រាជធានីភ្នំពេញ ៖ ស្លាបមាន់ខូចគុណភាព និងមានសភាពធុំក្លិនស្អុយប្រមាណ២៨០គីឡូក្រាម ត្រូវបានមន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដឹកនាំដោយលោកចាន់ វាសនា ប្រធានសាខា សហការជាមួយប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចដឹកនាំដោយលោកវរសេនីយ៍ទោ មិន សោភ័ណ្ឌ អនុប្រធានការិយាល័យរដ្ឋបាល និងសរុប ធ្វើការដុតកម្ទេចចោលកាលពីថ្ងៃទី២១ សីហា ឆ្នាំ២០១១ ក្រោយពេលសមត្ថកិច្ចរឹបអូសបានពីក្រុមឈ្មួញលួចនាំចូលពីប្រទេសថៃ។
លោកចាន់ វាសនា ប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញនៃអគ្គនាយកដ្ឋានកាំកុងត្រូលមានប្រសាសន៍ថា រូបលោកផ្ទាល់ និងរួមសហការពីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះប្រតិបត្តិការត្រួតពិនិត្យជាក់ស្តែងទៅលើរថយន្តកាមរីពណ៌ស្លែ ពាក់ស្លាកលេខ 2A-0602 បាត់ដំបង បើកបរដោយឈ្មោះឆៃ វិនឈឿន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ រថយន្តខាងលើស៊ីឈ្នួលដឹកស្លាបមាន់ខូចគុណភាពពីបាត់ដំបងឱ្យឈ្មោះសួន ថា ហៅសួន សុគន្ធមាលា ស្នាក់នៅផ្ទះលេខ9E1 សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
លោកចាន់ វាសនា បានបញ្ជាក់ថា តាមការឆែកឆេរ និងពិនិត្យជាក់ស្តែងពីមន្ត្រីកាំកុងត្រូលឃើញថា ស្លាបមាន់ប្រមាណ២៨០គីឡូក្រាម នោះមានសភាពធុំក្លិនស្អុយ គឺជាប្រភេទទំនិញខូចគុណភាពដែលនាំចូលផ្ទុយទៅនឹងសារាចរលេខ០២ ស.រ របស់រាជរដ្ឋាភិបាលចុះថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០០៥ ស្តីពីការទប់ស្កាត់ការនាំចូលសត្វរស់ និងផលិតផលមានដើមកំណើតពីសត្វ ជាពិសេសស៊ុតមាន់ ស៊ុតទា ដែលលួចនាំចូលតាមច្រកព្រំដែន ។ ក្រោយពីធ្វើបែបបទតាមនីតិវិធីរួច មន្ត្រីកាំកុងត្រូល និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានធ្វើការដុតកម្ទេច និងកប់ចោលនូវស្លាបមាន់ខូចគុណភាពទាំងអស់នោះតាមលក្ខណៈបច្ចេកទេសនៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា ទោះបីជាសមត្ថកិច្ចមានវិធានការរឹតបន្តឹង និងទប់ស្កាត់ការលួចនាំចូលផលិតផលខូចគុណភាពសំខាន់ស្លាបមាន់ ជង្គង់មាន់ខូចគុណភាពពីក្រៅប្រទេសយ៉ាងណាក៏ដោយ ក៏ពួកឈ្មួញទុច្ចរិតនៅតែបន្តលួចនាំចូលផលិតផលហាមឃាត់ទាំងនោះដោយគ្មានការកោតក្រែងអ្វីទាំងអស់។ យ៉ាងណាក៏ដោយចុះ សមត្ថកិច្ចជំនាញកាំកុងត្រូល និងប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចបានធ្វើសកម្មភាពយ៉ាងមមាញឹក ហើយជាបន្តបន្ទាប់បង្ក្រាបបានទាន់ពេលវេលានូវបទល្មើសទាំងអស់នោះ ៕
ចែករំលែកព័តមាននេះ