ខេត្តកំពង់ស្ពឺ ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជាបានណែនាំដល់ថ្នាក់ដឹកនាំក្រោមជាតិត្រូវធ្វើការពិនិត្យឲ្យបានច្បាស់លាស់លើការជ្រើសរើសគ្រូបង្រៀនទៅតាមនិយាមឲ្យម៉ឺងម៉ាត់ ខណៈបច្ចុប្បន្នកម្ពុជាក៏មិនខ្វះធនធានមនុស្សនោះដែរ ។

ថ្លែងក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅគ្រូបង្រៀនទូទាំងខេត្តកំពង់ស្ពឺ នៅវិទ្យាល័យឧដុង្គ ស្ថិតនៅភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ក្រុង ឧដុង្គម៉ែជ័យ សម្តេចបវរធិបតី បានមានប្រសាសន៍ថា ត្រូវខិតខំធ្វើយ៉ាងណា ដើម្បីជ្រើសរើសគ្រូបង្រៀនមាននិយាមច្បាស់លាស់ ព្រោះកាលណាមាននិយាមច្បាស់ ហើយការបង្រៀនក៏មានគុណភាព និងប្រសិទ្ធភាពខ្ពស់ផងដែរ ។
រូបតំណាងដោយ AI សម្តេចបវរធិបតី បានគូសបញ្ជាក់ថា ៖«ជំនាញផ្សេងៗការិយាល័យផ្សេងៗ ក្រៅពីគ្រូបង្រៀនប្រគល់សិទ្ធិទៅវិមជ្ឈការចុះ ។ ប៉ុន្តែគ្រូបង្រៀនមួយយ៉ាងហោចណាស់ ក៏ត្រូវមានមន្ទីរ គ្រូកិច្ចសន្យាក៏ដោយ ដើម្បីធានាថា ពួកគាត់ត្រូវបានជ្រើសរើសទៅតាមនិយាមច្បាស់លាស់ ។ យើងទទួលស្គាល់ថា អ្នកនៅតាមខេត្ត តាមស្រុក ពិបាករកអ្នកដូចនៅភ្នំពេញណាស់ ទៅមិនរួចពិបាក ណាស់ ប៉ុន្តែយើងក៏មិនត្រូវឆិនឆៃទាំងស្រុងនោះដែរទេ» ។
ជាមួយគ្នានោះដែរ សម្ដេចបវរធិបតី នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ទៀតថា គុណភាពអប់រំដែលសំខាន់ គឺគ្រូបង្រៀន ទោះបីជាមានសម្ភារៈឧបទេសគ្រប់គ្រាន់នៅក្នុងសាលារៀនក៏ដោយ ប៉ុន្ដែបើមានកង្វះខាតនូវគុណវុឌ្ឍិគ្រូបង្រៀន ក៏មិនអាចផ្ដល់ការអប់រំដល់សិស្សបានដែរ ។
រូបតំណាងដោយAI ដូច្នេះ រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ និងអាណត្តិនេះបានបន្តវិនិយោគលើការបណ្ដុះបណ្ដាលគុណវុឌ្ឍិគ្រូបង្រៀន ។ បន្ថែមពីលើទៀត សម្ដេចធិបតីបញ្ជាក់ទៀតថា គោលដៅចម្បងរបស់រាជរដ្ឋាភិបាល គឺចង់ឲ្យគ្រប់សាលារៀនទាំងអស់មានបំពាក់ឧបករណ៍សិក្សារៀនសូត្រទំនើបៗ ដើម្បីបង្កើនប្រសិទ្ធភាពសិក្សារបស់សិស្ស ព្រោះបច្ចុប្បន្នសាលារៀនភាគច្រើនក៏មានការបំពាក់សម្ភារៈសិក្សាទំនើប និងមានការច្នៃប្រឌិតរួចហើយដែរ ៕
ចែករំលែកព័តមាននេះ