រាជធានីភ្នំពេញ ៖ មន្ត្រីនគរបាលនាយកដ្ឋានអង្គរក្សម្នាក់ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២១ សីហា ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីឃាត់ខ្លួន ខណៈស្រវឹងធ្លាក់ភ្នែកផ្ទុះអាវុធ១គ្រាប់ ពេលចេញពីហាងផឹកស៊ីបណ្តាលឱ្យផ្អើលសមត្ថកិច្ច។ នគរបាលនៅនាយកដ្ឋានអង្គរក្សដែលប៉េអឹមចាប់ខ្លួននោះឈ្មោះកែវ ពៅរដ្ឋា ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខ៥៣ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌមានជ័យ។
តាមព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថរាជធានីឱ្យដឹងថា នៅវេលាម៉ោងខាងលើឈ្មោះកែវ ពៅរដ្ឋា បានផឹកស្រវឹងរួចជិះម៉ូតូ C125 ពណ៌ខ្មៅ ១គ្រឿងស៊េរី២០១១ ពាក់ស្លាកលេខន.ប៨៨៦៨ទៅដល់មុខហាងបុប្ផាជាយដែនផ្លូវលេខ៩៩ សង្កាត់ផ្សារដើមថ្កូវ ស្រាប់តែផ្ទុះអាវុធ១គ្រាប់ ដោយកាំភ្លើងម៉ាក CF981 ដើម។ ប្រភពបន្តថា មូលហេតុបណ្តាលឱ្យមានការផ្ទុះអាវុធនេះឈ្មោះកែវ ពៅរដ្ឋា បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា មុនផ្ទុះអាវុធគេ និងមិត្តភក្តិ៦ទៅ៧បានផឹកស្រាបៀរ ABC នៅហាងបុប្ផាជាយដែនអស់ជាច្រើនកំប៉ុង។ លុះដល់ម៉ោងជាង៨ ពួកគេនាំគ្នាចេញទៅផ្ទះ ពេលចេញផុតពីហាងបន្តិចស្រាប់តែមិត្តភក្តិម្នាក់និយាយចំអកដាក់ខ្លួនថា មើលឯងខ្លាំងបាញ់១គ្រាប់មើល៍ពេលនោះខ្លួនក៏ដកកាំភ្លើងខ្លីពីចង្កេះបាញ់ផូងតែម្តង ដើម្បីបញ្ជាក់ថា ខ្លួនពិតជាខ្លាំងមិនណយ។
ពេលបាញ់រួចនាំគ្នាជិះម៉ូតូរហូតដល់ផ្សារដេប៉ូមុខហាងវិចិត្រសម្បត្តិក៏ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌ៧មករា និងទួលគោកឃាត់ខ្លួនតែម្តង។ ក្រោយពីឃាត់ខ្លួនរូបគេត្រូវបានបញ្ជូនទៅកាន់ការិយាល័យសន្តិសុខនៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោមុំ ភិរម្យ ប្រធានការិយាល័យសន្តិសុខកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ឈ្មោះកែវ ពៅរដ្ឋា ពិតជាមន្ត្រីនគរបាលនាយកដ្ឋានអង្គរក្សមែន ហើយអាវុធដែលគេបានប្រើផ្ទុះ១គ្រាប់នោះពិតជាមានច្បាប់ទម្លាប់ត្រឹមត្រូវ។ លោកមុំ ភរិម្យ បន្តថា អាវុធមានច្បាប់មែន ប៉ុន្តែអ្នកកាន់អាវុធមានចេតនាឱ្យផ្ទុះដើម្បីបង្កការភ្ញាក់ផ្អើលតាមផ្លូវសាធារណៈត្រូវទទួលពិន័យតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ