រាជធានីភ្នំពេញ ៖ ថ្លែងពីខេត្តកំពង់ស្ពឺ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា កម្ពុជាគ្មានផែនការក្នុងការដកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
(បាក់ឌុប) ចោលឡើយ ខណៈបណ្ដាប្រទេសមួយចំនួន លើពិភពលោក មិនមានការប្រឡងបាក់
ឌុបនោះទេ ។
ការប្រកាសរបស់សម្ដេចបវរធិបតី ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធអគារសិក្សា អគារទីចាត់ការ ផ្ទះស្នាក់នៅគ្រូ និងសមិទ្ធផលនានា ក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥។
ពាក់ព័ន្ធនឹងការពង្រឹងវិស័យអប់រំនៅកម្ពុជាសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ៖
«មានអ្នកខ្លះរហូតគិតថាបាក់ឌុប មិនចាំបាច់ប្រឡងទេ តែខ្ញុំថា ការប្រឡងបាក់ឌុបនេះ ប្រទេសខ្លះអត់មានទេ ប្រឡងបាក់ឌុប ដូចនៅអាមេរិក អត់មានទេប្រឡងបាក់ឌុប គេយកតែពិន្ទុឆមាស ប្រចាំឆ្នាំ គឺឱ្យជាប់។ ប៉ុន្ដែនៅសម្រាប់កម្ពុជា ប្រឡងមួយៗ គឺជាការធ្វើតេស្ដ ដើម្បីកំណត់និយាម ហើយវាយតម្លៃ បូករួមជាមួយ» ។
បើតាមសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើង នៅពេលណាកម្ពុជាធានាបានថា ការអប់រំ តាំងពីថ្នាក់បឋម រហូតដល់មធ្យមសិក្សា ធានានូវគុណភាពមួយដែលថា «មិនបាច់ប្រឡង ក៏យើងធានាបាន ពេលនឹងចាំយើងនិយាយគ្នា»។ ប៉ុន្ដែបើគុណ ភាពការសិក្សានៅមានកម្រិត កម្ពុជានៅតែមានប្រឡងដដែល។
លើសពីនេះសម្ដេចបវរធិបតីបានបន្ថែមថា ការប្រឡងបាក់ឌុបនេះដែរ គឺដើម្បី ជំរុញឱ្យសិស្សា នុសិស្ស ខិតខំរៀនសូត្រ ។ ជាមួយគ្នានោះដែរ សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ទៀតថា «យើងអត់មានផែនការ ក្នុង ការដកបាក់ឌុបចេញទេ ប្រឡងនេះ ដើម្បីធ្វើការឆែក ហើយដើម្បីជំរុញសិស្ស ឱ្យខំ ប្រឹងរៀន»។
គួររំលឹកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៤ មានបេក្ខជន ប្រឡងជាប់ ជាង ១សែននាក់ ស្មើជិត៨០% ខណៈនិទ្ទេស A ជាង ២ពាន់នាក់ និងនិទ្ទេស B ជិត ១ម៉ឺននាក់ ៕
ចែករំលែកព័តមាននេះ