កីឡាករអេស្ប៉ាញប៉ាប្លូ ឡាស្ត្រាហ្គាស្យ៉ាបាន សម្តែងនូវក្តីរីករាយជាខ្លាំងបន្ទាប់ពីបានយកឈ្នះដំណាក់ទី៣ប្រណាំងកង់នៅលើទឹកដីកំណើតរបស់ខ្លួនកម្មវិធី Tour of Spain កាលពីថ្ងៃចន្ទទី២២ខែសីហាកន្លងមក។ ការប្រណាំងក្នុងដំណាក់នេះត្រូវបានបញ្ចប់នៅទីក្រុង Totana ។
ឡាស្ត្រាហ្គាស្យ៉ាដែលជាអ្នកជិះកង់ឱ្យក្រុម Movistar Team បានយកឈ្នះដំណាក់ដែលមានចម្ងាយផ្លូវ១៦៤គីឡូម៉ែត្រចេញដំណើរពីទីក្រុងPetrerឆ្ពោះទៅកាន់ទីក្រុងTotana ប្រទេសអេស្ប៉ាញដោយប្រើអស់ថិរវេលា៣ម៉ោងនិង៥៨នាទីយកឈ្នះកីឡាករបារាំងស៊ីលវ៉ាំង សាវ៉ាណែលជិះឲ្យក្រុម Quickstep Cycling Team ដែលបានប្រើថិរវេលាច្រើនជាង១៥វិនាទីនិងបានយកឈ្នះកីឡាករមិត្តរួមជាតិខ្លួន Markel Irizar Aranburu ជិះឱ្យក្រុមTeam RadioShack ដែលបានប្រើថិរវេលាស្មើគ្នានឹងកីឡាករសាវ៉ាណែល។
ថ្លែងបន្ទាប់ពីទទួលបានជ័យជម្នះកីឡាករឡាស្ត្រាហ្គាស្ប៉ា បានបញ្ជាក់ថា៖ «នេះគឺជាលើកទី៦ហើយដែលខ្ញុំបានចូលរួមការប្រណាំងនេះ។ ខ្ញុំគិតថាវាដល់វេនខ្ញុំឈ្នះម្តងហើយ។ នេះគឺជាជ័យជម្នះដ៏រឹងមាំដែលស័ក្តិសមបំផុត»។ ជ័យជម្នះលើកនេះសម្រាប់កីឡាករឡាស្ត្រាហ្គាស្យ៉ាគឺពិតជាមានន័យខ្លាំងណាស់ដ្បិតវាបានជួយឲ្យរូបគេនាំមុខនៅលើតារាងថិរវេលាសរុបទៀតផង។
ឆ្លងកាត់ការប្រណាំងចំនួន៣ដំណាក់មកនេះ កីឡាករឡាស្ត្រាហ្គាស្យ៉ាបានប្រើអស់ថិរវេលាតិចជាងគេបំផុតគឺ៨ម៉ោង២៥នាទី និង៥៩វិនាទីនាំមុខកីឡាករបារាំងសាវ៉ាណែលដែលបានប្រើថិរវេលាច្រើនជាង២០វិនាទីនិងឈ្នះកីឡាករកីឡាករអេស្ប៉ាញ Aranburu ដែលបានប្រើថិរវេលាច្រើនជាង១នាទី និង៨វិនាទី ។
សូមបញ្ជាក់ថាការប្រណាំងកម្មវិធី Tour of Spainឆ្នាំនេះចែកចេញជា២១ដំណាក់និងមានចម្ងាយផ្លូវសរុប៣.៣០០គីឡូម៉ែត្រ។ ដោយឡែកដំណាក់ទី៤ដែលជាដំណាក់បន្តមានចម្ងាយផ្លូវ១៧២គីឡូម៉ែត្រចេញដំណើរពីទីក្រុង Baza ឆ្ពោះទៅកាន់ទីក្រុងSierra Nevada ប្រទេសអេស្ប៉ាញ។ គួរកត់សម្គាល់ផងដែរថា ការប្រណាំងលើកទី៦៦ឆ្នាំនេះពុំមានវត្តមានកីឡាករល្បីឈ្មោះក្នុងលោកដូចជាអាល់បឺតូ កុងតាឌ័រ កាដែល អេវែននិងកីឡាករបងប្អូនត្រកូល Schleck នោះចូលរួមទេ ៕
ចែករំលែកព័តមាននេះ