ដំណើ​រ​សរុប​១២លាននាក់​ក្នុង​១ថ្ងៃ​ ។​

ដោយ​មូល​ហេតុ​ទាំង​អស់​នេះ​ រដ្ឋ​ាភិ​បាល​អង់​គ្លេស​ចង់​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ធម្មតា​ពី​ផ្ទះ​ទៅ​កន្លែង​ធ្វើ​ការ​ផ្លាស់​ប្តូរ​ទម្លាប់​របស់​ពួក​គេ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​កកស្ទះ​ចរាចរ​ណ៍។
រដ្ឋ​លេ​ខាធិ​ការផ្នែក​ដឹក​ជញ្ជូន​លោក​ណ័រមែន  បេកគ័រ​បាននិយាយ​ថា​៖«វា​ជា​ពេល​ដែល​ត្រូវ​ដាក់​ប្រេង​កង់​ឮសូរ​ក្រេត​ក្រត​ និង​ធ្វើ​អ្វី​មួយ​ដើម្បី​ផល​ប្រយោជន៍​និង​មុខ​មាត់​ប្រទេស​»។ ទាក់​ទិន​នឹង​ព័ត៌​មាន​ប្រកួត​កីឡាអូឡាំពិក​រដូវ​ក្តៅ​ឆ្នាំ​២០២០​វិញ​ កាល​ពី​ដើម​សប្តាហ៍​នេះ​ គណៈ​កម្មា​ធិការ​អូឡាំពិក​របស់​អាមេរិក​និង​អា​ហ្វ្រិក​ខាង​ត្បូង​បាន​និយាយ​ថា ពួក​គេ​បាន​ផ្ញើ​ឯក​សារ​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ​ប្រកួត​អូឡាំពិក​ទៅ​ប្រធាន​នគណៈ​កម្មា​ធិការ​អូឡាំពិក​ពិភពលោក​IOCរួច​ជា​ស្រេច​ហើយ​។

សម្រាប់​​អា​ហ្វ្រិក​ខាង​ត្បូង​ ព័ត៌​មាន​នៃ​ការ​ចូល​ដេញ​ថ្លៃរបស់​គេ​លើក​នេះ​គឺ​ជា​​ការ​ផ្លាស់​ប្តូរ​ជំ​ហរ​១៨០​ដឺ​ក្រេ​ដ្បិត​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​​ប្រធាន​គណៈកម្មាធិ​ការអូឡាំពិករបស់​ប្រទេស​នេះ​បាន​ប្រកាស​ថា​ប្រទេស​របស់​ខ្លួន​បាន​លុ​ប​ចោល​ការដេញ​ថ្លៃ​ប្រកួតកីឡាអូឡាំពិក​រដូវ​ក្តៅ​ឆ្នាំ​២០២០​ហើយ​។ ការ​បញ្ជាក់​នា​ពេល​នោះ​របស់​​គណៈ​រដ្ឋ​មន្ត្រី​របស់​អាហ្វ្រិក​ខាង​ត្បូង​បាននិ​យាយ​​ថា​ខ្លួន​បាន​សម្រេច​ចិត្ត​បែបនោះ​ក៏​ព្រោះ​ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ល្អ​ប្រ​សើរ​សម្រាប់​ប្រទេស​ទាំង​មូល​បន្ទាប់​ពី​បាន​ឆ្លង​កាត់​ការ​ចំ​ណាយ​ប្រាក់​យ៉ាង​ច្រើន​រៀប​ចំ​ការ​ប្រកួត​បាល់​ទាត់​វើល​ខាប់​កាល​ពី​ឆ្នាំ​២០១០​កន្លង​មក​។

កាល​​ពី​មុនខែ​ឧសភា ​គណៈ​កម្មា​ធិការ​អូឡាំ​ពិក​អាហ្វ្រិក​ខាង​ត្បូង​សង្ឃឹម​ថា​នឹង​ចូល​ដេញ​ថ្លៃ​ ហើយ​នាំ​យក​ព្រឹត្តិការណ៍​អូឡាំពិក​មក​កាន់​ទ្វីប​អាហ្វ្រិក​ជា​លើក​ទី​១បន្ទាប់​ពី​ការ​ប្រកួត​បាល់​ទាត់​វើល​ខាប់​បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​។ តែ​ការ​សម្រេចរបស់​រដ្ឋាភិ​បាល​ក្រោយ​​មក​គឺ​ផ្ទុយ​ពី​ការ​យល់​ឃើញ​របស់​គណៈ​​កម្មា​ធិការ​អូឡាំ​ពិក​។ រដ្ឋាភិ​បាល​យល់​ថា​ជំនួស​ឲ្យ​ការ​ចំ​ណាយ​លុយ​លើ​ការ​រៀប​ចំ​ការ​ប្រកួត​កីឡា គេ​គួរតែ​ចំ​ណាយ​លុយ​លើ​ការ​ប្រ​យុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រី​ក្រ​ ការ​ចាយ​លុយ​លើ​ផ្នែក​សេវា​កម្ម​ជា​មូល​ដ្ឋាន​ដូច​ជា​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ក៏​ដូច​ជា​ចរន្ត​អគ្គិសនី​ដល់​បណ្តា​ប្រជា​ពល​រ​ដ្ឋ​ក្រី​ក្រ​។ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ភ្ញាក់​ផ្អើល​ពេល​នេះ​អា​ហ្វ្រិក​ខាង​ត្បូង​បែរ​ជា​ថា​ខ្លួន​ចូល​ដេញ​ថ្លៃ​ដែរ​។
ដោយឡែក​ទី​ក្រុង​តូ​ក្យូ​បាន​ចូល​មក​ជំ​នួស​ក្រុង​ហ៊ីរ៉ូ​ស៊ី​ម៉ារបស់​ជប៉ុន​បន្ទាប់​ពី​ទី​ក្រុង​មួយនេះ​បាន​បោះ​បង់​ចោល​គម្រោង​ចូល​ដេញ​ថ្លៃ​រៀប​ចំ​ប្រកួត​កីឡាអូឡាំពិក​រដូវក្តៅ​ឆ្នាំ​២០២០​​បន្ទាប់​ពី​មាន​ការ​ជំ​ទាស់តវ៉ា​ពី​ប្រជាជន​ក្នុង​មូល​ដ្ឋាន​និង​កង្វះ​ខាតមូល​​និធិ​។​

គណៈ​កម្មាធិការអូឡាំពិក​ប្រទេស​ជា​សមា​ជិក​នានា​មាន​ពេល​វេលា​ដល់​ថ្ងៃ​ទី​១ខែ​កញ្ញាក្នុង​ការ​ផ្តល់​ឈ្មោះ​ទី​ក្រុង​ដែល​ត្រូវ​ចូល​ដេញ​ថ្លៃ​ឲ្យ​ទៅ​គណៈ​កម្មា​ធិការ​អូឡាំពិក​ពិភពលោក​IOC។ គណៈ​កម្មា​ធិការ​អូឡាំពិក​ពិភពលោក​កាល​ពី​ពាក់​កណ្តាល​ខែ​ឧសភា​​បាន​ប្រកាស​បើក​នីតិវិធី​កីឡាអូឡាំពិក​រដូវ​ក្តៅ​ឆ្នាំ​២០២០​។ នៅ​ក្នុង​នោះ​គណៈ​កម្មា​ធិការ​នេះ​បាន​ចែក​លិខិតជូន​ដំ​ណឹង​ទៅ​គ្រប់​សមាជិក​របស់​ខ្លួ​​ន​ក្នុង​ពិភពលោក​ទាំង​អស់​ឲ្យ​ផ្ញើឈ្មោះ​ទី​ក្រុង​ដែល​ត្រូវ​ដេញ​ថ្លៃ​មក​ខ្លួន​មិន​ឲ្យ​ហួស​ថ្ងៃ​ទី​១ខែ​កញ្ញាឡើយ ។
បន្ទាប់​មក​ទី​ក្រុង​ជា​បេក្ខ​ភាព​ទាំង​អស់​ត្រូវ​ផ្តល់​លិ​ខិត​ពាក់​ព័ន្ធ​នឹង​ខ្លួន​មក​IOCត្រឹម​ថ្ងៃ​ទី​១៥​ខែ​កុម្ភៈ​ឆ្នាំ​២០១២​។ ​IOCនឹង​ជ្រើស​រើស​ទី​ក្រុង​ដែល​ត្រូវ​ជាប់​ឈ្មោះ​នៅ​ថ្ងៃទី​៧​ខែ​កញ្ញា​ឆ្នាំ​២០១៣​នៅ​ទី​ក្រុង​​ប៊ុយណូស៊ែ ប្រទេស​អាហ្សង់​ទីន​។ ​ប្រធាន​គណៈកម្មា​ធិការអូឡាំពិក​ពិភព​លោក​ហ្សាក់ រ៉ូស​មាន​បំណង​នាំ​យក​កីឡា​អូឡាំ​ពិក​ទៅ​កាន់​អាហ្វ្រិក​ខាង​ត្បូង​ជា​យូរ​មក​ហើយ​ ហើយ​ឥឡូវនេះ​បំណង​នោះ​ក៏​នៅ​តែ​មាន​ក្នុង​ចិត្ត​របស់​លោក​រ៉ូស​នៅ​ឡើយ​៕