ខេត្តព្រះវិហារ ៖ នៅវេលាម៉ោង១៤ និង១២នាទី ថ្ងៃទី២១ សីហា មានហេតុការណ៍ក្រឡាប់រថយន្តម៉ាកសាមយ៉ុងពណ៌លឿងនៅលើដងផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិរំចេក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ ខណៈរថយន្តចេញពីទីប្រជុំជនក្រុងព្រះវិហារឆ្ពោះទៅកាន់ស្រុកចំការលើខេត្តកំពង់ចាម។ រថយន្តដឹកអ្នកដំណើរដែលក្រឡាប់នេះពាក់ស្លាកលេខភ្នំពេញ២Q១៤៩៤ ធ្វើចរាចរណ៍ដឹកអ្នកដំណើរទៅមកក្រុងព្រះវិហារ-ស្រុកចំការលើបើកបរដោយបុរសឈ្មោះសាវ៉ាត់ អាយុជាង៣០ឆ្នាំ រស់នៅស្រុកចំការលើ។
រថយន្តសាមយ៉ុងនេះដឹកអ្នកដំណើរចំនួន១២នាក់ចេញពីទីប្រជុំជនក្រុងព្រះវិហារក្នុងល្បឿនលឿនឆ្ពោះទៅស្រុកចំការលើ លុះទៅដល់ខាងត្បូងភូមិរំចេកចម្ងាយប្រហែល៥គីឡូម៉ែត្រស្រាប់តែផ្ទុះកង់ក្រោយធ្វើឱ្យរថយន្តរេ និងក្រឡាប់បីត្រឡប់ធ្លាក់ផ្លូវផ្ងារជើង។ ហេតុការណ៍នោះធ្វើឱ្យអ្នកដំណើររងរបួសធ្ងន់ និងស្រាល១១នាក់ និងស្ត្រីម្នាក់ឈ្មោះគង់ សារ៉ន អាយុ៤៥ឆ្នាំ មានទីលំនៅស្រុកស្ទឹងត្រង់ស្លាប់នៅកន្លែងកើតហេតុ។ ដោយឡែកអ្នករងរបួសធ្ងន់ទាំងអស់ត្រូវគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ធំ។ ចំណែកម្ចាស់រថយន្តឈ្មោះសាវ៉ាត់និងជាអ្នកបើកបរគេមិនដឹងថា រងរបួសឬបែបណាទេ ដោយសារតែគេចខ្លួនបាត់។
សមត្ថកិច្ចស្ទូចរថយន្តក្រឡាប់នេះនាំយកទៅរក្សាទុកនៅស្នាក់ការប៉ូលិសប៉ុស្តិ៍ឃុំរមណីយ៍ស្រុករវៀង។ តាមការបញ្ជាក់ឱ្យដឹងពីសមត្ថកិច្ចប៉ូលិសចរាចរណ៍ផ្លូវគោកថា គ្រោះថ្នាក់នេះគឺបណ្តាលមកពីម្ចាស់រថយន្តធ្វេសប្រហែសដោយប្រើប្រាស់សំបកកង់រថយន្តចាស់សឹកអស់ក្រឡាទៅហើយ ព្រមទាំងដឹកធ្ងន់ និងបើកលឿនទៀតផងដែលជាទម្លាប់អាក្រក់របស់អ្នករត់តាក់សីុមួយចំនួនមិនគិតដល់អាយុជីវិតអ្នកដំណើរទេ៕
ចែករំលែកព័តមាននេះ