រាជធានីភ្នំពេញ ៖ ផ្លូវចូលទៅរមណីយដ្ឋានភ្នំប្រសិទ្ធិភ្ជាប់ពីផ្លូវជាតិលេខ៥ត្រង់ផ្សារព្រែកព្នៅរហូតដល់រមណីយដ្ឋានភ្នំប្រសិទិ្ធពេលនេះខូចខាតយ៉ាងខ្លាំងដោយសាររថយន្តដឹកធ្ងន់ ហើយម្យ៉ាងផ្លូវមានលក្ខណៈតូចចង្អៀតលំបាកក្នុងការធ្វើដំណើរ។ ដោយមើលឃើញស្ថានភាពបែបនេះ សាលារាជធានីភ្នំពេញត្រៀមរៀបចំជួសជុលទ្រង់ទ្រាយធំ និងពង្រីកបន្ថែមឱ្យបានមួយម៉ែត្រសងខាងទៀតដើម្បីធ្វើឱ្យផ្លូវធំទូលាយ។
នៅព្រឹកថ្ងៃទី២៣ សីហា ២០១១ លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញអមដោយមន្ត្រីជំនាញក្រោមឱវាទបានទៅពិនិត្យស្ថានភាពផ្លូវចូលទៅភ្នំប្រសិទ្ធិដើម្បីត្រៀមជួសជុល។ លោកអភិបាលរាជធានីភ្នំពេញបានណែនាំឱ្យមន្ត្រីជំនាញសាធារណការជួសជុល និងពង្រីកផ្លូវចូលទៅភ្នំប្រសិទ្ធិជាបន្ទាន់ និងជំរុញឱ្យរួចរាល់មុនភ្ជុំបិណ្ឌ។ លោកណែនាំឱ្យមន្ទីរសាធារណការរៀបចំជួសជុលឱ្យបានល្អប្រភេទ DBST ព្រោះផ្លូវនេះមានរថយន្តចេញ ចូល និងដឹកធ្ងន់ច្រើន។ដោយសារផ្លូវនេះមានលក្ខណៈតូចចង្អៀតត្រូវពង្រីកបន្ថែម១ម៉ែត្រសងខាងទៀត តែការពង្រីកនោះក្រាលក្រួសក្រហម។
មន្ត្រីសាធារណការរាជធានីភ្នំពេញឱ្យដឹងថា ផ្លូវចូលទៅរមណីយដ្ឋានភ្នំប្រសិទ្ធិមានចម្ងាយជាង១០គីឡូម៉ែត្រ និងទទឹងប្រមាណ៦ម៉ែត្រចាប់ពីផ្លូវជាតិលេខ៥ត្រង់ផ្សារព្រែកព្នៅ។ ការជួសជុលត្រូវអនុវត្តចាប់ពីសប្តាហ៍នេះទៅ និងជំរុញឱ្យរួចរាល់មុនរដូវភ្ជុំបិណ្ឌ ។
មន្ត្រីដដែលបញ្ជាក់ថា ការជួសជុលនេះនៅត្រង់កន្លែងណាដែលបាក់ស្រុត ឬទឹករលកខ្លាំង ព្រមទាំងពង្រីកដោយក្រាលក្រួសក្រហមមួយម៉ែត្រសងខាង។ ដោយឡែកនៅចំណុចមុខវត្តមុនីប្រសិទ្ធិវង្សត្រូវពង្រីកផ្លូវឱ្យធំ ហើយស្រោចកៅស៊ូពេញផ្លូវតែម្តង ៕
ចែករំលែកព័តមាននេះ