ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី២១ សីហា លោកជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានទី១ក្រុមការងារចុះជួយខេត្តកំពង់ធំ ប្រធានក្រុម និងប្រធានកិត្តិយសចុះជួយការងារស្រុកសន្ទុក អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា អមដំណើរដោយលោកដៀប ពិរី អភិបាលរងខេត្តកំពង់ធំ មន្ត្រីបក្សធនាគារជាតិនៃកម្ពុជា និងមន្ត្រីបក្សស្រុកសន្ទុក និងខេត្តកំពង់ធំ បានអញ្ជើញចូលរួមពិធីផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៦ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជានៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសន្ទុក ខេត្តកំពង់ធំ ។ សមាជិក-សមាជិកាបក្សដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ សរុប៦២៤នាក់ នៅស្រុកសន្ទុក ខេត្តកំពង់ធំ ។ អ្វីដែលគួរឱ្យកត់សម្គាល់គឺសន្និបាតលើកនេះមានការចូលរួមពីយុវជន យុវតីយ៉ាងច្រើន ។
បន្ទាប់ពីលោក ថា យ៉ាវ និងលោក ដៀប ពិរី អានរបាយការណ៍ស្តីពីសភាពការណ៍ និងការងារបក្សឆ្នាំ២០១០ ដើមឆ្នាំ២០១១ និងទិសដៅការងារ ភារកិច្ចចុងឆ្នាំ២០១១ និងឆ្នាំ២០១២ រួចមក លោក ជា ចាន់តូ បានសំណេះសំណាលនិងថ្លែងសុន្ទរកថាបិទសន្និបាតរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ។ ក្នុងកម្មវិធីសំណេះសំណាលនោះ លោក ជា ចាន់តូ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលជានិច្ចកាលតែងតែគិតគូរនិងចែករំលែកទុក្ខលំបាករបស់់ប្រជាពលរដ្ឋដូចជា បានកសាងផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ និងប្រឡាយទឹកជាដើម ។ សម្តេចប្រមុខទាំង៣ គឺជាវីរជន ដែលបានលះបង់អ្វីៗ គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ជាពិសេសបាននាំមកនូវសន្តិភាព១០០% និងការអភិវឌ្ឍជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ។
ក្រោមការដឹកនាំរបស់សម្តេចទាំង៣គណបក្សយើងបានទទួលជ័យជំនះជាបន្តបន្ទាប់ ហើយបានបន្តកសាងសមិទ្ធផលសង្គមសេដ្ឋកិច្ច និងសង្គមជារូបវ័ន្តជាច្រើនជូន ប្រជាជនទូទាំងប្រទេស ដូចជាផ្លូវ ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ ។ល។ ទាំងអស់នេះជាសមិទ្ធផលរួមរបស់់យើងទាំងអស់គ្នា យើងត្រូវរួមគ្នាពង្រឹងថែរក្សា និងអភិរក្សបន្ថែមទៀតទុកជូនកូនចៅជំនាន់ក្រោយរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។ ក្នុងឱកាសនោះ លោកជា ចាន់តូ គណៈអធិបតីនិងក្រុមការងារបានឧបត្ថម្ភថវិកាចំនួន៩.១៤០.០០០រៀល សម្រាប់រៀបចំពិធីជប់លៀងពិសាអាហារសាមគ្គី និងមន្ត្រីគណបក្សស្រុកសន្ទុក ខេត្តកំពង់ធំ ចំនួន១លានរៀល សម្រាប់ការងារមូលដ្ឋាន ៕
ចែករំលែកព័តមាននេះ