ខេត្តកំពង់ចាម ៖ នៅក្នុងរដូវវស្សាហ៍នេះទឹកទន្លេមេគង្គបានបន្តហោះឡើងធ្វើឲ្យនៅថ្ងៃទី៣១ កក្កដាឆ្នាំ២០២៥ ទឹកទន្លេមានកម្ពស់១២,៧០ម៉ែត្រ គឺទឹកបានហក់ឡើង០,២៨ម៉ែត្រ។ សម្រាប់កម្ពស់ទឹកដែលឱ្យបង្កើនមានការប្រុងប្រយ័ត្នគឺ១៥,២០ម៉ែត ទោះបីមិនទាន់ឡើងដល់កម្រិតនេះក៏ពិតមែន តែបានធ្វើឲ្យទឹកហូរចូលតាមបឹងបួរនានាក្នុងនោះបានលិចដំណាំពោត ដែលបងប្អូនប្រជាកសិករដាំដុះនៅក្នុងស្រុកកំពង់សៀមនិងកោះសូទិន ដោយសារតែប្រមូលផលមិនទាន់។

បើតាមអាជ្ញាធរឃុំកោះសូទិនប្រាប់ឲ្យដឹងថា: ផ្លូវចំនួន៣ខ្សែត្រូវបានទឹកឡើងមកលិចក្នុងនោះមានភូមិទី៣ ភូមិទី៩និងភូមិទី១០ ហើយដំណាំពោតដែលបងប្អូនប្រជាកសិករដាំដុះបានសរុបជាង៧០០ហិកតាក្នុងនោះលិចខូចចំនួន១០៥ហិកតា។ ចំពោះប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរមកក្រុងកំពង់ចាមជួយតាមព្រែកតាឃ្លោកនិងផ្លូវសម្ដេចសាយ ឈុំ ដោយត្រូវឆ្លងទូកដរ។

កសិករឈ្មោះថោ ប៊ុនថន អាយុ៦០ ឆ្នាំរស់នៅភូមិកោះព្រលូង ឃុំកោះមិត្ត ស្រុកកំពង់សៀម ប្រាប់ឲ្យដឹងថា: គាត់បានប្រកបរបរដាំពោតរយៈពេល២០ ទៅ៣០ឆ្នាំមកហើយនៅលើផ្ទៃដីចំនួន ៤ហិកតា ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់គាត់។ ចំពោះពោតដែលដាំជាប្រភេទពូជ៦៩និង៧៩ ប្រភេទផលិតចំណីសត្វដោយក្នុង១ហិកតា ផ្ដល់ទិន្នផលប្រមាណជាង១០តោន។

កសិកររូបនេះបានត្អូញតែថា ពោតរបស់គាត់មកដល់ពេលនេះគឺបានហុចផលជាបណ្ដើរៗហើយ សម្រាប់តម្លៃវិញគឺបានធ្លាក់ចុះក្នុងរង្វង់៥០០ទៅ៦០០រៀលគ្រាប់ពោតដែលបកសំងួតរួចរាល់។
ស្របពេលដែលតម្លៃធ្លាក់ចុះតែមកដល់ពេលនេះមិនទាន់ឃើញមានឈ្មួញកណ្ដាលចុះមកប្រមូលទិញនៅក្នុងភូមិរបស់គាត់ទៀត។

បើថោកហើយគេមិនទិញទៀតនោះនឹងធ្វើឲ្យគាត់រឹតតែខាតបង់ ត្រូវចូលដើមព្រោះថាពូជគ្រាប់ពោតដែលទិញយកមកដាំមួយគីឡូតម្លៃ៣ម៉ឺនរៀល ជាមួយនោះត្រូវប្រើជី ជួលអាត្រាក់គេមកភ្ជួរថែមទៀតគឺមានការចំណាយច្រើន ក្នុងករណីបើឈ្មួញកណ្ដាលអល់ឯកមិនចុះទិញអ្នកភូមិរបស់គាត់ម្នាក់ៗ ខាតបង់ច្រើននិងគ្មានអង្ករច្រកឆ្នាំងក៏ថាបាន។
កសិកររូបនេះបានរំលឹកថានៅឆ្នាំ២០២៤កន្លងទៅ គ្រាប់ពោតអាចលក់បាន១គីឡូតម្លៃ៨០០រៀល ទោះបីមានប៉ុន្មានក៏មិនសល់ដែរគឺគេទិញយកទៅទាំងអស់ ដើម្បីផលិតចំណីសត្វលក់នៅតាមទីផ្សារនានាក្នុងប្រទេសកម្ពុជា។តាមរយៈមុខរបរមួយនេះបានធ្វើឲ្យជីវភាពក្រុមគ្រួសាររបស់គាត់បានប្រសើរមួយកម្រិត ដោយបានឲ្យកូនបួននាក់ក្នុងនោះប្រុសមួយស្រីបីរៀនរហូតដល់ថ្នាក់ឧត្តមសិក្សា។

ចំណែកលោកវ៉ែន នាង មេឃុំកោះមិត្តវិញមានប្រសាសន៍ឲ្យដឹងថា នៅតាមភូមិនានាក្នុងឃុំកោះមិត្តស្រុកកំពង់សៀមបងប្អូនដាំពោតក្រហមបានសរុបចំនួន ៤៩៦ហិកតាក្នុងនោះលិចខូចខាតគិតត្រឹមថ្ងៃទី៣១កក្កដា ចំនួនជាង៥២ហិចតានិងលេិផ្លូវបេតុងប្រវែង៣០០ម៉ែត្រ។
លោកសន សុខ មេឃុំកោះសំរោងវិញមានប្រសាសន៍ហើយដឹងដែរថានៅក្នុងឃុំកោះសំរោង ស្រុកកំពង់សៀម ដែលមានទឹកទន្លេព័ទ្ធជុំវិញ បងប្អូនប្រជាពលរដ្ឋដាំដុះពោតបានសរុប៥៦០ ហិកតាហើយទឹកឡើងមកលិចខូចខាតអស់ចំនួន៣៩១ហិកតា។ផ្លូវសម្រាប់ឆ្លងមកពីមុនតាមជីរោទ៏មកកោះសំរោងឥឡូវនេះត្រូវបង្វែរទិសឆ្លងតាមទូកដរទៅឃុំគៀនជ្រៃវិញ។


ចែករំលែកព័តមាននេះ