ខេត្តកំពង់ស្ពឺ៖ ទោះបីជាបណ្ដាញប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននានា លើកយកការត្អូញត្អែរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កំពុងរស់នៅជាមួយនឹងផលប៉ះ ពាល់សុខភាព ក្លិនជះចេញពីរោង ចក្រផលិតបារីមួយកន្លែងយ៉ាងណាក៏ដោយក៏អាជ្ញាធរមូលដ្ឋាននៃស្រុកគងពិសីធ្វើមិនដឹងមិនឮនិងមិនមានចំណាត់ការចំពោះទីតាំងដែលបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនោះឡើយ។ ប្រការនេះគឺអាជ្ញាធរមូលដ្ឋាន មិនបានយកបញ្ហារបស់ពួក គាត់ដែលទទូចស្នើសុំ ទៅដោះស្រាយនោះទេ។
ប្រជាពលរដ្ឋម្នាក់ដែលរស់នៅក្បែរទីតាំងផលិតបារីនេះបានឲ្យដឹងថា រោងចក្រផលិតបារីមួយកន្លែងនេះមិនមានឈ្មោះ ឬស្លាកយីហោច្បាស់លាស់នោះទេ (គ្រាន់តែដាក់ផ្លាកថា (សហគ្រាស រោងចក្រ ធុនតូចកែច្នៃសន្លឹកថ្នាំជក់ កោះប៉ែន )។ រោងចក្រផលិតបារី ខាងលើនេះ កំពុងបង្កផលប៉ះពាល់សុខភាព តាមរយៈក្លិនដែលបង្កឲ្យឈឺក្បាល ដល់ប្រជាពលរដ្ឋដែលរស់នៅជិតខាងយ៉ាងខ្លាំងខណៈដែលអាជ្ញាធរក្នុងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងមន្ត្រីជំនាញបរិស្ថានរក្សាភាពស្ងៀម ស្ងាត់ ធ្វើជាមិនដឹងមិនឮអ្វីទាល់តែសោះ។ ប្រជាពលរដ្ឋបានស្នើររកកិច្ចអន្តរាគមន៍ពីប្រធានភូមិនោះដែរ ប៉ុន្តែមិនបានលទ្ធផលអ្វីឡើយ។ ប្រជាពលរដ្ឋនិយាយថា គេឃើញមានអាជ្ញាធរ ចុះទៅទីនោះដែរប៉ុន្តែក្លិនថ្នាំជក់នៅ តែជះមកលើលំនៅដ្ឋានប្រជាពលរដ្ឋដដែល សង្ស័យត្រូវគ្នាអស់ទេដឹង?…ហេ! ហេ!
ប្រជាពលរដ្ឋដែលមានលំនៅឋានក្បែររោងចក្រផលិតបារីខាងលើនេះបានរៀបរាប់នូវការលំបាកនិងទុក្ខកង្វល់ដែលបណ្ដាលមកពីផលប៉ះពាល់សុខភាព ពិបាកដក ដង្ហើម ហើយណែនដើមទ្រូង អ្នកខ្លះធ្លាក់ខ្លួនមានជំងឺជាពិសេសកូនក្មេងតូចៗដែលងាយទទួលរងគ្រោះនូវឥទ្ធិពលក្លិនឆ្នាំជក់ចំហាយចេញពីរោងចក្រ។ ស្ត្រីម្នាក់និយាយថា ពួកគាត់ពិបាកនឹងរស់នៅ មានគ្រួសារខ្លះរហូតជម្លៀសខ្លួនទៅនៅឯតំបន់ផ្សេងៗទៀតផង ដោយស៊ូទ្រាំនិងផលប៉ះពាល់សុខភាពមិនបាន។ ពួកគាត់បានសុំឲ្យអាជ្ញាធរជួយដោះស្រាយដែរ ប៉ុន្តែមិនមានឃើញចំណាត់ការទេ។
ប្រជាពលរដ្ឋនៅទីនោះលើកឡើងថា ពីដំបូងឡើយពួកគាត់នឹក ស្មានថាជារោងចក្រកាត់ដេរ,មិននឹកស្មានទាល់តែសោះថា ជារោងចក្រកែច្នៃឆ្នាំជក់ផលិតបារី ដែលបង្កឲ្យមានផលប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋដែលមានលំនៅឋានជិតខាង។ អ្នកភូមិធ្លាប់បានប្រាប់ទៅប្រធានភូមិឬអនុប្រធានភូមិ អំពីផលប៉ះពាល់និងការលំបាកក្នុងការរស់នៅទ្រាំក្លិនជះចេញពីរោងចក្រផលិតបារីនេះដែរ។ ប៉ុន្តែមិនឃើញមានចំណាត់ ការយ៉ាងណានោះទេ។ គេមិនដឹងថា តើអាជ្ញាធរនៅទី នោះមានបញ្ហាពាក់ព័ន្ធជាមួយម្ចាស់ទីតាំងផលិតបារីនេះយ៉ាងណានោះទេ។
អ្នកភូមិមិនដឹងថា តើទីតាំងខាងលើនេះមានច្បាប់ឬមិនមានច្បាប់នោះទេ។ ប៉ុន្តែអ្វីដែលសំខាន់គឺបញ្ហាក្លិនដែលបក់មកប៉ះចំលំនៅឋានរបស់ពួកគាត់ម្ដងៗធ្វើឲ្យពិបាកទ្រាំ។ អ្នកភូមិមានលំនៅដ្ឋានក្បែរៗ រោងចក្រផលិតបារីខាងលើនេះ សំណូមពរអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ ថ្នាក់ និងមន្ទីរជំនាញ,ក្រសួងបរិស្ថាន ជាពិសេសលោក ជាម ចន្ទសោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ សូមមេត្តាចុះមកពិនិត្យមើលទីតាំងរោងចក្រផលិតបារីខាងលើនេះផង ដើម្បីពួកគាត់ទទួលបាននូវសិទ្ធិរស់នៅដោយភាពសុខសាន្ត,បរិស្ថានល្អប្រសើរ ក្រោមដំបូលសន្តិភាព។
គួររំលឹកផងដែរថា កាលពីរសៀលថ្ងៃអង្គារ ទី១ ខែកក្កដា ឆ្នាំ ២០២៥កន្លងទៅ ដោយទទួលបានការ ចាត់តាំងពីលោកអភិបាលស្រុកគងពិសីនោះ លោក ផាត សុផល និង លោក ញ៉េន មុន្នីរតនៈ អភិបាលរង ស្រុកគងពិសី បានអញ្ជើញដឹកនាំក្រុមការងារ មានការិយាល័យជំនាញ លោកមេឃុំព្រៃវិហារ មេភូមិដំណាក់ពង្រ កម្លាំងអធិការដ្ឋាននគរបាលស្រុក មេប៉ុស្តិ៍ ឃុំព្រៃវិហារ ដើម្បីចុះត្រួតពិនិត្យទីតាំងរោងចក្រធុនតូចកែច្នៃ សន្លឹកថ្នាំជក់កោះប៉ែន ស្ថិតនៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ប៉ុន្តែលទ្ធផលនិងដំណោះស្រាយយ៉ាងណានោះមិន ឃើញរដ្ឋបាលស្រុកគងពិសីបញ្ជាក់ឲ្យដឹងនោះឡើយ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕









ចែករំលែកព័តមាននេះ