ខេត្តបាត់ដំបង ៖ ជនសង្ស័យ២នាក់ដែលម្នាក់ខ្លាំងខាងឡើងលួច និងម្នាក់ទៀតខ្លាំងខាងឆ្កឹះសោ ហើយបានអួតខ្លួនឯងថា ជាជើងខ្លាំងខាងលួចនៅរាជធានីភ្នំពេញ មិនដែលភ្លាត់ស្នៀតម្តងសោះនោះ ពេលនេះត្រូវអស់លក្ខណ៍ក្រោយពីពួកគេបានឆ្កឹះសោទ្វារចូលលួចយកកុំព្យូទ័រមួយកំប្លេ ពីក្នុងការិយាល័យភូមិបាល ស្រុកបាត់ដំបង កាលពីវេលាម៉ោង១១យប់ថ្ងៃទី២២ សីហា កន្លងមក។
តាមព័ត៌មានពីមន្ត្រីនគរបាលនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបាននិយាយថា ជនសង្ស័យទាំង២នាក់ ១-ឈ្មោះភិន ភារម្យ ហៅភា អាយុ១៧ឆ្នាំ ជំនាញខាងឆ្កឹះសោ មកពីរាជធានីភ្នំពេញ ២-ឈ្មោះនី មករា អាយុ២០ឆ្នាំ ជំនាញខាងឡើងលួច ស្នាក់នៅមិនពិតប្រាកដ ក្នុងស្ថានីយរថភ្លើងក្រុងបាត់ដំបង ។ សមត្ថកិច្ចនិយាយថា ក្រុមនេះត្រូវចាប់ខ្លួននៅព្រឹកថ្ងៃទី២៣ សីហា រួមជាមួយវត្ថុតាង ខណៈដែលពួកគេយកទៅលាក់ទុកក្នុងផ្ទះជួលមួយក្នុងស្ថានីយរថភ្លើងក្រោយពេលលួចបាន។
តាមចម្លើយរបស់ឈ្មោះភិន ភារម្យ ហៅភា បាននិយាយថា ខ្លួនធ្លាប់លួចនៅរាជធានីភ្នំពេញ ស្ទើររាប់ភ្លេច តែមិនធ្លាប់ភ្លាត់ស្នៀតឱ្យសមត្ថកិច្ចចាប់បានទេ ទើបតែមកដល់ក្រុងបាត់ដំបងបានកន្លះខែក៏ដើរលួចជាមួយឈ្មោះរ៉ា បាន២លើកក៏ត្រូវសមត្ថកិច្ចចាប់បានតែម្តង។ ជននេះនិយាយថា ខ្លួនមានជំនាញខាងឆ្កឹះសោ ឯឈ្មោះរ៉ា ពូកែខាងឡើងផ្ទះលួច។ ពួកគេបាននិយាយថា នៅយប់ថ្ងៃទី២២ សីហា ឈ្មោះរ៉ា បានបបួលខ្លួនទៅលួចទ្រព្យសម្បត្តិក្នុងសាលាក្រុងបាត់ដំបង ហើយគ្រានោះខ្លួនបានទៅឆ្កឹះសោចូល លួចកុំព្យូទ័រនៅក្នុងការិយាល័យភូមិបាលក្រុងបាន១កំប្លេ ។
ជននេះបញ្ជាក់ថា ពេលពួកខ្លួនលីចេញទៅតាមផ្លូវដើរកាត់ថ្នល់ក្បែររបងទីបញ្ជាការប៉េអឹមខេត្ត មានប៉េអឹមខ្លះបានឃើញដែរ តែមន្ត្រីប៉េអឹមទាំងនោះមិនឆ្ងល់ទេ ហើយខ្លួនយកទៅទុកនៅកន្លែងដេក លុះព្រឹកឡើងត្រូវកម្លាំងសមត្ថកិច្ចចុះទៅចាប់តែម្តង។
លោកម៉ាច គឹមឆាយ ប្រធានការិយាល័យភូមិបាលក្រុងបានប្រាប់ថា លោកមិនបានដឹងរឿងនេះទេ លុះពេលសមត្ថកិច្ចទូរស័ព្ទប្រាប់នៅព្រឹកថ្ងៃទី២៣ សីហា ទើបដឹងថា ចោរចូលលួចកុំព្យូទ័រ ។ លោកបញ្ជាក់ថា ក្នុងសាលាក្រុងមានសមត្ថកិច្ចដេកយាមដែរ តែមិនដឹងយ៉ាងម៉េចនៅតែចោរចូូលលួចទ្រព្យសម្បត្តិបានទៀត។
លោកជេត វណ្ណនី ស្នងការរងខេត្តបាននិយាយដែរថា ក្រុមចោរប្រព្រឹត្តបទល្មើសកំប៉ិកកំប៉ុកកន្លងមកកម្លាំងយើងតែងបង្ក្រាបបានជាបន្តបន្ទាប់ ព្រោះរាល់លើកសមត្ថកិច្ចបានគ្រប់គ្រងមុខសញ្ញាបានល្អ ដូច្នេះទើបជនប្រព្រឹត្តមិនអាចគេចខ្លួនបានឡើយ សូម្បីបទល្មើសតូចតាចក៏ដោយគេចមិនរួចទេ ៕
ចែករំលែកព័តមាននេះ