អាមេរិកទម្លាក់ពន្ធកម្ពុជាមកនៅត្រឹម១៩% ខណៈប្រទេស២នៅអាស៊ានរងពន្ធកម្រិតខ្ពស់
សហរដ្ឋអាមេរិក ៖ យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានសិង្ហបុរី Straits Times នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ដោយស្រង់ប្រភពពីគេហទំព័រ Bloomberg…
សហរដ្ឋអាមេរិក ៖ យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានសិង្ហបុរី Straits Times នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ដោយស្រង់ប្រភពពីគេហទំព័រ Bloomberg…
សហរដ្ឋអាមេរិក ៖ យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានសិង្ហបុរី Straits Times នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ដោយស្រង់ប្រភពពីគេហទំព័រ Bloomberg បានឱ្យដឹងថា សហរដ្ឋអាមេរិកបានកំណត់ពន្ធថ្មីលើកចុងក្រោយ ១៩% លើការនាំចូលពីប្រទេសថៃ និងកម្ពុជា ទាបជាងអត្រាចាស់ ៣៦% ដែលនេះជាលទ្ធផលបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ Donald Trump កាលពីខែកក្កដាកន្លងទៅ បានគំរាមបិទកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ លុះត្រាតែបញ្ចប់ការប៉ះទង្គិចគ្នាតាមព្រំដែន។ ចំណែកម៉ាឡេស៊ីដែលជាអាជ្ញាកណ្តាលនៃបទឈប់បាញ់ ក៏ត្រូវបានកំណត់អត្រាពន្ធ ១៩% ដូចគ្នាផងដែរ។
តាមសេចក្តីថ្លែងការណ៍របស់សេតវិមានកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា អត្រាពន្ធថ្មីត្រូវបានបង្ហាញស្របនឹងការប្រកាសរបស់លោក ត្រាំ ដែលថា សហរដ្ឋអាមេរិកនឹងរក្សាអត្រាពន្ធសកលលើប្រទេសមិនជាប់ក្នុងបញ្ជីពន្ធបដិកានៅកម្រិត ១០% ពោលទាបជាងកម្រិតដែលបានគំរាមកំហែងពីមុន ១៥% ឬខ្ពស់ជាងនេះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែសីហា បានបញ្ជាក់លើផេកហ្វេសប៊ុកផ្លូវការថា សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% (គឺថយចុះ ៣០% ប្រៀបធៀបជាមួយអត្រាពន្ធពីដំបូង ៤៩%)។ នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋខ្មែរ និងសេដ្ឋកិច្ចរបស់កម្ពុជាដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ។
ដោយឡែកប្រទេសថៃ នៅថ្ងៃទី១ ខែសីហា បានស្វាគមន៍ពន្ធពាណិជ្ជកម្ម ១៩% ដោយគូសបញ្ជាក់ថាគឺជាជោគជ័យដ៏សំខាន់។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Jirayu Huangsab បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា «វាតំណាងឱ្យវិធីសាស្ត្រឈ្នះ-ឈ្នះ សំដៅរក្សាមូលដ្ឋានការនាំចេញរបស់ថៃ និងស្ថិរភាពសេដ្ឋកិច្ចរយៈពេលវែង»។
ប៉ុន្មានថ្ងៃថ្មីៗនេះ យើងបានឃើញកិច្ចព្រមព្រៀង និងការកំណត់ពន្ធថ្មីចុងក្រោយលើដៃគូពាណិជ្ជកម្មអាមេរិកជាច្រើន ដោយក្នុងនោះព្រមទាំងកិច្ចព្រមព្រៀងជាមួយកូរ៉េខាងត្បូងជាមួយពន្ធ ១៥% ព្រមទាំងអត្រា ២៥% លើទំនិញពីឥណ្ឌា ខណៈដែលពន្ធថ្មីលើដៃគូពាណិជ្ជកម្មអាមេរិក ត្រូវចូលជាធរមាន នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។
ខាងក្រោមនេះជាអត្រាពន្ធ ដែលសហរដ្ឋអាមេរិកបានកែប្រែលើកចុងក្រោយលើប្រទេស អាស៊ាន ដោយស្រង់ទិន្នន័យពីសេតវិមាន ៖
-ប្រទេសកម្ពុជា ១៩%
-ប្រទេសឥណ្ឌូណេស៊ី ១៩%
-ប្រទេសម៉ាឡេស៊ី ១៩%
-ប្រទេសហ្វីលីពីន ១៩%
-ប្រទេសថៃ ១៩%
-ប្រទេសវៀតណាម ២០%
-ប្រទេសព្រុយណេ ២៥%
-ប្រទេសឡាវ ៤០%
-ប្រទេសមីយ៉ាន់ម៉ា ៤០%
ដោយសារតែទំនិញមកពីប្រទេសផ្សេងទៀតដែលមិនបានចុះក្នុងបញ្ជីពន្ធបដិកា ប្រទេសទាំងអស់នោះនឹងត្រូវអាមេរិកយកពន្ធគយ ១០% ដូច្នេះពន្ធលើទំនិញសឹង្ហបុរីដែលនាំចេញទៅកាន់អាមេរិកនៅតែរក្សាបាន ១០%៕
ចែករំលែកព័តមាននេះ