រាជធានីភ្នំពេញ ៖ ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម និងស្លាកយីហោភោជនីយដ្ឋាន ឬកន្លែងលក់ទំនិញនានាជាច្រើនកន្លែង ដែលដាក់តាំងបែបអនាធិបតេយ្យគ្មានច្បាប់ទម្លាប់នៅលើចិញ្ចើមផ្លូវសាធារណៈបង្កឱ្យមានភាពស្មុគស្មាញបាត់បង់សណ្តាប់ធ្នាប់ និងសោភ័ណភាពនោះត្រូវបានអាជ្ញាធរខណ្ឌដង្កោ ដឹកនាំដោយលោកអភិបាលខណ្ឌគិត សុផា ចុះធ្វើការរុះរើកាត់ដកចេញ និងណែនាំម្ចាស់ឱ្យសុំច្បាប់អនុញ្ញាត និងសង់ឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេសដែលមន្ត្រីជំនាញអនុញ្ញាតឱ្យ ។ សកម្មភាពនោះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ សីហា ឆ្នាំ២០១១ ចាប់ពីចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ភូមិក្បាលដំរី សង្កាត់កាកាប ដល់ចំណុចរង្វង់មូលថ្នល់បំបែកចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌដង្កោ ។
មន្ត្រីសាលាខណ្ឌដង្កោ បានឱ្យដឹងថា ស្លាកយីហោ និងផ្ទាំងបា៉ណូនៅចំណុចខាងលើភាគច្រើនគឺសង់ឡើងដោយគ្មានច្បាប់អនុញ្ញាត និងបែបអនាធិបតេយ្យរំលោភយកចិញ្ចើមផ្លូវសាធារណៈ បង្កផលប៉ះពាល់ដល់សោភ័ណភាព និងសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈទៀតផង។ កន្លងមកមុននឹងចុះបោសសំអាតបែបនេះ លោកគិត សុផា អភិបាលខណ្ឌធ្លាប់បានបញ្ជាឱ្យលោកហែម ដារិទ្ធិ អភិបាលរងខណ្ឌ ចាត់កម្លាំងមន្ត្រីក្រោមឱវាទចុះទៅធ្វើការណែនាំដល់ម្ចាស់ឱ្យសុំច្បាប់អាជ្ញាធរតាមលំដាប់ថ្នាក់សិនមុននឹងធ្វើ ពិសេសស្លាកដែលដាក់ត្រូវគោរពតាមការណែ នាំរបស់មន្ត្រីជំនាញ ។
ប្រភពដដែលបានបន្តទៀតថា ការធ្វើបែបនេះ គឺដើម្បីរក្សាសណ្តាប់ធ្នាប់ សោភ័ណភាពនៅតាមដងផ្លូវសាធារណៈ ព្រោះចំណុចខាងលើពិសេសណាស់ ជាច្រកចេញចូល និងធ្វើដំណើរឆ្លងកាត់ជាប់មិនដាច់ពីសំណាក់ភ្ញៀវជាតិ-អន្តរជាតិនានា បើពុំមានការរៀបចំទេ ប្រាកដជាក្លាយទៅជាតំបន់អនាធិបតេយ្យគ្មានសណ្តាប់ធ្នាប់ និងអាប់ឱនមុខមាត់រាជធានីភ្នំពេញមិនខាន។ ទោះបីជាមានការចុះទៅធ្វើការណែនាំជាច្រើនលើកហើយក្តីក៏ប្រជាពលរដ្ឋមួយចំនួនធំមិនបានអនុវត្តតាមដែរ នៅតែបន្តសង់ស្លាកយីហោ និងផ្ទាំងប៉ាណូបែបអនាធិបតេយ្យ និងអត់ច្បាប់អនុញ្ញាតជាបន្តបន្ទាប់ រហូតអាជ្ញាធរហាមលែងស្តាប់ ទើបលោកអភិបាលខណ្ឌគិត សុផា ដោយមានការចូលរួមពីសំណាក់លោកអភិបាលរង ហែម ដារិទ្ធិ ដឹកនាំកម្លាំងចុះកាត់ដកចេញតែម្តង ។
លោកគិត សុផា បានថ្លែងថា ការចុះរុះរើផ្ទាំងប៉ាណូ និងស្លាកយីហោនេះ គឺធ្វើឡើងដើម្បីរៀបចំសណ្តាប់ធ្នាប់តាមដងមហាវិថីសហព័ន្ធរុស្ស៊ី ជាពិសេសចំណុចមុខព្រលានយន្តហោះដែលមានគណៈប្រតិភូ និងភ្ញៀវជាតិ-អន្តរជាតិឆ្លងកាត់ជាប់ជាប្រចាំ ។ ជាងនេះទៅទៀតនៅពេលខាងមុខនឹងមានការប្រជុំអាស៊ាននៅរាជធានីភ្នំពេញ ដូច្នេះអាជ្ញាធរខណ្ឌត្រូវតែចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវឱ្យមានសោភ័ណភាព និងសុវត្ថិភាពល្អប្រសើរ ៕
ចែករំលែកព័តមាននេះ