ខេត្តកំពង់ឆ្នាំង ៖ សារព័ត៌មានកោះសន្តិភាពធ្លាប់បានចុះផ្សាយរួចមកហើយក្នុងច្បាប់លេខ៧៣៣៣ ថ្ងៃទី៦-៧ សីហា ឆ្នាំ២០១១ ស្តីពីនារីក្រមុំសរសៃប្រសាទម្នាក់ត្រូវបានម្តាយឪពុកយកទៅសម្រាកព្យាបាលនៅផ្ទះគ្រូខ្មែរ ហើយគ្រូខ្មែរនោះរំលោភនាងរហូតមានផ្ទៃពោះ៥ខែ ទើបបែកការណ៍ ។ មកដល់បច្ចុប្បន្នជនល្មើសនៅពុំទាន់បានចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់នៅឡើយទេ ចំណែកឯនារីរងគ្រោះពេលនេះនាងសម្រាលបានកូនប្រុសមួយហើយ នៅឯមន្ទីរពេទ្យខេត្ត ។
តាមការរៀបរាប់របស់ស្ត្រីជាម្តាយឈ្មោះមុត គីមសួរ អាយុ៥២ឆ្នាំ មានទីលំនៅភូមិល្បើក ឃុំខុនរ៉ង ស្រុកបរិបូណ៌ បានឱ្យដឹងថា កូនស្រីគាត់ ដែលត្រូវគ្រូខ្មែរម្នាក់នោះចាប់រំលោភរហូតមានផ្ទៃពោះនោះបានកើតកូនប្រុសមួយកាលពីល្ងាចថ្ងៃទី២០ សីហា ។ ក្នុងការសម្រាកនៅមន្ទីរពេទ្យ បានអង្គការរ៉ាក់ជាអ្នកចេញថ្លៃសោហ៊ុយទាំងអស់ និងឧបត្ថម្ភបន្ថែម២ដុល្លារក្នុងមួយថ្ងៃទៀត សម្រាប់រូបគាត់ជាម្តាយដែលនៅមើលថែទាំកូន ។ កូនស្រីគាត់អាយុ២៨ឆ្នាំដែលមានជំងឺសរសៃប្រសាទនេះ ពេលសម្រាលកូនហើយគឺមិនចង់ឱ្យកូនបៅទេ ហើយពេលបំបៅកូនម្តងៗរកតែបោះកូនចោល ។ អ្វីដែលគួរឱ្យអាណិតនោះ គឺនាងដឹងខ្លះ មិនដឹងខ្លះ និយាយរួមគឺមិនចេះមើលថែកូនទេ តែបានគាត់ជាម្តាយនៅមើលថែជំនួស និងជួយលើកដាក់ឱ្យបៅដោះម្តាយដែលមានស្មារតីមិនសូវល្អ ។
សូមរំលឹកថា នាងក្រមុំមានជំងឺសរសៃប្រសាទរូបនេះបានត្រូវម្តាយយកទៅព្យាបាលជាមួយគ្រូខ្មែរម្នាក់ឈ្មោះផាន ភាព អាយុ៥៦ឆ្នាំ នៅភូមិកំពង់អួរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ហើយត្រូវគ្រូខ្មែរម្នាក់នេះរំលោភរហូតមានផ្ទៃពោះ៥ខែ ទើបបែកការណ៍ ។ ក្រោយមកម្តាយរបស់នាងបានដាក់ពាក្យប្តឹងទៅតុលាការ តែជននេះដឹងខ្លួនក៏នាំប្រពន្ធកូនរត់បាត់ចោលផ្ទះសម្បែងរហូតដល់សព្វថ្ងៃ ។ ចំណែកឯសំណុំរឿងត្រូវបានលោកព្រះរាជអាជ្ញាចោទប្រកាន់គ្រូខ្មែរនោះហើយ និងកំពុងស្ថិតនៅក្នុងដៃចៅក្រម ។ ក្រុមគ្រួសារជនរងគ្រោះសំណូមពរដល់តុលាការសូមឆាប់ចេញដីកាចាប់ខ្លួនគ្រូបោកនោះមកផ្តន្ទាទោសឱ្យបានឆាប់ ៕
ចែករំលែកព័តមាននេះ