រាជធានីភ្នំពេញ ៖ ម៉ូតូវីវ៉ា មួយគ្រឿងពណ៌ក្រហម ពាក់ស្លាកលេខ ឍ-០៣៨២ ភព ១គ្រឿង ត្រូវម្ចាស់បង្ខំចិត្តរត់ចោលបន្ទាប់ពីជិះធ្វើសកម្មភាពឆក់ខ្សែ.កប្លាទីនទម្ងន់២ជីកន្លះមួយខ្សែពីស្ត្រីជាអ្នកដំណើរម្នាក់មិនបានសម្រេច ហើយទាក់ដៃចង្កូតម៉ូតូក៏ដួលនៅលើដងផ្លូវ ។
ហេតុការណ៍នេះ ធ្វើឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២២ សីហា នៅតាមផ្លូវលេខ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។ ទោះបីជាយ៉ាងណា ជនសង្ស័យពុំត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានឡើយ គឺរត់គេចចូលទៅក្នុងដីឡូត៍ក្បែរនោះបាត់ ។ ចំណែកស្ត្រីដែលត្រូវចោរឆក់ខ្សែ.កឈ្មោះសូ សុភា អាយុ២៨ឆ្នាំ មានទីលំនៅផ្ទះលេខ៣៥៧ ផ្លូវរថភ្លើង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
តាមមន្ត្រីសមត្ថកិច្ចឱ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីរូបនេះបានជិះម៉ូតូឌុបមកពីផ្ទះក្នុងគោលបំណងទៅ ធ្វើការនៅភោជនីយដ្ឋានកូរ៉េស្ថិតនៅក្នុងសង្កាត់បឹងកក់ទី១ ។ នៅពេលធ្វើដំណើរតាមផ្លូវលេខ៥២៨ មកដល់មុខទីស្នាក់ការអង្គការស៊ីម៉ាក់ចាស់ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ស្រាប់តែមានជនម្នាក់ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ក្រហម មួយគ្រឿងធ្វើដំណើរស្របទិសគ្នា ហើយធ្វើសកម្មភាពឆក់ខ្សែ.កពីស្ត្រីរូបនោះតែពុំបានសម្រេច ។ នៅក្នុងពេលធ្វើសកម្មភាពនោះទាំងម៉ូតូឌុប និងម៉ូតូចោរឆក់បានដួលបោកនៅលើថ្នល់ទាំងពីរគ្រឿង ហើយភ្លាមនោះដែរស្ត្រីម្ចាស់ខ្សែ.កបានស្រែកថា ចោរៗធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ ហើយរត់គេចខ្លួនចូលទៅក្នុងដីឡូត៍ក្បែរនោះបាត់ទៅ។
តាមព័ត៌មានឱ្យដឹងថា ស្ត្រីម្ចាស់ខ្សែ.ក រួមទាំងអ្នករត់ម៉ូតូឌុប បានរងរបួសរលាត់ដៃជើងផងដែរ ។ នៅយប់នោះ សមត្ថកិច្ចបាននាំគ្នាឡោមព័ទ្ធ និងរុករកជនសង្ស័យតែពុំឃើញ ចំណែកម៉ូតូត្រូវបានដកហូតយកមកកាន់អធិការដ្ឋាន ដើម្បីស្រាវជ្រាវរកជនសង្ស័យ ៕
ចែករំលែកព័តមាននេះ