ខេត្តពោធិ៍សាត់ ៖ គ្រោះថ្នាក់ចរាចរណ៍៤ករណីបានកើតឡើងនៅកន្លែងផ្សេងៗគ្នាក្នុងថ្ងៃតែមួយ បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន២នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ ។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃទី២២ សីហា ២០១១ បណ្តាលមកពីរថយន្តបុកម៉ូតូ២ករណី រថយន្តបុកក្មេងរត់់ឆ្លងថ្នល់១ករណី និងម៉ូតូបុកជាមួយម៉ូតូ១ករណី ។
តាមការផ្តល់ព័ត៌មានពីប៉ូលិសមូលដ្ឋានឱ្យដឹងថា នាវេលាម៉ោង១១និង៤៥នាទីព្រឹក នៅភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ រថយន្តមួយគ្រឿងម៉ាកហ្ស៊ីល របស់ក្រុមហ៊ុនចិន បានបុកអ្នកជិះម៉ូតូពីក្រោយបណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ជនរងគ្រោះឈ្មោះគឿន សុភាព ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។
នាវេលាម៉ោង៣និង៣០នាទីរសៀល នៅភូមិស្វាយប៉ាក ឃុំព្រងិលដដែល ក្មេងស្រីម្នាក់អាយុ៥ឆ្នាំ ឈ្មោះម៉ា យ៉ា ជនជាតិខ្មែរអ៊ិស្លាម ត្រូវរថយន្តបុកស្លាប់ខណៈពេលរត់ឆ្លងថ្នល់ ។ បន្ទាប់ពីបុករួច រថយន្តបង្កគ្រោះថ្នាក់បានបើករត់គេចបាត់ ប៉ុន្តែត្រូវបានសមត្ថកិច្ចដឹងថារថយន្តនោះម៉ាកតូយ៉ូតា ពណ៌កណ្តុរល្មែះ ស៊េរី៨៩ ពាក់ស្លាកលេខពោធិ៍សាត់ 2E-8251 បើកបរដោយឈ្មោះវ៉ា សុងហ៊ីម ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ជាភ្នាក់ងារកាសែតជាតិ ។
នាវេលាម៉ោង៧និង៣០នាទីយប់ មានករណីម៉ូតូបុកជាមួយម៉ូតូនៅទំនប់ឈើតោក ភូមិស្រែពពាយ ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ដដែលបណ្តាលឱ្យអ្នកបើកម៉ូតូទាំងសងខាងរបួសធ្ងន់ទាំងពីរនាក់ គឺម្នាក់ឈ្មោះឡុង យុទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ របួសបាក់ឆ្អឹងជំនីរបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តបាត់ដំបង និងម្នាក់ទៀតឈ្មោះគាន លិញ ភេទប្រុសអាយុ១៨ឆ្នាំ (ស្រវឹងស្រា) សន្លប់បាត់ស្មារតី ។ អ្នកទាំងពីរនាក់មានទីលំនៅក្នុងស្រុកភ្នំក្រវាញដូចគ្នា ។
នាវេលាម៉ោង៨និង៣០នាទីយប់ នៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ អ្នកជិះម៉ូតូឌុបគ្នា៣នាក់ ត្រូវរថយន្តបុកបាក់ភ្លៅបែកក្បាល លៀនភ្នែក របួសយ៉ាងធ្ងន់ធ្ងរលើផ្លូវជាតិលេខ ៥ ។ រថយន្តម៉ាកហ្វ៊ុយហ្សូ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-0082 បើកបរដោយឈ្មោះប៉ែន សារ៉ាត់ ភេទប្រុសអាយុ២៩ឆ្នាំ បម្រើការងារនៅក្រុមហ៊ុន MDS ។ ចំណែកអ្នកជិះម៉ូតូរងគ្រោះទាំង៣នាក់មាន ១-ឈ្មោះឡេង គឹមលុច ភេទប្រុស អាយុ២២ឆ្នាំ ២-ឈ្មោះសោន សែន ភេទប្រុស អាយុ២៥ឆ្នាំ និង៣-ឈ្មោះកាក់ បឿ ភេទប្រុស អាយុ២៣ឆ្នាំ ។ អ្នកទាំង៣នាក់មានទីលំនៅក្នុងឃុំស្នាអន្សារស្រុកក្រគរ ។ សរុបគ្រោះថ្នាក់ចរាចរណ៍ទាំង៤ករណី នាថ្ងៃទី២២ សីហា នោះ បណ្តាលឱ្យមនុស្សស្លាប់២នាក់ របួស៥នាក់ ។
លោកវរសេនីយ៍ត្រីរស់ ចំរើន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តមានប្រសាសន៍ថា រយៈពេលប៉ុន្មានខែនេះចាប់តាំងពីយើងរឹតបន្តឹងច្បាប់ចរាចរណ៍មកឃើញថា គ្រោះថ្នាក់ចរាចរណ៍មានការថយចុះច្រើននៅខេត្តពោធិ៍សាត់ ហើយបើមានក៏គ្រាន់តែខូចខាតនិងរបួសស្នាមបន្តិចបន្តួចប៉ុណ្ណោះ មិនមានអ្នកស្លាប់ច្រើនដូចមុនទេ។ ដោយឡែកទើបតែនៅថ្ងៃទី២២ សីហា ២០១១ កើតឡើងដល់ទៅ៤លើក មានមនុស្សស្លាប់២នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ ដែលភាគច្រើនបណ្តាលមកពីអ្នកបើកបរលឿន ស្រវឹងស្រា និងឪពុកម្តាយធ្វេសប្រហែសកូន ។ លោកបានអំពាវនាវសូមឱ្យបងប្អូនគោរពច្បាប់ចរាចរណ៍ ដើម្បីការពារសុវត្ថិភាពនិងអាយុជីវិតផ្ទាល់ខ្លួនទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ