ខេត្តសៀមរាប ៖ ដើមគ្រញូងដ៏ធំមួយដើមដុះនៅក្បែរចម្លាក់ថ្មបុរាណក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ «ក្បាលស្ពាន» ត្រូវក្រុមចោរអារជាកង់ៗយកទៅបាត់កាលពីពេលថ្មីៗនេះ ដោយបន្សល់ទុកតែគល់ និងមែកសម្រាប់បង្អួតភ្នែកទេសចរជាតិ និងអន្តរជាតិ។
នេះជាករណីលើកទី២ហើយដែលក្រុមចោរហ៊ានផ្សងព្រេងចូលកាប់ដើមគ្រញូងនៅក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ បន្ទាប់ពីលួចកាប់ឈើគ្រញូងមួយដើមនៅជាប់ប្រាសាទនាគព័ន្ធដែលជាតំបន់ការពារដ៏តឹងរ៉ឹងបំផុតនៃរមណីយដ្ឋានអង្គរដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា កាលពីដើមខែកក្កដា កន្លងមក។
បុរសម្នាក់ដែលធ្វើដំណើរកម្សាន្តនៅរមណីយដ្ឋានក្បាលស្ពាន កាលពីថ្ងៃទី១៨ សីហា ហើយថែមទាំងបានថតផ្តិតយករូបភាពដើមគ្រញូង ដែលត្រូវចោរកាប់នោះរៀបរាប់ថា ដើមគ្រញូងដែលចោរលួចកាប់នោះមានមុខកាត់ប្រហែល០,៣ទៅ០,៤ម៉ែត្រ និងប្រវែងជិត១០ម៉ែត្រ ដុះនៅបណ្តោយផ្លូវដែលភ្ញៀវទេសចរជាតិ-អន្តរជាតិដើរទស្សនាចម្លាក់បុរាណដែលបុព្វបុរសខ្មែរឆ្លាក់ជាប់នៅលើផ្ទាំងថ្មលើកំពូលភ្នំក្បាលស្ពាន។
បុរសដដែលនោះបន្ថែមថា មានភ្ញៀវទេសចរជាច្រើននាក់ឃើញហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនោះ ហើយថតផ្តិតយករូបភាពកំណាត់ឈើគ្រញូងចំនួនពីរដុំដែលមានខ្លឹមពណ៌ក្រហមជាំ ដែលក្រុមចោរបន្សល់ទុកនៅនឹងកន្លែង ប៉ុន្តែពួកគេមិនអាចធ្វើអ្វីមួយដើម្បីឱ្យដើមគ្រញូងដែលគេកាត់ផ្តាច់គល់ទៅហើយនោះអាចងើបឡើងដូចដើមវិញបានទេ គឺបានត្រឹមតែសម្តែងការសោកស្តាយជាពន់ពេក និងថ្កោលទោសចំពោះក្រុមចោរប៉ុណ្ណោះ។
ក្រុមអ្នកទេសចរមួយចំនួនឆ្ងល់ថា ហេតុដូចម្តេចបានជាមានការលួចកាប់ឈើមួយដើមយ៉ាងធំបានដោយសុវត្ថិភាពបែបនេះ ខណៈនៅក្បែរៗនោះគេសង្កេតឃើញមានការដាក់ពង្រាយកម្លាំងនគរបាលការពារបេតិកភណ្ឌ និងកម្លាំងបរិស្ថានសម្រាប់ចាំការពារសន្តិសុខទាំងយប់ទាំងថ្ងៃនោះ? តើមានអ្វីជាអាថ៌កំបាំងជុំវិញការលួចកាប់ដើមគ្រញូងដែលជាប្រភេទឈើមានហាងឆេងខ្ពស់កប់ពពកនៅលើទីផ្សារងងឹតនោះ? តើពិតដូចជាពាក្យគេថាខ្មោចស្រុកឱ្យដៃទើបខ្មោចក្រៅហ៊ានចូលឬយ៉ាងណា?
ទាក់ទិនទៅនឹងករណីលួចកាប់ដើមគ្រញូងនោះអភិបាលស្រុកបន្ទាយស្រីលោកម៉ឹង វុទ្ធី បានថ្លែងប្រាប់ កាលពីព្រឹកថ្ងៃទី២៣ សីហា ថា លោកមិនទាន់បាននៅឡើយទេ ព្រោះរមណីយដ្ឋានក្បាលស្ពានមិនគ្រប់គ្រងផ្ទាល់ដោយអាជ្ញាធរស្រុកទេ។
ចំណែកលោកហង់ សេរីវុធ នាយកកម្រងតំបន់ការពារធម្មជាតិអង្គរបានថ្លែងប្រាប់តាមទូរស័ព្ទ កាលពីថ្ងៃទី២៣ សីហា ថា ការឆ្មក់ចូលលួចកាប់ដើមគ្រញូងដោយក្រុមចោរមិនស្គាល់មុខអាចប្រព្រឹត្តទៅកាលពីចន្លោះយប់ថ្ងៃទី១១ ទៅថ្ងៃទី១២ សីហា ហើយរហូតដល់ពេលនេះខាងលោកបានរៀបចំសំណុំបែបបទប្តឹងទៅតុលាការរួចរាល់ហើយដើម្បីស្វែងរកចាប់ខ្លួនក្រុមចោរ។
លោកហង់ សេរីវុធ បញ្ជាក់ថា រមណីយដ្ឋានក្បាលស្ពានគ្រប់គ្រងដោយអាជ្ញាធរអប្សរា ដោយមានកម្លាំងប៉ូលិសបេតិកភណ្ឌ និងកម្លាំងបរិស្ថានជាកម្លាំងសហប្រតិបត្តិការ ប៉ុន្តែកម្លាំងលោកអត់បានប្រចាំការជាប់នៅលើភ្នំនោះដូចកម្លាំងប៉ូលិសបេតិកភណ្ឌទេ។
កាលពីយប់ថ្ងៃទី១១ កក្កដា ឆ្នាំ២០១១ មានករណីឆ្មក់ចូលលួចកាប់ដើមឈើគ្រញូងមួយដើមដែរនៅក្នុងប្រាសាទនាគព័ន្ធ ដែលជាតំបន់ការពារដ៏តឹងរ៉ឹងបំផុតនៃរមណីដ្ឋានអង្គរដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា។ ភ្លាមៗនោះអ្នកភូមិលៀងដៃ នៃស្រុកអង្គរធំចំនួន៣នាក់ ក្នុងចំណោម៤នាក់រួមមានឈ្មោះ១-អ៊ូច ណម ភេទប្រុស អាយុ៤៨ឆ្នាំ ២-លាយ ណិ ភេទប្រុស អាយុ២០ឆ្នាំ និង៣-ឈ្មោះទុយ ពេញ ភេទប្រុស អាយុ៣៦ឆ្នាំ ត្រូវនគរបាលការពារបេតិកភណ្ឌចាប់ខ្លួនប្រគល់ទៅឱ្យមន្ត្រីបរិស្ថានតំបន់ការពារទេសភាពអង្គរ រួចចងក្រងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការទៅតាមច្បាប់៕
ចែករំលែកព័តមាននេះ