រាជធានីភ្នំពេញ ៖ បុរសជនជាតិវៀតណាម២នាក់ ក្នុងនោះមានម្នាក់កាន់កាតកាសែតខ្មែរ និងអាវុធខ្លីគ្មានប័ណ្ណប្រើប្រាស់ត្រូវបានកម្លាំងប៉េអឹមខណ្ឌដូនពេញចាប់ឃាត់ខ្លួននៅចំណុចមុខសាលាបឋមសិក្សាដូនពេញ ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ កាលពីវេលាម៉ោង២៣និង១០នាទីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១១ ។
យោងតាមរបាយការណ៍របស់មន្ត្រីប៉េអឹមខណ្ឌដូនពេញបានឲ្យដឹងថា បុរសជនជាតិវៀតណាម២នាក់ដែលត្រូវប៉េអឹមឃាត់ខ្លួន ម្នាក់ឈ្មោះហ៊ាន ប្រាហាន អាយុ៦៦ឆ្នាំ ជាមេការហាងសាច់ប៉ាតេ៩៩៩ ស្នាក់នៅផ្ទះលេខ១៨ ផ្លូវលេខ២២៨ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ សមត្ថកិច្ចបានដកហូតពីជននេះនូវកាំភ្លើងខ្លីម៉ាករ៉ូឡូមួយដើមគ្មានលិខិតអនុញ្ញាតប្រើប្រាស់ កាតកាសែតខ្មែរឈ្មោះក្រុងកម្ពុជាមួយសន្លឹកដែលចេញដោយចាងហ្វាងឈ្មោះសំ បូរិន លុយក្លែងក្លាយចំនួន៤០០ដុល្លារ និងលុយប្រទេសផ្សេងៗទៀតជាច្រើន និងម្នាក់ទៀតឈ្មោះយិន ទុំ អាយុ៥១ឆ្នាំ ជាកម្មករហាងសាច់បា៉តេ៩៩៩ ស្នាក់នៅជាមួយជនខាងលើ។
ទាក់ទិនការឃាត់ខ្លួនជនជាតិវៀតណាមទាំង២នាក់នេះត្រូវបានប្រភពព័ត៌មានឲ្យដឹងថា មុនពេលប៉េអឹមខណ្ឌដូនពេញចាប់ខ្លួនពួកគេ ឈ្មោះហ៊ាន ប្រាហាន និងឈ្មោះយិន ទុំ បានស្រវឹងធ្លាក់ភ្នែកពីខាងក្រៅហើយនាំគ្នាចូលក្លឹបកម្សាន្តយីហោហាត តាមបណ្តោយផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ បន្តិចក្រោយមកមិនដឹងជាមានរឿងអ្វីទេ ស្រាប់តែពួកគេមានទំនាស់ជាមួយស្រីៗនៅមុខហាងខាងលើព្រមទាំងបម្រុងផ្ទុះអាវុធទៀតផង ប៉ុន្តែប្រហែលជាដឹងថា មានសមត្ថកិច្ចដាក់កម្លាំងការពារមិនអាចបាញ់អនាធិបតេយ្យបាន ទើបនាំគ្នាជិះម៉ូតូចេញរហូតដល់មុខសាលាបឋមសិក្សាដូនពេញ ក៏ត្រូវប៉េអឹមខណ្ឌឃាត់ខ្លួនសាកសួរ និងបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ៕
ចែករំលែកព័តមាននេះ