ខេត្តកំពង់ឆ្នាំង ៖ រថយន្តកាមរីឆ្លាមដឹកឈើគ្រញូង២គ្រឿងត្រូវបានមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើសហការជាមួយផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើធ្វើការដេញសា្ទក់ចាប់បាន ខណៈពេលដែលមន្ត្រីជំនាញបានយករថយន្ត៦គ្រឿងប្រដេញរហូតកៀរគ្នាបុករះដើមឈើ និងធ្លាក់ចេញពីផ្លូវជាតិ ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២២ សីហា នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិក្រាំងស្វាយ ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ។
លោកនូវ ប៉ោលីន នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បាននិយាយថា លោកបានដឹកនាំកម្លាំងខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើប្រមាណជាង១០នាក់ រថយន្តចំនួន៦គ្រឿង ក្នុងការបង្ក្រាបយា៉ងក្តៅគគុកនេះ ប៉ុន្តែទោះយា៉ងណារថយន្តមន្ត្រីរបស់លោកមួយគ្រឿងបានខូចខ្ទេចទាំងស្រុង ខណៈដែលបើកកៀបរថយន្តដឹកឈើទាំងពីរគ្រឿងនេះ ។ ចំណែករថយន្តកាមរីឆ្លាមដឹកឈើ១គ្រេឿងក៏បានខូចខ្ទេចទាំងស្រុងដែរ ព្រោះបានធ្លាក់ចេញពីថ្នល់ជាតិ ហើយទៅបុកនឹងដើមឈើ ប៉ុន្តែអ្នកបើកបរបានពោងសុវត្ថិភាពជួយទើបគ្រាន់តែរបួសស្រាល ហើយរត់គេចខ្លួនបាត់ ។ រថយន្តកាមរីឆ្លាមដឹកឈើទាំងពីរគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2L-3125 និងមួយគ្រឿងទៀតពាក់ស្លាកលេខភ្នំពេញ 2I-9716 ។ ក្រោយពីការរាប់ឈើគ្រញូងទាំងពីររថយន្តនោះឃើញមានចំនួន២៣២ដុំ ស្មើនឹង៧៩២គីឡូក្រាម ឬ០,៦៥៩ម៉ែត្រគូប ។
មានការកត់សម្គាល់ថា ប៉ុន្មានថ្ងៃកន្លងមកនេះ សមត្ថកិច្ចជំនាញបានប្រឹងប្រែងបង្ក្រាបបទល្មើសដឹកឈើគ្រញូងតាមផ្លូវជាតិយ៉ាងសកម្ម និងហ៊ានប្តូរបុកកៀររថយន្តគ្នាទៀតដើម្បីចាប់រថយន្តដឹកបទល្មើសព្រៃឈើឱ្យបាន៕
ចែករំលែកព័តមាននេះ