ខេត្តតាកែវ ៖ ប្រព័ន្ធលូបង្ហូរទឹក១ខ្សែប្រវែង៥២០ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវក្រុងលេខ៣ ត្រូវបានអាជ្ញាធររៀបចំដាក់ប្រព័ន្ធលូបង្ហូរទឹកថ្មី ខណៈដែលនៅតំបន់ខាងត្បូងផ្លូវនេះមានការលិចលង់ជាប់ជានិច្ចឱ្យតែមានភ្លៀងធ្លាក់មកម្តងៗ។
លោកគាំ សុខុម នាយកទីចាត់ការ និងហិរញ្ញវត្ថុសាលាខេត្តបានឱ្យដឹងថា ដោយមានការណែនាំផ្ទាល់ពីលោក ស្រី បេន អភិបាលខេត្តតាកែវនោះធ្វើយ៉ាងណាដាក់ប្រព័ន្ធលូបង្ហូរនៅតាមបណ្តោយផ្លូវក្រុងលេខ៣នេះ ឱ្យរួសរាន់ទាន់ពេលវិស្សមកាលនេះ។ លោកគាំ សុខុម បានបន្តថា លូបង្ហូរទឹកនៅតាមបណ្តោយផ្លូវក្រុងលេខ៣ យើងចាប់ផ្តើមធ្វើនៅខែសីហា និងធ្វើឱ្យរួចរាល់នៅពាក់កណ្តាលខែកញ្ញាខាងមុខនេះ ដោយដាក់លូមុខកាត់៨តឹក មានប្រវែង៥២០ម៉ែត្រ ដែលតភ្ជាប់ពីការិយាល័យមណ្ឌលតំណាងរាស្ត្រដល់របងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។ ចំពោះអ្នកដែលទទួលខុសត្រូវកិច្ចការនេះ គឺក្រុមហ៊ុនណែ ឡេងអ៊ឹម ឧត្តម ពាណិជ្ជ ជាអ្នកទទួលធ្វើ។
លោក ស្រី បេន អភិបាលខេត្តតាកែវ បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា ការអភិវឌ្ឍខេត្តគឺយើងធ្វើដូចភ្លៀងរលឹមគ្រប់ហេដ្ឋារចនាសម្ព័ន្ធ តាមដំណាក់កាល។ រីឯអាជ្ញាធរដែលដាក់ប្រព័ន្ធបង្ហូរទឹកនៅតាមបណ្តោយផ្លូវក្រុងលេខ៣នេះ ដើម្បីជួយសម្រួលដល់ការជន់លិចសាលាបឋមសិក្សាតាកែវក្រុង ព្រោះបន្ទាប់ពីរាជរដ្ឋាភិ បាលបានបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលពីខាងកើតមន្ទីរអប់រំខេត្តមក សាលាបឋមសិក្សានេះអត់មានប្រព័ន្ធលូសម្រាប់រំដោះទឹកចេញទេ ធ្វើឱ្យទឹកជន់លិចរាល់ឆ្នាំ។ តែចាប់ពីពេលនេះទៅលែងជួបការលំបាកបញ្ហាទឹកជន់លិចទៀតហើយ៕
ចែករំលែកព័តមាននេះ