ខេត្តកំពង់ចាម ៖ ស្ត្រីបម្រើខារ៉ាអូខេម្នាក់ឈ្មោះសួន ចំរើន ហៅម៉ាលីន អាយុ១៩ឆ្នាំ នៅហាងមួយក្នុងភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ បានត្រូវបុរសម្នាក់ឈ្មោះស៊ុន វុទ្ធី ហៅទ្រី តាយ ជាជនជាតិវៀតណាម ជិះម៉ូតូ C125 ស៊េរី២០១១ ដេញបំបុក និងថែមទាំងវាយក្បាល១ដបស្រា បណ្តាលឱ្យរយះហូរឈាមសស្រាក់កាលពីល្ងាចថ្ងៃទី២២ សីហា ។ ក្រោយហេតុការណ៍នេះកើតឡើង នាងសួន ចំរើន ត្រូវបានមិត្តភក្តិដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត រីឯជនបង្កបានរត់គេចខ្លួនបាត់ស្រមោលដែលគេសង្ស័យថា ទៅលាក់ខ្លួននៅរាជធានីភ្នំពេញ ។
បើតាមនាងសួន ចំរើន ហៅមា៉លីន រៀបរាប់ថា នាងមានស្រុកកំណើតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ នាល្ងាចថ្ងៃនោះ ខណៈពេលនាងចូលទៅអង្គុយក្នុងបន្ទប់ជាមួយភ្ញៀវបានប្រហែលកន្លះម៉ោង ក៏ត្រូវមិត្តភក្តិស្រីដើរមកប្រាប់មិនឱ្យនាងចេញទៅណា ព្រោះខ្លាចឈ្មោះទ្រី តាយ វាយ ។ បន្ទាប់មកភ្ញៀវក៏បានឱ្យនាងដើរចេញមកខាងក្រៅហាងដែរ តែពេលដើរបាន២ទៅ៣ជំហានស្រាប់តែមានម៉ូតូ១គ្រឿងបើកបំបុកនាងពីខាងក្រោយ ។ ភ្លាមៗនោះ នាងបានរត់គេចខ្លួនតែមិនផុត បណ្តាលឱ្យដួល ព្រមទាំងស្រែកហៅគេឯងនៅក្បែរនោះឱ្យជួយ តែមិនមានអ្នកណាមកជួយទាន់ទេ ឯឈ្មោះទ្រី តាយ បានយកដបស្រាដែលផឹកអស់ពាក់កណ្តាលមកវាយត្រូវក្បាលនាងដាច់រយះហូរឈាម រួចហើយក៏ជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។ ចំពោះមូលហេតុដែលធ្វើឱ្យជននោះតាមប្រើហិង្សាលើនាង ត្រូវបានគេអះអាងដោយមិនច្បាស់លាស់ថា ដោយសារនាងនាំសង្សារជនរូបនោះមកនៅធ្វើការនៅក្នុងហាងជាមួយ ។
ចំណែកលោកប៉ន ស៊ាងហ៊ី នាយប៉ុស្តិ៍រដ្ឋបាលឃុំទន្លេបិទ បានប្រាប់ឱ្យដឹងថា ក្រោយហេតុការណ៍កើតឡើងបន្តិចមានគេទូរស័ព្ទមកប្រាប់លោកថា «ស្ត្រីបម្រើក្នុងហាងមួយនៅឃុំទន្លេបិទ ត្រូវគេវាយរយះក្បាលហូរឈាម» ។ គ្រាន់តែទទួលបានព័ត៌មាននេះភ្លាម រូបលោកបានដឹកនាំកម្លាំងចុះទៅជាបន្ទាន់ តែស្ត្រីរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរ ពេទ្យខេត្តបាត់ទៅហើយ ចំណែកជនឈ្មោះទ្រី តាយ បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។
មានការលើកឡើងថា ហេតុការណ៍នេះបានកើតឡើង ខណៈពេលថៅកែហាងមិននៅដោយជាប់ធុរៈទៅចូលរួមមង្គលការគេ ប្រសិនបើពុំនោះទេ អ្នកបង្កមិនអាចរត់គេចទៅណារួចឡើយ។ ចំពោះការសាកសួរនាងបម្រើខារា៉អូខេគឺមិនបាននិយាយអ្វីឱ្យច្បាស់លាស់ទេ ដែលហាក់បីដូចជាមានការលាក់លៀម ៕
ចែករំលែកព័តមាននេះ