រាជធានីភ្នំពេញ ៖ ជ្រូកព្រៃឈ្មោលដ៏ធំមួយក្បាលទម្ងន់ប្រហែលជិត៧០គីឡូក្រាម បានវង្វេងចេញពីព្រៃចូលក្នុងភូមិ ហើយខាំ និងខ្វេះ បណ្តាលឱ្យបុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ និងពីរនាក់ទៀតរងរបួសស្រាល ខណៈដែលប្រជាពលរដ្ឋទាំងនោះរួមទាំងអ្នកផ្សេងទៀតចំនួនរាប់រយនាក់ព្រួតគ្នាវាយសម្លាប់ជ្រូកព្រៃ១ក្បាលនោះ។
ម្យ៉ាងទៀត ទោះបីជាប្រជាពលរដ្ឋរាប់រយនាក់នាំគ្នាធ្វើការដេញតាម និងឡោមព័ទ្ធបែបណាក្តី ក៏មិនអាចសម្លាប់ជ្រូកព្រៃនោះបានឡើយ រហូតមានអន្តរាគមន៍ពីប៉ូលិសប៉ុស្តិ៍ប្រដាប់ដោយអាវុធ AK បាញ់ប្រហារទើបជ្រូកព្រៃនោះងាប់ បន្ទាប់មកប្រជាពលរដ្ឋបានពន្លះកាត់សាច់ចែកគ្នាធ្វើម្ហូប ចំណែកឯអ្នករបួសត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី២៤ សីហា ២០១១ នៅក្នុងព្រៃរបោះវាលស្រែភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ ជាយរាជធានីភ្នំពេញ។
ជនរងគ្រោះដោយសារជ្រូកព្រៃវាយប្រហារនោះឈ្មោះខាត់ សុភ័ណ ភេទប្រុស អាយុ៣០ឆ្នាំ រងរបួសធ្ងន់ និងពីរនាក់ទៀតរបួសស្រាល ម្នាក់ឈ្មោះកង ផេង ភេទប្រុស អាយុ៥០ឆ្នាំ និងម្នាក់ទៀតឈ្មោះរដ្ឋា ប៊ុនរ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ពួកគេរស់នៅក្នុងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ៕
ចែករំលែកព័តមាននេះ