រាជធានីភ្នំពេញ ៖ យុវជនម្នាក់ខណៈពេលប្រើរណារយន្តអារជ្រៀកឈើធ្វើគ្រែក៏ក្រឡាច់សាច់ឈើបណ្តាលឱ្យមុខរណារមុតបាតដៃ រយះដាច់ម្រាមពីរកាល ពីវេលាម៉ោង២រសៀលថ្ងៃទី២៣ សីហា នៅភូមិតាអុក ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ប្រភពព័ត៌មានពីស្ត្រីឈ្មោះណន នឿន អាយុ៤៣ឆ្នាំ ជាម្តាយជនរងគ្រោះ មានទីលំនៅកន្លែងកើតហេតុ បានរៀបរាប់ឱ្យដឹងថា កូនរបស់គាត់ឈ្មោះណេន វ៉ាន់ណេត ភេទប្រុស អាយុ១៨ឆ្នាំ បានយករណារយន្តសម្រាប់ជ្រៀកឈើទៅជ្រៀកធ្វើកូនគ្រែសម្រាប់អង្គុយលេង ។ ខណៈពេលកំពុងតែជ្រៀកជើងគ្រែខ្លីៗ ស្រាប់តែក្រឡាច់សាច់ឈើ បណ្តាលឱ្យរណាររត់មកត្រូវដៃរយះដាច់ម្រាម២តែម្តង។
ប្រភពព័ត៌មានបន្តទៀតថា បានជាកូនគាត់មានរណារយន្តជ្រៀកឈើ ព្រោះប្តីរបស់គាត់ជាជាងផ្ទះ ហើយកូនប្រុសតែងតែឃើញឪពុកធ្វើជារឿយៗមិនមានបញ្ហា ហេតុនេះហើយទើបនៅថ្ងៃកើតហេតុ កូនគាត់សាកល្បងយករណារនោះទៅជ្រៀកឈើដូចឪពុកខ្លួន ក៏ជួបគ្រោះថ្នាក់បែបនេះតែម្តង៕
ចែករំលែកព័តមាននេះ