ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋប្រមាណជា១៤៣គ្រួសាររស់នៅក្នុងភូមិអូរតាមេង ឃុំអន្លង់វែង ស្រុកអន្លងវែង បាននាំគ្នាធ្វើការរារាំង និងឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុនដាតារាប់ប៊ី ខេមបូឌា ខូអិលធីឌី DATARUBBE Cambodia Co., Ltd. កាលពីព្រឹកថ្ងៃទី២២ សីហា កន្លងទៅ។
តាមព័ត៌មានឱ្យដឹងថា ក្រុមហ៊ុននេះទទួលបានការអនុញ្ញាតលើផ្ទៃដីចំនួន៧,៧០ហិកតា នៅចំណុចតំបន់គ្រប់គ្រងក្នុងដែនជម្រកសត្វព្រៃគូលេនព្រហ្មទេពធ្វើការវិនិយោគអភិវឌ្ឍន៍លើវិស័យដំណាំកសិឧស្សាហកម្ម។ ប្រជាពលរដ្ឋដែលនាំគ្នមកតវ៉ាបានឱ្យកោះសន្តិភាពដឹងថា ការអភិវឌ្ឍន៍របស់ក្រុមហ៊ុន ប្រជាពលរដ្ឋមិនមានការជំទាស់ទេ តែផ្ទៃដីដែលក្រុមហ៊ុននេះបានទទួលមួយផ្នែកបានប៉ះពាល់ទៅលើតំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃគូលេនព្រហ្មទេព ហើយមួយផ្នែកធំមានការប៉ះពាល់ដល់ផ្ទៃដីចំការស្រែរបស់ប្រជាពលរដ្ឋធ្វើឱ្យពួកគាត់បាត់បង់ដីស្រែចំការ ទើបប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអូរតាមេងចំនួន១៤៣គ្រួសារ កើតទុកមិនសុខចិត្តបាននាំគ្នាតវ៉ាឱ្យអាជ្ញាធរជួយដោះស្រាយ និងនាំគ្នាធ្វើការរារាំងដល់គ្រឿងចក្ររបស់ក្រុមហ៊ុនមិនឱ្យដំណើរការតទៅទៀតដោយរង់ចាំការដោះស្រាយជាមុន។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ទីតាំងដែលក្រុមហ៊ុនកំពុងឈូសឆាយនេះ ជាដែនជម្រកសត្វព្រៃគូលេនព្រហ្មទេពកន្លងមកព្រៃនេះ គឺជាតំបន់ព្រៃស្រោងមិនមែនជាតំបន់ព្រៃរិចរិលទេ និងមានសត្វព្រៃរស់នៅទីនោះគ្រប់ប្រភេទ។ រីឯប្រជាពលរដ្ឋរស់នៅក្នុងភូមិអូរតាមមេងបានចូលទៅរកវល្លិ៍ផ្តៅផ្សិត និងថ្នាំបុរាណ ជ័រទឹក ដែលជាអនុផលព្រៃឈើយកទៅលក់ដោះដូរជាថវិកាដើម្បីចិញ្ចឹមជីវិត។ តែបច្ចុប្បន្នពួកគាត់អស់សង្ឃឹមដោយដីចំការស្រែត្រូវក្រុមហ៊ុនរំលោភយកហើយព្រៃឈើស្រោងដែលពួកគាត់អាស្រ័យអនុផលក៏ត្រូវរលាយទៀត ដូច្នេះមានតែប្រមុខរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ទេទើបអាចជួយដោះស្រាយបាន។
លោកវ៉ាត ប៉ារ៉ានីន នាយកសាលាខេត្តបានឱ្យដឹងថា ក្រុមហ៊ុនដែលស្របច្បាប់ធ្វើការអភិវឌ្ឍន៍ទៅលើតំបន់គ្រប់គ្រងដែនដីជម្រកសត្វព្រៃគូលេនព្រហ្មទេព ទៅជាតំបន់កសិឧស្សាហកម្មនោះក្រៅពីក្រុមយហ៊ុនដាតារាប់ប៊ី នៅមានក្រុមហ៊ុនទឹមរីងហប់មួយទៀត ដែលមានផ្ទៃដីទាំងពីរទីតាំងចំនួន១៥.០០០ហិកតា។ លោកបានបញ្ជាក់ថា ក្នុងផ្ទៃដីរបស់ក្រុមហ៊ុនទាំងពីរ គឺពិតជាមានការប៉ះពាល់ទៅលើផ្ទៃដីស្រែរបស់ប្រជាពលរដ្ឋមួយចំនួនមែន តែលោកនឹងបង្កើតជាគណៈកម្មការមួយ ដើម្បីដោះស្រាយដោយឈរលើគោលការណ៍ឈ្នះ=ឈ្នះជូនប្រជាពលរដ្ឋនាពេលខាងមុខនេះ។
មន្ត្រីបម្រើការងារក្នុងខេត្តសុំមិនបញ្ចេញឈ្មោះបានឱ្យកោះសន្តិភាពដឹងថា តាមការសង្កេតផ្ទៃដីក្នុងខេត្តឧត្តរមានជ័យ គឺក្រុមហ៊ុនជាច្រើនបានធ្វើការអភិវឌ្ឍន៍ផ្នែកកសិឧស្សាហកម្មស្ទើរតែរកដីឱ្យប្រជាពលរដ្ឋប្រកបមុខរបរធ្វើស្រែចំការពុំបានព្រោះថា ទីណាក៏ជាផ្ទៃដីរបស់ក្រុមហ៊ុនទាំងអស់ សូម្បីតែជម្រកសត្វព្រៃ តំបន់ព្រៃស្រោងក៏ក្រុមហ៊ុនទទួលបានការអភិវឌ្ឍធ្វើឱ្យបាត់បង់អនុផលព្រៃឈើដែលប្រជាពលរដ្ឋធ្លាប់រកទទួលទានជារៀងរាល់ឆ្នាំ។ បញ្ហាទាំងនេះ ក៏ព្រោះតែក្រុមហ៊ុនមួយចំនួនបានដាក់សំណើរសុំទៅរាជរដ្ឋាភិបាលថា ជាតំបន់ព្រៃរិចរិល តែតាមការពិតជាតំបន់ព្រៃស្រោង និងជាតំបន់សត្វព្រៃរស់នៅគ្រប់ប្រភេទ៕
ចែករំលែកព័តមាននេះ