រាជធានីភ្នំពេញ ៖ លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងថា ឆ្នាំនេះអត្រាជំងឺគ្រុនឈាមកើនឡើងខ្លាំងជាងឆ្នាំមុន គឺមានកុមារកើតគ្រុនឈាម១.៨៦៧នាក់ និងស្លាប់ចំនួន៤០នាក់ ខណៈដែលឆ្នាំមុនមានអ្នកឈឺជាង៥ពាន់នាក់ និងស្លាប់តែ១១នាក់ប៉ុណ្ណោះ ។ ទោះបីជាយ៉ាងនេះក្តីក្រសួងសុខាភិបាលបានកំណត់ជាគោលការណ៍ឱ្យអត្រាស្លាប់ស្ថិតនៅក្រោមមួយភាគរយប៉ុណ្ណោះនៅក្នុងចំណោមអ្នកជំងឺគ្រុនឈាម ហើយបច្ចុប្បន្នផែនការនេះក្រសួងសុខាភិបាលសម្រេចបានហើយ។
លោកម៉ម ប៊ុនហេង បញ្ជាក់ថា ការធ្វើឱ្យអត្រាជំងឺគ្រុនឈាម និងអត្រាស្លាប់ធ្លាក់ចុះ គឺក្រសួងសុខាភិបាលតែម្នាក់ឯងមិនអាចសម្រេចបានទេ គឺទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋផងដែរ។ ប្រជាពលរដ្ឋត្រូវសំអាតបរិស្ថាននៅក្នុងផ្ទះ ជុំវិញផ្ទះ និងសហគមន៍ឱ្យបានស្អាតល្អកុំឱ្យមានដង្កូវទឹក ទឹកដក់ក្នុងថ្លុក ក្នុងក្រឡ សំបកកង់រថយន្ត ឬត្រឡោក និងសម្ភារបោះចោលដទៃទៀតដែលអាចធ្វើឱ្យមានដង្កូវទឹកបង្កជាមូសខ្លាបាន។ ម្យ៉ាងទៀតឪពុកម្តាយឆាប់បញ្ជូនកូនទៅកាន់មន្ទីរពេទ្យឱ្យបានទាន់ពេលវេលា បើសិនជាឃើញកូនក្តៅខ្លួន ហើយចេះតែដេកសន្លឹម ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយទាំងអស់គួរតែចូលរួមឱ្យបានសស្រាក់សស្រាំផងដែរដើម្បីផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋឱ្យយល់ដឹងដើម្បីចូលរួមទប់ស្កាត់ទាំងអស់គ្នា រួមជាមួយការខិតខំពីគ្រូពេទ្យព្យាបាលផងដែរ ពេលនោះអត្រាឈឺ និងអត្រាស្លាប់នឹងធ្លាក់ចុះក្នុងស្ថានភាពមួយដ៏ល្អប្រសើរ។
លោកម៉ម ប៊ុនហេង ថ្លែងបែបនេះប្រាប់អ្នកកាសែត ខណៈពេលលោកអញ្ជើញទៅសាកសួរសុខទុក្ខដល់ក្រុមគ្រួសារ និងកុមារកើតជំងឺគ្រុនឈាមកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិកាលពីថ្ងៃទី២២ សីហា ។ ក្នុងឱកាសនោះលោកបាននាំយកអំណោយមួយចំនួនរបស់លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាទៅចែកជូនដល់អ្នកជំងឺរួមមានប្រដាប់ក្មេងលេង ស្ករស និងនំដោយចែកជាបន្តបន្ទាប់ហូរហែមិនមែនចែកតែថ្ងៃដែលលោកចុះពិនិត្យស្ថានភាពព្យាបាលជំងឺគ្រុនឈាមនោះទេ ៕
ចែករំលែកព័តមាននេះ