រាជធានីភ្នំពេញ ៖ ដើម្បីត្រៀមលក្ខណៈក្នុងឱកាសដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំធំៗថ្នាក់អន្តរជាតិនាពេលខាងមុខ នៅថ្ងៃទី២២ សីហា ឆ្នាំ២០១១ វេលាម៉ោង៣រសៀល លោកសេង រតនៈ អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ដែលអមដំណើរដោយលោកអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកចៅសង្កាត់ និងលោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារដេប៉ូទី៣ លោកប្រធានការិយាល័យសាធារណការខណ្ឌ និងអស់លោកជាមន្ត្រីរបស់សាលាខណ្ឌមួយចំនួនទៀត បានអញ្ជើញទៅពិនិត្យមើលបញ្ហាសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនៅតាមដងមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិសាស្ត្រខណ្ឌទួលគោក ចាប់ពីមុខសាកលវិទ្យាល័យភូមិន្ទភ្នំេពញក្នុងសង្កាត់ទឹកល្អក់ទី១ ដល់កែងផ្លូវនេរុហ៍ក្នុងសង្កាត់ផ្សារដេប៉ូទី៣។
ក្នុងឱកាសនោះលោកសេង រតនៈ អភិបាលខណ្ឌបានពិនិត្យឃើញមានបញ្ហាមួយចំនួន ដែលចាំបាច់ត្រូវធ្វើរបាយការណ៍ជូនសាលារាជធានីភ្នំពេញ ដើម្បីស្នើសុំឱ្យមានការកែលំអឡើងវិញ មានជាអាទិ៍ដូចជាគម្របលូខ្លះបាក់ ឬគ្មានគម្រប ការ៉ឺឡាចិញ្ចើមផ្លូវស្រុត បង្គោលស្លាកសញ្ញាចរាចរណ៍ទ្រេត ដើមឈើងាប់ និងកន្លែងខ្លះរលំនៅពេលមានខ្យល់ ហើយមិនទាន់បានដាំឡើងវិញ ឬខ្លះទៀតទ្រេតរកកល់នឹងរលំ ដើមផ្កាក្រដាសដុះគ្របជិតមកលើចិញ្ចើមផ្លូវ និងបញ្ហាមានទឹកភ្លៀងនៅដក់នៅលើផ្លូវដោយសារផ្លូវថ្នល់ស្រុតជាដើម។
លោកអភិបាលខណ្ឌបានណែនាំលោកចៅសង្កាត់ និងលោកនាយនគរបាលប៉ុស្តិ៍សង្កាត់ទឹកល្អក់ទី១ និងសង្កាត់ផ្សារដេប៉ូទី៣ ត្រូវណែនាំប្រជាពលរដ្ឋកុំឱ្យហាលខោអាវនៅតាមមុខផ្ទះ ត្រូវយកកំណល់ដាក់សម្រាប់ឡើងរថយន្តចេញនៅពេលឡើងរួច។ ជូនដំណឹងទៅម្ចាស់ដីឡូត៍ទំនេរឱ្យជួយរៀបចំការ៉ឺឡានៅតាមមុខដីឡូត៍ និងកាត់សំអាតស្មៅ ឬវល្លិដែលដុះទ្រុបទ្រុលក្នុងដីឡូត៍ របស់គាត់ចេញ និងណែនាំទៅការិយាល័យសាធារណការខណ្ឌឱ្យពិនិត្យមើលបញ្ហាមានទឹកដក់នៅតាមគែមចិញ្ចើមផ្លូវ៕
ចែករំលែកព័តមាននេះ