ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជ្រក​​ភ្លៀង​ក្រោម​ផ្ទះ​​រន្ទះ​បា.ញ់​​ប្រល័យ​ជីវិត​2​នាក់​ និង​របួស​6​នាក់​

13 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖​ផ្ទៃមេឃខ្មៅងងឹត​លាយ​ឡំ​​នឹង​​ផ្លេកបន្ទោរឆ្វាត់ឆ្វែងផង ​មិន​យូរ​ប៉ុន្មាន​ភ្លៀង​បាន​ធ្លាក់មកលើភូមិអូរវាយ ឃុំស្ពឺ ស្រុក​ចំការ​លើ កាលពីម៉ោង២និង៤០​នាទី​រសៀល ថ្ងៃទី២៣ សីហា ។ ​អ្វីដែល​គួរ​ឱ្យ​ស្លុត​ចិត្ត​នោះ​ គឺ​បាតុភូតធម្មជាតិរន្ទះបា.ញ់​បាន​លាន់​យ៉ាងកក្រើក​​នៅ​ផ្ទះ​លោក​ង៉ែត សារុន អាយុ​៥០ឆ្នាំ បណ្តាល​ឲ្យ​ត្រូវ​

ខេត្តកំពង់ចាម ៖​ផ្ទៃមេឃខ្មៅងងឹត​លាយ​ឡំ​​នឹង​​ផ្លេកបន្ទោរឆ្វាត់ឆ្វែងផង ​មិន​យូរ​ប៉ុន្មាន​ភ្លៀង​បាន​ធ្លាក់មកលើភូមិអូរវាយ ឃុំស្ពឺ ស្រុក​ចំការ​លើ កាលពីម៉ោង២និង៤០​នាទី​រសៀល ថ្ងៃទី២៣ សីហា ។ ​អ្វីដែល​គួរ​ឱ្យ​ស្លុត​ចិត្ត​នោះ​ គឺ​បាតុភូតធម្មជាតិរន្ទះបាញ់​បាន​លាន់​យ៉ាងកក្រើក​​នៅ​ផ្ទះ​លោក​ង៉ែត សារុន អាយុ​៥០ឆ្នាំ បណ្តាល​ឲ្យ​ត្រូវ​ប្រជាពលរដ្ឋ​ចំនួន​៨នាក់មាន​ក្មេង​ចាស់​ប្រុសស្រី​ដែល​កំពុង​តែជ្រក​ភ្លៀង​នៅ​ខាង​ក្រោម​ផ្ទះ​ក្នុង​នោះ​មាន​២នាក់​បាន​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​ និង៦នាក់​ទៀត​រង​របួស​ ត្រូវបាន​ក្រុម​សាច់ញាតិយកទៅឆ្អើរភ្លើង និងខ្លះ​ទៀត​យក​​ទៅ​សង្គ្រោះនៅមន្ទីរ​ពេទ្យ​បង្អែកស្រុកចំការលើ។

លោកអនុសេនីយ៍ឯក អ៊ិត ដារ៉ា អធិការ​នគរ​បាលស្រុកចំការលើ បាន​ប្រាប់​ឲ្យដឹងថា ចំពោះ​អ្នក​ដែលបានស្លាប់ដោយ​សារ​រន្ទះបាញ់មាន ១-ឈ្មោះអៀម ប៊ុនធឿន ភេទ​ប្រុស អាយុ២២ឆ្នាំ និង​២-ឈ្មោះមាស សារី ភេទស្រី អាយុ៣៧ឆ្នាំ។ ឯ​អ្នករបួសចំនួន៦​នាក់​ទៀត ១-ឈ្មោះ​យ៉ន ឈឿន ភេទប្រុស អាយុ​៤០​ឆ្នាំ ២-ឈ្មោះ​ហេង ជាតិ ភេទប្រុស អាយុ​២២​ឆ្នាំ ៣-ឈ្មោះ​រុន ស្រីមុំ ភេទស្រី អាយុ១៩​ឆ្នាំ ៤-ឈ្មោះ​ផល ភាស់ ភេទប្រុស អាយុ៩ឆ្នាំ ៥-ឈ្មោះចន ម៉ី ភេទប្រុស អាយុ៧ឆ្នាំ ​និង​៦-ឈ្មោះមាស គង្គា ភេទប្រុស អាយុ​៥ឆ្នាំ ទាំង​អស់​គ្នារស់នៅ​ក្នុង​ភូមិកើតហេតុ​ខាង​លើ ។

លោកអធិការនគរបាលស្រុកចំការលើ​ប្រាប់​បន្តថា មុន​ពេល​កើត​ហេតុ​​ជន​រងគ្រោះ​​ទាំងអស់​​បាននាំគ្នាមកលេងផ្ទះរបស់ឈ្មោះ​សារុន ដោយ​បានឈរលេងនៅត្រង់កន្លែងស្រះចិញ្ចឹម​ត្រី​។ មួយ​សន្ទុះ​ក្រោយ​មក​មេឃបានបង្អុរភ្លៀងមក​យា៉ង​​ខ្លាំង​លាយ​ឡំ​នឹង​​ផ្លេក​បន្ទោរ​ច្រវាត់​ ហើយ​ម្នាក់ៗបានរត់មកជ្រកនៅខាង​ក្រោមផ្ទះ​ឈើ​១ខ្នងដែលស្ថិតនៅក្បែរនោះ។ លុះ​ប្រហែល​ជា​៥​នាទី​ក្រោយ​មក​ស្រាប់តែ​រន្ទះបានបាញ់មកចំ​ក្រោម​ផ្ទះដែលមានក្មេងចាស់​ប្រុសស្រី​កំពុង​អង្គុយ​នៅលើគ្រែនិងខ្លះទៀត​ឈរ​ បណ្តាលឲ្យ​ស្លាប់២នាក់ភ្លាមៗ និង៦​នាក់​ទៀត​របួស​សន្លប់​ដេក​ដួលរដូករណែល។ ​ក្រោយ​ពេល​កើត​ហេតុ​ជន​រងគ្រោះ​​ដែល​​សន្លប់​ត្រូវបាន​សាច់ញាតិ​នាំ​គ្នា​សែងយកទៅឆ្អើរភ្លើង​រហូត​បានដឹងខ្លួនជាបន្ត​បន្ទាប់ និងខ្លះទៀតត្រូវ​នាំ​ទៅសង្គ្រោះនៅមន្ទីរ​ពេទ្យ​បង្អែកស្រុកចំការលើ ។

ចំណែកលោក​ហ៊ាង ម៉េង នាយ​ប៉ុស្តិ៍​រ​ដ្ឋ​បាល​ឃុំស្ពឺ​បាន​ប្រាប់ឲ្យដឹងដែរថា ក្នុង​ពេល​ដែល​មេឃ​​​​កំពុង​​បង្អុរភ្លៀងធ្លាក់ចុះមកនោះ​ ប្រជា​ពល​រដ្ឋ​​ប្រុសស្រីជាង១០នាក់ បានជ្រកនៅខាង​ក្រោម​​​ផ្ទះ​ឈ្មោះ​ង៉ែត សារុន ស្រាប់​តែត្រូវរន្ទះ​បាញ់​តែម្តង បណ្តាល​​ឲ្យ​​ស្លាប់​ និងរបួស​៨នាក់ ឯ​បុរសម្ចាស់​ផ្ទះមិន​រងបួសនោះទេ។ ចំពោះអ្នក​ស្លាប់២នាក់សាច់​ញាតិ​មិនអស់ចិត្តក៏បានដឹកតាម​ម៉ូតូមក​សង្គ្រោះ​​នៅមន្ទីរពេទ្យចំការលើ តែ​គ្រូ​ពេទ្យ​​ប្រាប់ថា​ស្លាប់បាត់ទៅហើយ ទើបដឹកយក​មក​ធ្វើបុណ្យនៅតាមផ្ទះរៀងៗខ្លួន ។

នៅព្រឹកថ្ងៃទី២៤ សីហា សាខា​កាកបាទ​ក្រហម​​កម្ពុជា​​ខេត្ត បានចុះទៅចែក​អំណោយ​ដល់​​ក្រុមគ្រួសារអ្នកស្លាប់ ដោយ​ក្នុង​១គ្រួសារ​ទទួល​បានអង្ក៥០គីឡូ​ក្រាម ត្រីខ ទឹកស៊ីអ៊ីវ ប្រេង​ឆា ព្រមទាំងថវិកា​មួយ​ចំនួនផងដែរ៕