រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិបញ្ជាក់ថា ប្រាសាទតាក្របីជារបស់កម្ពុជា និងបដិសេធដាច់អហង្ការដែលថៃអះអាងថា ប្រាសាទតាក្របីជារបស់ខ្លួន ។ ក្រសួងការពារជាតិកម្ពុជា នៅយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ បានអះអាងចំនួន៦ចំណុចបំភ្លឺដល់ភាគីថៃ ។

១-កម្ពុជាបដិសេធដាច់អហង្ការ ចំពោះការអះអាងរបស់សារព័ត៌មាន ទាហាន និងប្រជាជនថៃមួយចំនួន ដែលបានលើកឡើងថា ប្រាសាទតាក្របីស្ថិតក្នុងអធិបតេយ្យរបស់ខ្លួន គឺជាការបំភ្លៃ និងបំភ័ន្តខុសពីការពិតទាំងស្រុង ដោយសារភាគីថៃបានប្រើប្រាស់ និងសំអាងលើផែនទីដែលគូសជាឯកតោភាគី និងគ្មានតម្លៃតាមផ្លូវច្បាប់ ។
២-កម្ពុជាសូមបញ្ជាក់សាជាថ្មីថា ប្រាសាទតាក្របីដែលស្ថិតក្នុងភូមិសាស្ត្រ មានទីតាំងស្ថិតនៅលើភ្នំដងរែក ភូមិមនោរម្យសែនជ័យ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ គឺស្ថិតក្នុងបូរណភាពទឹកដី និងអធិបតេយ្យទាំងស្រុងរបស់កម្ពុជា ដោយផ្អែកលើផែនទីស្របច្បាប់ដែលអន្តរជាតិទទួលស្គាល់ ។ បើចង់ដឹងច្បាស់ថា ប្រាសាទតាក្របីនេះជាកម្មសិទ្ធិរបស់អ្នកណា ភាគីថៃត្រូវចូលរួមជាមួយកម្ពុជាក្នុងការដោះស្រាយករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។
៣-ទាហានថៃបានហាមមិនឱ្យប្រជាជនកម្ពុជាប្រើប្រាស់ក្រមាបង់ក រចនារូបទង់ជាតិកម្ពុជាតូចមួយ ស្របពេលដែលអនុញ្ញាតឱ្យប្រជាជនថៃខ្លួនឯងប្រើប្រាស់អាវ និងពាក់របស់របរផ្សេងៗ មានរូបទង់ជាតិថៃយ៉ាងសន្ធឹកសន្ធាប់ ។ ទង្វើនេះជាការបំពានលើកិច្ចព្រមព្រៀង ដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមកទាំងស្រុង ។
៤-ប្រជាជនកម្ពុជាមានសិទ្ធិស្លៀកសម្លៀកបំពាក់ និងប្រើប្រាស់សម្ភារៈដែលមានរចនារូបទង់ជាតិកម្ពុជាបាន ពេលទៅទស្សនាប្រាសាទតាក្របី ព្រោះចំណុចនេះមិនបានបំពានកិច្ចព្រមព្រៀងឡើយ ។
៥-អ្នកទេសចរជនជាតិថៃម្នាក់ បានផ្ទុះកំហឹងចង់ប្រើប្រាស់អំពើហិង្សាមកលើអ្នកទេសចរកម្ពុជា ដែលកំពុងពន្យល់ដោយលើកហេតុផលត្រឹមត្រូវ និងគ្រាន់តែនិយាយថា ប្រាសាទតាក្របីនេះនៅក្នុងទឹកដីកម្ពុជាទាំងស្រុង ហើយសួរថា ហេតុអ្វីបានជាប្រជាជនថៃប្រើរូបទង់ជាតិបាន បែរជាមកហាមប្រជាជនកម្ពុជា ។
៦-កម្ពុជានៅតែបន្តអនុវត្តកិច្ចព្រមព្រៀងនេះដោយម៉ឺងម៉ាត់ និងការទទួលខុសត្រូវខ្ពស់ ក្នុងនាមជាមិត្តជិតខាងល្អ ។ ភាគីថៃត្រូវគោរពតាមកិច្ចព្រមព្រៀង ដែលបានឯកភាពគ្នាហើយនេះឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងបង្កឱ្យមានភាពតានតឹង ឬឧប្បត្តិហេតុណាមួយ ដែលភាគីទាំងពីរសុទ្ធតែមិនចង់ឃើញ ។ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ទាក់ទិនការចេញចូលទស្សនាប្រាសាទតាមាន់ធំ ក្រសួងការពារជាតិក៏បានលើកឡើងថា ភាគីថៃមិនបានគោរពកិច្ចព្រមព្រៀងដែលមានស្រាប់ឱ្យបានពេញលេញ ស្មោះត្រង់នោះទេ ។
ការបញ្ជាក់របស់ក្រសួងការពារជាតិកម្ពុជានេះ ធ្វើឡើងក្រោយពីមានហេតុការណ៍ប៉ះទង្គិចពាក្យសម្តីគ្នារវាងកងទ័ពកម្ពុជានិងថៃ នៅតំបន់ប្រាសាទតាមាន់ធំ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ។ ជាការប៉ះទង្គិចបង្កឡើងដោយភាគីថៃ នាំអ្នកទេសចររបស់ខ្លួនចំនួន១០០នាក់ ឡើងទៅលើប្រាសាទតាមាន់ធំហួសម៉ោងកំណត់ ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងការពារជាតិ តាមរយៈអ្នកនាំពាក្យបានបញ្ជាក់ថា ប្រាសាទតាមាន់ធំ ត្រូវបិទការឡើងទស្សនានៅម៉ោង៣រសៀល តាមកិច្ចព្រមព្រៀងរវាងភាគីទាំងពីរកម្ពុជា-ថៃ ។ ប៉ុន្តែនៅម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ភាគីថៃបាននាំទេសចររបស់ខ្លួនប្រមាណ១០០នាក់ ក្នុងនោះក៏មានអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ និងប្រធានគណបក្សភុំចៃថៃឡើងទៅលើប្រាសាទផងដែរ ។
ក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា ភាគីថៃពុំបានប្រាប់ពីសកម្មភាពទាំងនេះមកភាគីកម្ពុជាជាមុនឡើយ ដែលជាហេតុនាំឱ្យមានការប៉ះទង្គិចពាក្យសម្តីគ្នារវាងកងទ័ពកម្ពុជា និងថៃ ។ ក្នុងន័យនេះ កម្ពុជារំឭកឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងដែលមានស្រាប់ឱ្យបានពេញលេញ ស្មោះត្រង់ និងជៀសវាងការបំភ័ន្តការពិត ។
បើតាមក្រសួងការពារជាតិ ភាគីកម្ពុជាបានសម្របសម្រួលឧបទ្ទេវហេតុនេះ និងមិនបានបង្កឱ្យមានការផ្ទុះអំពើហិង្សាឡើយ ។ ជាមួយនេះក្រសួងការពារជាតិ បានច្រានចោលជុំវិញការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយថៃ ដែលបានលាបពណ៌កម្ពុជា និងអំពាវនាវឱ្យសារព័ត៌មានក្នុងស្រុកថៃទាំងអស់ ត្រូវបញ្ឍប់ការចុះផ្សាយព័ត៌មានបង្កាច់បង្ខូចកម្ពុជា ក្នុងនោះរួមមានការផ្សាយព័ត៌មានមិនពិត ឬបំភ្លៃជាដើម ។
សូមរំឭកថា សារព័ត៌មាន Khaosod នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ បានចុះផ្សាយជុំវិញការប៉ះទង្គិចពាក្យសម្តីនៅប្រាសាទតាមាន់ធំថា ភាគីកម្ពុជាបានព្រមានយ៉ាងខ្លាំងឱ្យភ្ញៀវទេសចរថៃចាកចេញពីតំបន់ប្រាសាទតាមាន់នៅមុនម៉ោង៣រសៀល ដែលធ្វើឱ្យភ្ញៀវទេសចរថៃផ្អើល និងត្រូវការអន្តរាគមន៍ពីកងទ័ពថៃ ។ សារព័ត៌មានថៃដដែល បានស្រង់សម្តីលោក Winthai Suwaree អ្នកនាំពាក្យកងទ័ពថៃ នៅថ្ងៃទី២ ខែកក្កដា ថា ថៃនៅបន្តតាមដានតំបន់ប្រាសាទតាមាន់ និងរក្សាវិធីសាស្ត្រសម្របសម្រួលដោយសន្តិវិធី ៕
ចែករំលែកព័តមាននេះ