ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹម​​ទូរស័ព្ទ​​ណាត់​ក្មេង​ស្រីមក​វាយ​មុខ​ទី​បញ្ជា​ការ​ក្រោយ​ជម្លោះ​​តាម​ទូរស័ព្ទ

13 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ហេតុការណ៍​គួរ​ឱ្យ​ភ្ញាក់​​ផ្អើល​មួយ​បាន​កើតឡើងនា​យប់​ថ្ងៃទី​២២ សីហា នៅ​ខាង​មុខ​ទី​បញ្ជា​ការ​កង​រាជអាវុធ​ហត្ថ​ខេត្ត ដោយ​ស្ត្រី​វ័យ​ក្មេង​២​នាក់​ក្នុងចំណោម​​៣​នាក់​ត្រូវ​មន្ត្រីកង​រាជអាវុធ​ ហត្ថ​​ចុះ​​កម្ម​សិក្សា​​២​នាក់ព្រួត​វាយ​បណ្តាល​ឱ្យ​មាន​របួស​យ៉ាងដំណំ​ហើយ ​ត្រូវបាន​ក្រុម​គ្រួសារ​​បញ្ជូន​មក​ព្យា​បាល​​នៅ​មន្ទីរ​

ខេត្តស្វាយរៀង ៖ ហេតុការណ៍​គួរ​ឱ្យ​ភ្ញាក់​​ផ្អើល​មួយ​បាន​កើតឡើងនា​យប់​ថ្ងៃទី​២២ សីហា នៅ​ខាង​មុខ​ទី​បញ្ជា​ការ​កង​រាជអាវុធ​ហត្ថ​ខេត្ត ដោយ​ស្ត្រី​វ័យ​ក្មេង​២​នាក់​ក្នុងចំណោម​​៣​នាក់​ត្រូវ​មន្ត្រីកង​រាជអាវុធ​ហត្ថ​​ចុះ​​កម្ម​សិក្សា​​២​នាក់ព្រួត​វាយ​បណ្តាល​ឱ្យ​មាន​របួស​យា៉ងដំណំ​ហើយ​ត្រូវបាន​ក្រុម​គ្រួសារ​​បញ្ជូន​មក​ព្យា​បាល​​នៅ​មន្ទីរ​ពេទ្យ​បង្អែក​​ខេត្ត​ទាំង​យប់ ។

ក្មេង​ស្រី​រងគ្រោះ​ទាំងពីរ​ ម្នាក់​ឈ្មោះ​​សៅ ស្រីមុំ អាយុ​១៧​ឆ្នាំ មានទីលំនៅ​ក្នុង​​ភូមិ​ស្វាយ​រៀង ​សង្កាត់​​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ​រង​របួស​​​ជាំ​កដៃ​​ស្តាំ និង​ដង​ខ្លួន ​និង​ម្នាក់​ទៀត​ឈ្មោះ​​​ព្រំ ថានិន អាយុ​២២​ឆ្នាំ ​មាន​ទីលំនៅ​ក្នុង​ភូមិ​ស្រះវង់ សង្កាត់ស្វាយ​រៀង ក្រុងស្វាយរៀង ​រងរបួស​ជាំ​កំភួន​ជើង​ខាង​ឆ្វេង​ និង​ដាច់​រលាត់​ខ្លួន​ប្រាណ ។ ចំណែក​​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​​ដែល​ជាប់ចោទថា បាន​ព្រួត​វាយ​នោះ​​ម្នាក់​ឈ្មោះ​ចាន់ រតនា ​និង​​ម្នាក់​ទៀតឈ្មោះ ​ម៉ៃ​ ។

ទាក់​ទិន​នឹង​ហេតុការណ៍​ខាង​លើ​នេះ ត្រូវ​បាន​​នាង​​សៅ ស្រីមុំ រៀប​រាប់​ថា ​នៅវេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី២២ សីហា នោះ​​ ខណៈ​​រូប​នាង​កំពុង​ហូប​បាយ​​ជា​មួយ​ក្រុម​គ្រួសារ​​​ស្រាប់​តែ​ឈ្មោះចាន់ ​រតនា បាន​ទូរស័ព្ទ​​មក​រូប​នាង​ ហើយ​ជេរ​តិះ​ដៀល​យ៉ាង​ខ្លាំង​មក​លើ​រូប​នាង និង​ឪពុក​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ឈ្មោះចាន់ រតនា នេះ​ក៏​បាន​​ហុច​ទូរស័ព្ទ​ទៅ​ឱ្យ​មេ​របស់​គេ​ឈ្មោះ​ម៉ៃ ​​ជួយ​ជេរ​ប្រទេច​​រូប​នាង​ថែមទៀត ។ ​ពេល​នោះ​ រូប​នាង​ក៏បាន​តប​តាម​ទូរស័ព្ទ​​ថា «ម៉េច​ពូ​ឯង​ជេរ​ខ្ញុំ ខ្ញុំ​មិន​ដែល​ស្គាល់​ពូ​ឯង​ទេ ​ពូ​ឯង​ច្រឡំ​​លេខទូរស័ព្ទ​ហើយ» ប៉ុន្តែ​​មន្ត្រី​​​ប៉េអឹម​ទាំងពីរនាក់​នៅតែមិន​ស្តាប់ ហើយ​បន្ត​ជេរ​​រូប​នាង​ទៀត​រហូត​ទ្រាំ​លែង​បាន​រូប​​នាង​ក៏ជេរ​​តប​វិញ។ ជា​ចុង​ក្រោយ ​ឈ្មោះ​ចាន់ រតនា ក៏​បោះ​សំដី​ណាត់​ជួប​ថា បើ​ខ្លាំង​មក​​ជួបរូបគេ​នៅ​មុខ​ទី​បញ្ជា​ការ​​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​ដែល​ស្ថិតនៅភូមិ​រោង​បន្លែ ​សង្កាត់​​ស្វាយរៀង ​ឥឡូវ​មក ។

នាង​សៅ ស្រីមុំ ​បាន​បន្ត​ថា ដោយ​រូប​នាង​មិន​អស់​ចិត្ត​នឹង​រឿង​ជម្លោះ​នោះ ​ក៏​បបួល​ប្អូនស្រី​ឈ្មោះ​សៅ គន្ធា ​អាយុ​១៥​​ឆ្នាំ ​និង​មិត្តភក្តិ​ឈ្មោះ​ព្រំ ថានិន ជិះ​ម៉ូតូ​ឌុប​គ្នា​​ទៅរក​​មន្ត្រី​ប៉េអឹម​​ទាំងពីរ​ដើម្បី​ជម្រះ​​ឱ្យដឹង​ស-ខ្មៅ។ ប៉ុន្តែ​​ពេល​ទៅដល់​​មុខ​ទី​បញ្ជា​ការ​កង​រាជអាវុធ​ហត្ថ​​ខេត្ត​​ភ្លាម ​​ក៏​ផ្ទុះ​ជម្លោះ​​រហូត​ឈាន​ដល់​ការ​​ប្រវាយ​ប្រតប់​​គ្នា​តែ ម្តង ដោយ​ឈ្មោះ​ម៉ៃ ​ប្រវាយ​ប្រតប់​ជាមួយ​រូប​នាង ​រីឯ​ឈ្មោះ​ចា​ន់ រតនា ​បាន​ចាប់​ព្រំ ថា​និន បោក​ដួល​ទៅលើ​ថ្នល់​ និង​ប្រតាយ​គ្នា​ទៅវិញ​ទៅមក​ផង​ដែរ ​ហើយ​ពេល​នោះ​ក៏​​​មាន​កម្លាំង​ប៉េអឹម​ជាច្រើន​នាក់​​ទៀត​​នាំគ្នា​​ឈរ​ឱប​ដៃ​មើល​ដោយ​​​ពុំ​ព្រម​ជួយ​ឃាត់​នោះ​ទេ ។ ​ចំណែកឯ​​​នាង​ព្រំ ថានិន បាន​ឱ្យដឹងថា ​ក្រោយ​ពេល​កើត​ហេតុ​​ពួក​នាង​បាន​នាំគ្នាជិះ​ម៉ូតូ​មក​ប្តឹង​​ប៉ូលិស​ប៉ុស្តិ៍​​រដ្ឋ​បាល​សង្កាត់​ស្វាយ​រៀង​ទាំង​យប់​អំពី​​ហេតុ​ការណ៍​នេះ​ បន្ទាប់​​មក​ទើប​នាំគ្នា​​ត្រឡប់​ទៅ​ផ្ទះ​​​​ប្រាប់​រឿង​រា៉វ​ដល់​ឪពុក​ម្តាយ​ និង​នាំគ្នា​​ទៅ​មន្ទីរ​ពេទ្យ​ព្យា​បាល ។

មន្ត្រី​​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋ​បាល​សង្កាត់​ស្វាយ​រៀង បាន​ឱ្យ​ដឹងថា ​​​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​​ទាំងពីរ​នាក់​​នោះ​​បាន​ចោទ​ក្រុម​ក្មេង​ស្រី​រងគ្រោះថា ជាអ្នក​ទៅ​រក​រឿងពួក​គេដល់​បន្ទាយ ទើប​​កើត​មាន​ជម្លោះ​រហូត​ដល់​មាន​ការ​​ប្រវាយ​ប្រតប់​​គ្នា​បែប​នេះ ។ ទោះ​បីជា​យ៉ាងណា​​ក៏ដោយ​ ក្នុងនាម​ខ្លួន​ជា​កម្លាំង​សមត្ថ​កិច្ច​ហេតុអ្វី​បាន​ជា​នាំគ្នា​​​ធ្វើ​បែប​នេះ ហើយម្យ៉ាង​ភាគី​ម្ខាង​ទៀតសុទ្ធ​តែ​ជា​ក្មេង​ស្រី​​​ដែល​​​ធ្វើ​បែប​នេះ​គឺពិតជា​មិន​​ត្រឹម​ត្រូវ​ឡើយ។ ​ពាក់​​ព័ន្ធ​​នឹង​ករណី​នេះ ​ភ្នាក់ងារ​​កោះ​សន្តិ​ភាព​មិនអាច​​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​ខាង​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​បាន​ទេ ​មក​ដល់​​ល្ងាច​ថ្ងៃ​ទី​២៣ សីហា ។

មាន​ការ​កត់​សម្គាល់​ថា ​កន្លង​មក​រាល់​ ហេតុ​ការណ៍​​ទាំងឡាយ​​ដែល​កើត​ឡើង​ហើយ​មាន​ការ​​ពាក់​ព័ន្ធ​ ឬ​នៅ​ក្នុង​ដៃ​រប​ស់​កម្លាំង​​កងរាជ​អាវុធ​ហត្ថ​ខេត្ត ក្រុម​អ្នក​សារ​ព័ត៌​មាន​មិន​អាច​សុំ​ការ​បំភ្លឺ​​ពី​មន្ត្រី​​កងរាជអាវុធ​ហត្ថ​ទាំងនោះ​បាន​ទេ ៕