ខេត្តស្ទឹងត្រែង ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តស្ទឹងត្រែង បានធ្វើការឡោមព័ទ្ធ និងឃាត់ខ្លួនជនសង្ស័យពីរនាក់ដោយម្នាក់ជាមុខសញ្ញាចាស់ជាប់ចោទពីបទចែកចាយគ្រឿងញៀននិងម្នាក់ទៀត ជាអតីតទណ្ឌិតនៅពន្ធធនាគារព្រៃសអស់រយៈពេល៣ឆ្នាំ ដោយជាប់ចោទពីបទជួញដូរគ្រឿងញៀនកាល ពីអំឡុងឆ្នាំ២០០៦ ។
ករណីចុះបង្ក្រាបគ្រឿងញៀន និងចាប់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ បានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក នៅផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិថ្មលាភ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។ សេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពប្រចាំខេត្តស្ទឹងត្រែងបានឱ្យដឹង ថា ជនសង្ស័យទាំងពីរនាក់ ដែលកម្លាំងនគរបាលជំនាញឃាត់ខ្លួននេះ ម្នាក់ឈ្មោះតោ ប៊ុនទី អាយុ៤៥ឆ្នាំ រស់នៅភូមិព្រែក សង្កាត់ក្រុងស្ទឹងត្រែង គឺជាមុខសញ្ញាចាស់ធ្លាប់ធ្វើសកម្មភាពចែកចាយគ្រឿងញៀនទៅឱ្យក្រុមឈ្មួញដឹកជញ្ជូនឈើប្រណីតនៅក្នុងខេត្តស្ទឹងត្រែង និងម្នាក់ទៀត ឈ្មោះទេព សុខសៀង ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិថ្មលាភ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ជននេះធ្លាប់ជាប់ពន្ធនាគារព្រៃ.សម្តង កាលពីអំឡុងឆ្នាំ២០០៦។
ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះគឺ ធ្វើឡើងនៅផ្ទះជនសង្ស័យឈ្មោះទេព សុខសៀង និងរកឃើញវត្ថុតាងមានគ្រឿងញៀនប្រភេទ ម៉ាទឹកកក ទម្ងន់២,៥ក្រាម ខណៈជនសង្ស័យកំពុងអង្គុយចាំម៉ូយលើផ្ទះ។ បន្ទាប់ពីធ្វើការសាកសួរសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ខាងលើទៅកាន់សាលាដំបូងនិងចេញដីកាឃុំខ្លួននៅពន្ធធនាគារថ្ងៃទី២៣ សីហា ២០១១នេះ៕
ចែករំលែកព័តមាននេះ