រាជធានីភ្នំពេញ ៖ អគារសិក្សាមួយខ្នងរបស់មជ្ឈមណ្ឌលគរុកោសល្យភូមិភាគរាជធានីភ្នំពេញ ស្ថិតនៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បានដួលរលំទាំងជំហរ កាលពីវេលាម៉ោង៤នាទីរសៀលថ្ងៃទី២២ សីហា ដោយសារតែភាពចាស់ទ្រុឌទ្រោម។ ទោះបីជាយ៉ាងណា ពុំបង្កឱ្យមានមនុស្សរងរបួសឡើយ។
តាមលោកសាស្ត្រាចារ្យជ័យ សយ្យនា នាយកមជ្ឈមណ្ឌលគរុកោសល្យភូមិភាគរាជធានីបានឱ្យដឹងថា អគារដែលដួលរលំនោះធ្វើអំពីឈើប្រក់ក្បឿង មានចំនួន៥បន្ទប់ បណ្តោយប្រវែង៤០ម៉ែត្រគុណ១០ម៉ែត្រ ជាអគារចាស់ក្នុងចំណោមអគារចាស់ៗចំនួន៥ខ្នង ដែលកសាងតាំងពីអំឡុងឆ្នាំ១៩៨៥មកម៉្លេះ។
លោកនាយកមជ្ឈមណ្ឌលរូបនោះបានបន្តទៀតថា កាលពីវិស្សមកាលឆ្នាំកន្លងមក មានសិស្សរៀនគួរ នៅក្នុងអគារនេះ តែសំណាងល្អ ឆ្នាំនេះពុំមានសិស្សរៀនឡើយ បើសិនមានសិស្សរៀនច្បាស់ជាមានគ្រោះថ្នាក់ធ្ងន់ធ្ងរមិនខាន។
ដោយឃើញសភាពអគារចាស់ទ្រុឌទ្រោមបែបនេះ កាលពី២ឆ្នាំមុន លោកបានស្នើសុំទៅមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ ដើម្បីរុះរើចេញផងដែរ ចៀសវាងគ្រោះថ្នាក់ ជាយថាហេតុណាមួយ តែមិនមានការឆ្លើយតប ទាល់តែមានការដួលរលំនៅពេលនេះតែម្តង ៕
ចែករំលែកព័តមាននេះ